អភិបាល​រាជធានី​៖ អង្គ​បោះឆ្នោតក្រុមប្រឹក្សា​ខណ្ឌ​និង​រាជធានី បាន​ដំណើរការ​ទៅដោយ​រលូន

927
ចែករម្លែក

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: ប្រទេស​កម្ពុជា​នៅ​ថ្ងៃអាទិត្យ​ទី​២៦​ឧសភា​នេះ បាន​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​.​ខេត្ត ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ​ទូទាំងប្រទេស តាម​កាលបរិច្ឆេត​រប​ស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ក្រោយពី​បាន​ដំណើរការ​ឃោសនា​រក​សំឡេងគាំទ្រ​របស់​គណបក្ស​នយោបាយ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោតក្រុមប្រឹក្សា​អស់​រយៈពេល​៨​ថ្ងៃ​កន្លងទៅ​។​

​ដោយឡែក​នៅក្នុង​រាជធានី​ភ្នំពេញ នា​មណ្ឌលបោះឆ្នោត​វិទ្យាល័យ​ព្រះ​យុគន្ធរ គេ​សង្កេតឃើញ​លោក នុត សុខុម អនុប្រធាន គ​.​ជ​.​ប និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងនាម​អាជ្ញាធរ​ដែនដី បាន​អញ្ជើញ​ទៅ​ពិនិត្យមើល​ស្ថានភាព និង​ដំណើរការ​នៃ​ការបោះឆ្នោត​ក៏ដូចជា​បរិយាកាស​បោះឆ្នោត និង​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុងពេល​បោះឆ្នោត​ផងដែរ នៅ​ការិយាល័យ​បោះឆ្នោត​លេខ​០០១៣​។​

​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ជាតិ​និង​អន្តរជាតិ លោក ឃួ​ង ស្រេង បានលើកឡើង​ពី​ការការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​នៅ​រាជធានី​ភ្នំពេញ ដោយបាន​បង្ហា​យ​មោទនៈភាព​លើ​សភាពការណ៍ និង​បរិយាកាស នៃ​ការបោះឆ្នោត​បាន​ប្រ​ព្រឹទ្ធ​ទៅដោយ​សេរី ត្រឹមត្រូវ​និង​យុត្តិធម៌ ពុំមាន​បាតុភាព​ណាមួយ​កើតឡើង​ឡើយ​។ លោក​អភិបាល​បាន​មានប្រសាសន៍​លើ​ឡើង​ទៀតថា​៖ ថ្ងៃនេះ ជា​ថ្ងៃ​ពិសេស​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ខណ្ឌ ក្រុង រាជធានី​។ ការងារ​នេះ ក្នុងនាម​អាជ្ញាធរ​ដែនដី អនុវត្តតាម​ការណែនាំ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​តាមរ​យៈ​ក្រសួងមហាផ្ទៃ គឺ​អាជ្ញាធរ​ដែនដី​បានធ្វើ​ការងារ​ធំៗ មួយ​ចំនូ​ន​ធំ ពាក់ព័ន្ធ​នឹង​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ពិសេស​ទៅដល់​អង្គ​បោះឆ្នោត​ទាំងមូល​។ ជាក់ស្តែង​ថ្ងៃនេះ អង្គ​បោះឆ្នោត​បាន​ដំណើរការ​ទៅដោយ​រលូន ដោយ​ថ្ងៃនេះ ជា​ថ្ងៃ​ដែល​យើង​បាន​រិត​បន្តឹង​លើ​ផ្នែក​សន្តិសុខ​ជាង​ថ្ងៃ​ធម្មតា​។ បានន័យថា រាល់ថ្ងៃ​យើង​បាន​រិត​បន្តឹង​មាន​សន្តិសុខ​ល្អប្រសើរ​ហើយ ប៉ុន្តែ​ថ្ងៃនេះ​យើង​រិត​បន្តឹង​អោយបាន​ខ្លាំង​ឡើង​បន្ថែមទៀត​។ ដូច្នេះ​បញ្ហា​សន្តិសុខ មិនមាន​បញ្ហា​អ្វីដែល​រំខាន​ទៅដល់​ការបោះឆ្នោត​នោះទេ​។​

​លោក​ឃួ​ង ស្រេង បាន​បន្តថា​៖ នៅ​ភ្នំពេញ​មាន​ការិយាល័យ​បោះឆ្នោត​ចំនូ​ន​១៤​ការិយាល័យ ដោយ​យើង​មាន​១៤​ខណ្ឌ ហើយ​អង្គ​បោះឆ្នោត​ត្រូវ​បោះ​ចំនួន​២​សន្លឹក ក្នុងនោះ​បោះឆ្នោត​ថា្នក់​ខណ្ឌ​មួយ​សន្លឹក​និង​បោះឆ្នោត​ថ្នាក់​រាជធានី​មួយ​សន្លឹក ដោយមាន​សមាជិក​ជា​អង្គ​នោះ​ឆ្នោត​ចំនួន​៨៩៩​រូប​។​

