អភិបាល​រាជធានី​៖​ណែនាំ​អាជ្ញាធរ​ខណ្ឌ​ជាប់​ដង​ទន្លេ ,​ត្រូវ​ត្រៀមលក្ខណៈ​ឱ្យបាន​គ្រប់គ្រាន់​ជួយសង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ​ដោយ​ទឹកជំនន់​

444
ចែករម្លែក

 

​ដោយ​៖​រ៉ា​ម៉ន​

 

​ភ្នំពេញ​៖​លោក​អភិ​រាជធានី​ភ្នំពេញ​បានដាក់​បញ្ជា​និង​ណែនាំ​ដល់​អាជ្ញាធរ​និង​សមត្ថកិច្ច​គ្រប់ផ្នែក​ក្នុង​ខណ្ឌ​ដែលមាន​ភូមិសាស្ត្រ​នៅជាប់​ដង​ទន្លេមេគង្គ និង​ទន្លេសាប​ត្រូវ​យកចិត្តទុកដាក់ ត្រៀមលក្ខណៈ​ឱ្យបាន​គ្រប់គ្រាន់​ក្នុងការ​ជួយសង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ​ពិសេស​ប្រជាពលរដ្ឋ​ដែលមាន​លំនៅដ្ឋាន​នៅតាម​ដង​ទន្លេ ហើយ​ការណែនាំ​នេះ​ស្រប​ពេលដែល​ទឹកជំនន់​ទន្លេ​នៅតែ​ជា​បញ្ហា​ប្រឈម​នូវឡើយ​នោះ ។​

​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានដាក់​បញ្ជា​បែបនេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែសីហា នេះ​នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បានឱ្យដឹង​នៅក្រោយ​កិច្ចប្រជុំ​នេះ​ថា​៖ ក្នុង​កិច្ចប្រជុំ​នោះ អភិបាល​រាជធានី​លោក​ឃួ​ង ស្រេង​បាន​មានប្រសាសន៍ថា បញ្ហា​ទឹកជំនន់​ទន្លេ គឺជា​កង្វល់​មួយ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ  ដែល​ទាមទារ​ឱ្យមាន​ការយកចិត្តទុកដាក់ ពី​អាជ្ញាធរ​គ្រប់ផ្នែក ពិសេស​បញ្ហា​បាក់​ច្រាំងទន្លេ ដោយ​ត្រូវ​ត្រៀមលក្ខណៈ​ឱ្យបាន​ល្អ សម្រាប់​ចាត់វិធានការ​បន្ទាន់ នៅពេល​មាន​ករណី​ណាមួយ​កើតឡើង ត្រូវ​ធានាបាន​ក្នុងការ​សង្គ្រោះ​អាយុជីវិត ឬ បង្ការ​មិនឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត របស់​ប្រជាពលរដ្ឋ​នោះឡើយ គឺ​ត្រូវ​ចុះ​តាមដាន នូវ​ស្ថានភាព​ទឹកជា​ប្រចាំ ពិសេស​ខណ្ឌ​ដែល​នៅតាម​ដង​ទន្លេ​។​បើទោះបី​ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ​នៅ​មិនមាន​ការគំរាមកំហែង​ដល់​រាជធានី​ភ្នំពេញ​ក៏ដោយ​ក៏ត្រូវ​តាមដាន​ជាប្រចាំ​ដែរ​។​

​ក្នុង​កិច្ចប្រជុំ​នោះដែរ លោក​អភិបាល​រាជធានី​បានស្នើ​ឱ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ផ្តល់​សេវាសាធារណៈ​នៅ តាម​ច្រកចេញចូល​តែមួយ ត្រូវតែ​យកចិត្តទុកដាក់​ឱ្យបាន​ខ្ពស់ ក្នុង​ការផ្តល់​សេវាកម្ម ជូន​ប្រជាពលរដ្ឋ តាម​គោលការណ៍​ណែនាំ នៅ​គ្រប់​សង្កាត់ ដោយ​មិនឱ្យ​មានការ​រាំងស្ទះ​ណាមួយ ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មានការ​ថ្នាំងថ្នាក់​នោះទេ​។​លោក​អភិបាល​រាជធានី​ក្នុងនាម​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បញ្ហា​សំរាម​ក៏ត្រូវ​បាន​លើក​យកមក​ជជែក​ព្រោះ​ជា​បញ្ហា​ប្រឈម​មួយ​ក្នុងចំណោម​បញ្ហា​ដទៃទៀត​ដើម្បី​ជាការ​រំលឹក​ដល់​ដាស់តឿន​ដល់​គ្រប់ភាគី​ពាក់​ព​ន្ធ័ ក៏ដូចជា​ការផ្សព្វផ្សាយ​អប់រំ​ពាក់​ព​ន្ធ័​នឹង​ការយល់ដឹង​ពី​ផលប៉ះពាល់​ដោយសារ​សំរាម និង​ចូលរួម​វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​។ ក្នុងនោះដែរ​លោក​អភិបាល​រាជធានី​ក៏បាន​ស្នើឱ្យ ស្នងការ​នគរបាល ចេញ​សេចក្តីជូនដំណឹង​ឱ្យ​គ្រប់​យានយន្ត​ទាំងអស់ ជាពិសេស​ចំពោះ​ម៉ូតូ​កង់​បី ឱ្យទៅ​ចុះបញ្ជី​ដោយ​ទុក​រយៈពេល​សមស្រប​ណាមួយ ដើម្បី​គ្រប់គ្រង​ឱ្យបាន​គត់​មុត នៅពេល​មាន​ករណី​ណាមួយ​កើតឡើង​៕