អភិបាល​រាជធានី​៖​ជំរុញ​ការផ្តល់សេវា​នៅ​អង្គភាព​ច្រកចេញចូល​តែមួយ​នៅ​រដ្ឋបាល​រាជធានី​, ជូន​ប្រជាពលរដ្ឋ ឆ្លើយតប បាន​ទាន់ពេលវេលា​

832
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ កាលពី​រសៀល​ថ្ងៃ​អង្គារ ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​សាកល្បង របស់​អង្គភាព​ច្រកចេញចូល​តែមួយ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​គោលនយោបាយ​រាជរដ្ឋាភិបាល ក្នុងការ​បង្ខិត​សេវា​រដ្ឋបាល​ឲ្យ​កាន់តែ​កៀក​ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​តម្លាភាព និង​ឆាប់រហ័ស​ទាន់ពេលវេលា​។​
​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​នោះ​ថា​៖​អភិបាល​រាជធានី​ភ្នំពេញ​បានលើកឡើង​ថា អង្គភាព​ច្រកចេញចូល​តែមួយ គឺជា​យន្តការ​ថ្មី​មួយ ដែលជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដើម្បី​ជំរុញ​ការផ្តល់សេវា​ដល់​សាធារណៈ ពិសេស​សេវា​ចាំបាច់ ឱ្យបាន​ទាន់ពេលវេលា​ជូន​ប្រជាពលរដ្ឋ ក្នុងការ​កាត់បន្ថយ​ការ​ថ្នាំងថ្នាក់ និង​កាត់បន្ថយ​ការយក​សេវា​កម្រៃ​ក្រៅផ្លូវការ​ច្រើន ក្រៅពី​ច្បាប់​បានកំណត់​។​
​អ្នកនាំពាក្យ បាន​ថ្លែងបន្តថា​៖ ក្នុង​កិច្ចប្រជុំ​នោះ លោក​អភិបាល​បាន​ស្តាប់​របាយការណ៍ របស់​លោកស្រី​ប្រធាន​ច្រកចេញចូល​តែមួយ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏ដូចជា ការលើកឡើង​របស់​ម​ន្ត្រី​ជំនាញ​ពាក់ព័ន្ធ ដើម្បីឱ្យ​ការអនុវត្ត​ការងារ​ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព និង​អាច​ទុកចិត្តបាន​។​លោក ម៉េ​ត មាស​ភក្តី បានបញ្ជាក់​ទៀតថា​៖ លោក ឃួ​ង ស្រេង ក៏បាន​ដាក់ចេញ​នូវ​ផែនការ​មួយចំនួន​បន្ថែមទៀត ពាក់ព័ន្ធ​នឹង​នីតិវិធី​ផ្តល់​សេវា​នេះ ដល់​ខណ្ឌ​ទាំងអស់ ក៏ដូចជា​មន្ទីរ ដើម្បី​បន្ត​ផ្សព្វផ្សាយ​ដល់​មន្ត្រី​ថ្នាក់ក្រោម សម្រាប់​អនុវត្តន៍​កិច្ចការ​នេះ ឱ្យបាន​យល់​ពី​ការផ្តល់សេវា ដើម្បី​ធ្វើយ៉ាងណា​ជំ​រុញឱ្យ​ការផ្តល់សេវា ជូន​ប្រជាពលរដ្ឋ​ឆ្លើយតប បាន​ទាន់ពេលវេលា ដែល​បាន​កំណត់ដោយ​ច្បាប់ សម្រាប់​ការផ្តល់សេវា​នីមួយៗ​។​
​គួរ​បញ្ជាក់ថា​៖ អង្គភាព​ច្រកចេញចូល​តែមួយ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​ពីរ គឺ​ជួរមុខ ជា​អ្នក​អនុវត្តន៍​កិច្ចការ​ផ្នែក​រដ្ឋបាល និង​ជួរ​ក្រោយ នៅក្នុង​នេះ​ផ្ទាល់ និង​មន្ទីរ​ដែនដី​នគរូបនីយកម្ម និង​សំណង់​រាជធានី​ភ្នំពេញ និង​ទីចាត់ការ​ដែល​ពាក់ព័ន្ធ​។ នៅក្នុង​អង្គភាព​នេះដែរ ក៏មាន​១២​វិស័យ​សម្រាប់​រៀបចំ​សេវា​ជូន​ពលរដ្ឋ ដែល​ក្នុង​ផ្តោត​សំខាន់​លើ​វិស័យ​សូ​រិ​យោ​ដី និង​សាធារណការ ដែលមាន​ការពាក់ព័ន្ធ​ច្រើន ក្នុង​កិច្ច​ការបម្រើ​ជូន​ពលរដ្ឋ​ចំពោះមុខ ដើម្បី​ដំណើរការ​ឯកសារ តាំងពីដើម​រហូតដល់​ចប់ តាមរយៈ​ច្រកចេញចូល​តែមួយ​នេះ​។ ការ​ដំណើរ​កិច្ច​ការផ្តល់សេវា​កម្មនេះ មាន​ភាពស្មុគស្មាញ និង​ត្រូវការ​ពេលវេលា ដើម្បី​រៀបចំ​ឯកសារ តាម​ការស្នើសុំ​របស់​ប្រជាពលរដ្ឋ ដែល​បានស្នើ​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​។ មន្ត្រី​ទាំងអស់​បាននិងកំពុង​បម្រើការ ដោយ​យកចិត្តទុកដាក់ និង​ប្រឹងប្រែង អនុវត្តន៍​ឱ្យបាន​តាម​ការកំណត់ នៃ​ច្បាប់​ជា​ធរមាន​៕