​ក្នុងនោះដែរ លោក ហង្ស ពុទ្ធា សមាជិក គ ជ ប និង ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​មានប្រសាសន៍​អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩​នេះ​ថា សម្រាប់​ទិដ្ឋភាព​ជារួម​នៃ​ដំណើរការ ការិយាល័យ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ នា​ព្រឹក​នេះ គឺ​ដំណើរការ​យ៉ាង​រលូន ដោយ​ការិយាល័យ​ភាគច្រើន នៅ​ទូទាំងប្រទេស​បើក​ដំណើរការ​បោះឆ្នោត នៅ​ម៉ោង​៧​និង​០០​នាទី​ព្រឹក​។​

​អ្នកនាំពាក្យ​រួម​នេះ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា សកម្មភាព​នៅ​ការិយាល័យ​បោះឆ្នោត ទាំង​ការបង្ហាញ​សន្លឹកឆ្នោត​រហូតដល់​ត​ម្រ​ង់​ជួរ និង​ការបោះឆ្នោត នៅ​ទូទាំងប្រទេស​ជារួម បាន​ដំណើរការ​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ការិយាល័យ​ភាគច្រើន​បាន​បើកទ្វារ​នៅ​ម៉ោង​៧​ព្រឹក​គត់​។​

​ដោយឡែក​មន្ត្រី​គ ជ ប បានឱ្យដឹងថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​.​ខេត្ត​.​ក្រុង​.​ស្រុក​.​ខណ្ឌ​អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ សមាជិក​ក្រុម ប្រឹក្សា ត្រូវបាន​ជ្រើសរើស​ឡើង​ដោយ​ការបោះឆ្នោត​អសកល មិន​ចំពោះ​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌​តាម​វិធី​បោះឆ្នោត​ជាសម្ងាត់​។ សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​ក្នុង​មុខតំណែង​គឺជា​អង្គ​បោះឆ្នោត​។​

​សូម​ជំរាប​ថា នៅ​រាជធានី​ភ្នំពេញ​មាន​គណបក្សនយោបាយ​ចំនួន​៦ បាន​ចុះបញ្ជី​គណបក្សនយោបាយ និង​បេក្ខជន​ឈរឈ្មោះ ក្នុងនោះ​មណ្ឌល​រាជធានី​ភ្នំពេញ​មាន​បេក្ខជន​សរុប​ចំនួន​២៧៤​រូប ស្រី មាន​ចំនួន​១១៥​រូប និង​មណ្ឌល​ខណ្ឌ​ទាំង​១៤​មាន​បេក្ខជន​សរុប​១៣៤៣​រូប ស្រី​៥៣៧​រូប​។​ចំណែក​គណបក្សនយោបាយ​ទាំង​៦​ដែល​ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ រួមមាន​គណបក្ស​ប្រជាជន​កម្ពុជា​, គណបក្ស​យុ​ជនកម្ពុជា​, គណបក្ស​ឆ​ន្ទះ​ខ្មែរ​, គណបក្ស​ខ្មែរ​រួបរួម​ជាតិ​, គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​សញ្ជាតិ​ក​ម្ពុ​ជា​។ គណបក្ស​នីមួយៗ បានដាក់​បេក្ខជន​របស់ខ្លួន​តាម​មណ្ឌល​នានា តាម​លទ្ធភាព​របស់ខ្លួន​។​

​តាម​ការវាយតំ​លៃ​រប​ស់ គជប គឺ​តាំងពី​ចាប់ដំណើរការ​ឃោសនាបោះឆ្នោត​រហូតដល់​ថ្ងៃ​បោះឆ្នោត គឺ​បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​បរិយាកាស​ល្អប្រសើរ និង​ដោយ​រលូន​ធានាបាន​ភាពត្រឹមត្រូវ សេរី យុត្តិធម៌​ស្របតាម​គោល​ការ លិ​ទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។​ជាមួយគ្នានេះ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ បានដាក់​ចេញ​នូវ​ផែនការ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​របៀប​រៀប រយ​សាធារណៈ​ទូទាំង​រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​ធានា​ឲ្យ​ការបោះ ឆ្នោត​ប្រព្រឹត្តទៅ​ប្រកបដោយ​បរិយាកាស​ស្ងប់ស្ងាត់ និង​រៀបរយ​ល្អ​។ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​.​ខេត្ត​.​ក្រុង​.​ស្រុក​.​ខណ្ឌ​អាណត្តិ​ទី​៣​បាន​ប្រព្រឹត្តទៅ​ក្រោម​ការពិនិត្យ និង​សង្កេត​ការ​ណ៏​ពី​អង្គការ​សង្គម​ស៊ីវិល ស្ថាប​ន័​ឯករាជ និង​តំណាង​គណបក្សនយោបាយ ក៏​ដូច​អ្នក​សារពត៌មាន​រាប់ពាន់នាក់​។​ការ បោះឆ្នោត​បានចាប់ផ្តើម​ពី​ម៉ោង​៧​ព្រឹក​រហូតដល់​ម៉ោង​១៥​រសៀល​ថ្ងៃអាទិត្យ​ទី​២៦​ឧសភា​៕ ល​