អភិបាល​រាជធានី​៖ ជំ​រុញឱ្យ​អាជ្ញាធរ​,​មន្ទីរ​ពាក់ព័ន្ធ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​លឿន​និង​ទាន់ពេល​នៅក្នុង​អាណត្តិ​ទី​៦​នៃ​រដ្ឋាភិបាល​ថ្មី​

459
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ លោក​អភិបាល​រាជធានី​ភ្នំពេញ បាន ជំ​រុញឱ្យ​អាជ្ញាធរ​និង​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ផ្តល់​សេវា​គ្រប់​ប្រភេទ ជូន​ប្រជាពលរដ្ឋ​អោយបាន​លឿន​និង​ទាន់ពេលវេលា សម្រាប់​អាណត្តិ​ទី​៦​របស់​រដ្ឋាភិបាល​ថ្មី​នេះ​ដោយសារតែ​ប្រជាពលរដ្ឋ​បាន​បោះឆ្នោត​គាំទ្រ រាជរដ្ឋាភិបាល​ថ្មី​នេះ រហូតដល់​១២៥​កៅអី​។​
​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ជំរុញ​បែបនេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​០៥ កញ្ញា​២០១៨ នៅ​សាលា​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី អាជ្ញាធរ​ដែនដី មន្ទីរ​ពាក់ព័ន្ធ​និង​កម្លាំង​មាន​សមត្ថកិច្ច​ប៉ូលីស​មូលដ្ឋាន​ទាំងអស់​ចំណុះអោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រមាណ​៤០០​នាក់​។​
ក្នុងឱកាស​នោះ​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា ដើម្បីអោយ​ប្រជា​ប្រជាពលរដ្ឋ​គាំទ្រ​យើង យើង​ត្រូវធ្វើ​អី​ខ្លះ​ជូន​ពួកគាត់ មាន​ទាំង ប៉ូលីស ម៉េ​អ៊ឹម ខណ្ឌ សង្កាត់ មានន័យថា យើង​ត្រូវ​បំរើ​ពួកគាត់​ទៅតាម​តួនាទី ដែល​យើង​ជួយ​គាត់​បាន ។ លោក​បញ្ជាក់ថា ការផ្តល់សេវា​យឺតយ៉ាវ ត្រូវតែ​បញ្ចប់ ដើម្បី​បង្កើន​ការទុកចិត្ត​ពី​ប្រជាពលរដ្ឋ ។ ក្នុងនាម​យើង​ជា​អ្នកបំរើ ត្រូវ​បំរើ​រាស្ត្រ​អោយ​រាស្ត្រ​ពេញចិត្ត សៀវភៅ​គ្រួសារ អត្តសញ្ញាណប័ណ្ណ ពន្ធ​ប្រថាប់ត្រា ការផ្ទេរ​ផ្ទូរ​អចលនទ្រព្យ​ជាដើម ត្រូវតែ​ផ្តល់ជូន​និង​ជួយ​សម្រួល​អោយ​ពួកគាត់​បាន​លឿន​និង​ទាន់ពេល ។​លោក​អភិបាល​រាជធានី​បន្តថា​៖ ការលើកលែង​ការបង់​ព័ន្ធ​ប្រថាប់ត្រា ច្រើនដង​មក​នៅតែ​ម្តងនេះ វា​បាន​ដល់​ណា​ហើយ ហើយ​ពួកគាត់​បានធ្វើ​ហើយ​ឬ​នៅ បើ​ដឹងថា​នៅ ត្រូវ​ប្រាប់​គាត់​និង​សម្រួល​ការងារ​នេះ​ជូន​គាត់ ព្រោះថា​នៅ​ថ្ងៃទី​៣១ ធ្នូ ២០១៨​ខាងមុខនេះ វា​នឹង​ហួសការ​កំណត់​នៃ​ការលើកលែង​ការបង់ពន្ធ​នេះហើយ ។ បើ​យើង​បំរើ​ចំ​គោលដៅ ដែល​ពួកគាត់​ចង់បាន នោះ​គាត់​លេង​និយាយ​អាក្រក់​ពី​យើង​ហើយ​។​
​ជាមួយគ្នា​នោះ​លោក សារិន វណ្ណា ប្រធាន​មន្ទីរ​ដែនដី រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​ឱ្យដឹងថា មន្ទីរ​ដែនដី បានធ្វើការ គ្រប់​វិស័យ ជាការ​ងារ​អន្តរ​វិស័យ ដោយ​យើង​ជា​អ្នកបំរើ​ប្រជាពលរដ្ឋ​ត្រូវ​បំរើ​ប្រជាពលរដ្ឋ​ហើយ ។ លោក​ប្រធាន​បានបញ្ជាក់​ផងដែរ​ថា​៖ មុន​និង​ក្រោយ ការបោះឆ្នោត យើង​បានធ្វើ​ការងារ​ជាច្រើន​ដើម្បី​បំរើសេវា​ជូន​ប្រជាពលរដ្ឋ ដែល​មកដល់ពេលនេះ​បានផ្តល់​ជូន​បណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន ១២៣៧​ក្បាលដី​ហើយ ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​មធ្យម​កំរិត​ទៀប ទៅជា​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​មធ្យម​កំរិត​ខ្ពស់​។ នេះ​ក៏​ជា​ចំណុច​ល្អ​មួយ​ដែរ ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ​បោះឆ្នោត​ជូន​រហូតដល់​បាន​១២៥​កៅ​កី ។​
លោក​បន្តទៀតថា​៖ ក្នុងចំណោម​បុរី​ទាំង​១៨៩​បុរី​នៅក្នុង​រាជធានី​ពេញ មន្ទីរ​បាន​ជំរុញ​ឱ្យធ្វើ​បណ្ណ​កម្មសិទ្ធិ បាន​មួយចំនួន​ហើយ មួយចំនួនទៀត​នៅ​មិនទាន់​ធ្វើ ដូច្នេះ​យើង​ត្រូវ​រួមគ្នា​ធ្វើ ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ​និង​បង្កើត​ប្រាក់ចំណូល​ពន្ធ​ចូល​រដ្ឋ​ផងដែរ​។​
​លោក​សារិន វណ្ណា ក៏បាន​ជំរុញ​ឱ្យ​ខណ្ឌ​ទាំងអស់ កំណត់​ដែនដី​របស់ខ្លួន​គ្រប់គ្រង​អោយបាន​ច្បាស់លាស់ រវាង​ដី​របស់​រដ្ឋ​និង​ដីឯកជន​ជៀសវាង ការធ្វើ​ប្លង់​រួចហើយ នៅតែ​ខុស​៕

#