អភិបាល​រាជធានី​ស្នើ​ឲ្យ​ក្រុមហ៊ុន​ដែល​ដេញថ្លៃ​បាន ត្រូវអនុវត្ត​ការងារ​ឲ្យ​ត្រឹមត្រូវ​តាម​បច្ចេកទេស​

322

(​ភ្នំពេញ​) ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានស្នើ​ឲ្យ​ក្រុមហ៊ុន អ្នកម៉ៅការ​ទាំងឡាយ​ដែល​ដេញ​គម្រោង​បាន​ពីសា​លា​​រាជធានី​ភ្នំពេញ ត្រូវអនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស ដែល​ចុះកិច្ចសន្យា​ជាមួយគ្នា​។​


​ ​
​ការលើកឡើង​បែបនេះ គឺ​នៅ​ព្រឹក​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៧​នេះ គ្រា​ដែល​លោក​បាន​អញ្ជើញ បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​៣៥១​ចាប់ពី​ផ្លូវ​​ជាតិ​លេខ​១​ដល់ ផ្លូវ​ចេ​ត​ស៊ី​ណាត់ ដោយ​ឆ្លងកាត់​សង្កាត់​២ គឺ​សង្កាត់ និរោធ និង​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ដែលមាន​ប្រវែង ១២៧២​ម៉ែត្រ ទទឹង​៨​ម៉ែត្រ កំរាស់ ២០​សង់ទីម៉ែត្រ និង​ដាក់លូ​ទំហំ​១.៥​ម៉ែត្រ ក្នុង​សាច់​ផ្លូវ ដើម្បី​រំដោះ​ទឹកភ្លៀង តាម​ការស្នើសុំ​របស់​​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង មូលដ្ឋាន​។​
​ ​
​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា “​ក្រុមហ៊ុន​ក៏ដោយ អ្នកម៉ៅការ​ក៏ដោយ ដេញថ្លៃ​បាន​ពី​សាលា​រាជធានី​ភ្នំពេញ​មក​ធ្វើ​គម្រោង​នេះ​ ជូន​សាលា​រាជធានី​ភ្នំពេញ ហើយ​យកលុយ​សាលា​រាជធានី​ភ្នំពេញ យកលុយ​មក​ធ្វើ​ឲ្យ​ប្រជាជន មិនមែន​គាត់​មកជួយ​ដោយ​ទ្រព្យសម្បត្តិ​​របស់គាត់​ទេ ដូច្នេះ​មក​ធ្វើ​ដោយ​សុទ្ធចិត្ត ធ្វើ​ដោយ​ត្រឹមត្រូវ តាម​បទដ្ឋាន​បច្ចេកទេស ដែល​បាន​ចុះកិច្ចសន្យា​ជាមួយគ្នា ។​ប្រជាជន​ក៏​​ត្រូវ​ចូលរួម​ជាមួយ​អាជ្ញាធរ ដើម្បី​ត្រួត​ពិនិត្យមើល​ក្រុមហ៊ុន​ណឹ​ង​ធ្វើ​ត្រឹមត្រូវ​អត់​? ធ្វើ​មាន​គុណភាព​អត់​?” ។​
​ ​
​លោក​បន្តថា “​ខុសត្រូវ​យ៉ាងណា អាជ្ញាធរ​ខណ្ឌ​ត្រូវមាន​ចំណែក ក្នុង​បញ្ហា​ត្រូវ​ត្រួតពិនិត្យ បញ្ហា​នេះ បូករួម ជាមួយ​ប្រជាពលរដ្ឋ​ហើយ​សាលា​​ខណ្ឌ​ត្រូវមាន Hotline បើ​ចាំ​គាត់​សរសេរ​សំបុត្រ​យូរណាស់ យើង​១​ខែ​បើក​ម្តង​ឬ​កន្លះ​ខែ​បើក​ម្តង​ចឹ​ង​ហើយ​ត្រូវមាន​Hotline​ជូន​ប្រជា​​ប្រជាពលរដ្ឋ គាត់​ឃើញ​ការខុសឆ្គង​ចឹ​ង គាត់​តេ​ប្រាប់​យើង​ភ្លាម យើង​ទៅ​អន្តរាគមន៍​ភ្លាម ធ្វើយ៉ាងណា​អនុវត្ត​គោលនយោបាយ​រាជ​​រដ្ឋាភិបាល​ឲ្យ​បាន ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​អនុសាសន៍​របស់​សម្តេច តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា មន្ត្រី រាជការ​គ្រប់​លំដាប់ថ្នាក់ នៅ​ថ្នាក់ក្រោម​ជាតិ ក៏​ដូច​ថ្នាក់ជាតិ ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ ជា​ខ្ញុំបម្រើ​ប្រជាពលរដ្ឋ​” ។​
​ ​
​ក្នុងនោះ​ដែល លោក​អភិបាល ក៏បាន​ឲ្យ​អាជ្ញាធរ​ខណ្ឌ មុន​នឹងដាក់​ការដ្ឋាន អាជ្ញាធរ​ខណ្ឌ​តាម​មូលដ្ឋាន ត្រូវ​ផ្តល់ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​ ដែលមាន​ផ្ទះ​តាម​បណ្តោយ​ផ្លូវ ដែល​សាងសង់​ដើម្បី​ប្រជាពលរដ្ឋ បានដឹង​នឹង​ត្រៀមលក្ខណៈ​ក្នុងការ​បញ្ចៀស​ការជាប់​គាំង​ចំពោះ​​បញ្ហា​ណាមួយ​៕​ដោយ​៖​វិបុល​/sn