អភិបាល​រាជធានី និង​ប្រធាន​ក្រុមប្រឹក្សា នាំ​ទៀនវស្សា ប្រគេន​ព្រះសង្ឃ ចំនួន​១៨​វត្ត​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​

812
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី ,​លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​រួមជាមួយ​លោក​អភិបាលរង​រាជធានី​លោក​អភិបាលខណ្ឌ​និង​អភិបាលរងខណ្ឌ​មន្ត្រីក្រោមឱវាទ​និង​អាជ្ញាធរ​ដែនដី បាន​នាំយក​ទៀនវស្សា ប្រេងកាត​និង​ទេ​យ្យ​វត្ត​មួយចំនួន​ទៅ​ប្រគេន​ដល់​ព្រះសង្ឃ​គង់នៅ​ក្នុង​វត្ត​ចំនួន​១៨​នៅក្នុង​ខណ្ឌ​ព្រែក​ព្នៅ​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ២០១៨​នេះ​ខណៈដែល​នៅសល់​តែង​៥​ថ្ងៃ​ទៀត​ប៉ុណ្ណោះ បុណ្យ​ចូលកាន់​ព្រះវស្សា​នឹង​ឈានចូល​មកដល់ ស្រប​ជា​មូ​យ​នឹង​ពិធីបុណ្យ​តាមបែប​ព្រះពុទ្ធសាសនា​នេះ ។​
​មន្ត្រីរដ្ឋបាល​រាជធានី​បានឱ្យដឹងថា​៖​ទៀនវស្សា ប្រេងកាត​និង​ទេ​យ្យ​វត្ត​មួយចំនួន ដែល​បាន​ប្រគេន​ដល់​ព្រះសង្ឃ​គង់នៅ​ក្នុង​វត្ត​ចំនួន​១៨​នេះ ក្នុង​មួយ​វត្តៗ ទទួលបាន​បច្ច័យ​១០​ម៉ឺន​រៀល ទៀនវស្សា​១​គូ សាដក​១​កញ្ចប់ អង្ករ ចំនួន​១០០​គីឡូក្រាម ប្រេង​មួយ​កាន​ចំណុះ​៣០​លីត្រ ស្កស​១​បាវ​ទំងន់​២៥​គី​ឡួ​ក្រាម ទឹកដោះគោ​ចំនួន​១​កេស ៤៨​កំប៉ុង ទឹកក្រូច​២​កេស ទឹកបរិសុទ្ធ​២​កេស មី​២​កេស​។​
​ពាក់ព័ន្ធ​នឹង​បុណ្យ​ចូលកាន់​ព្រះវស្សា នឹងត្រូវ​ធ្វើឡើង ក្នុង​រយៈពេល​៣​ខែ ហើយ​ក្នុង​រយៈពេល​នេះ​ព្រះសង្ឃ​គ្រប់​អង្គ ត្រូវការ​ភ្លើង​បំភ្លឺ ដើម្បី​សិក្សា​រៀនសូត្រ​ខាង​ព្រះពុទ្ធសាសនា ហើយ​ត្រូវការ​ទេយ្យវត្ថុ​ផ្សេងៗ សម្រាប់​ផ្គត់ផ្គង់​តាម​វត្ត​នីមួយៗ ព្រោះ​រយៈពេល​ចូល​វស្សា គឺជា​រដូវភ្លៀង ព្រះសង្ឃ​ពិបាក​ក្នុង​និមន្ត​បិណ្ឌបាត​នៅតាម​ទី​ដ៏​ទៃ​។ ដូចនេះ ទៀន​ព្រះវស្សា និង​ទេយ្យវត្ថុ​ផ្សេងៗ ដែល​នឹងត្រូវ​វេរ​ប្រគេន​ព្រះសង្ឃ គឺជា​ការចាំបាច់​បំផុត ជា​ទាន​ដ៏​ប្រពៃ ទទួលបាន​នូវ​បុណ្យ​កុសល​ពេញ​ដោយ​បរិបូរណ៍​តាម​ជំនឿ​។​បច្ចុប្បន្ន​ទូទាំង​រាជធានី​ភ្នំពេញ​មាន​វត្ត​ចំនួន​១៥០​វត្ត មាន​ព្រះសង្ឃ​ជាង​៥០០០​អង្គ​ទាំង​មហានិកាយ និង​ធម្មយុត្តិកនិកាយ​។​
​គួរ​បញ្ជាក់ថា​៖ ពិធី​ចូលកាន់​ព្រះវស្សា មាន​រយៈ​៣​ខែ ដោយ​ចាប់​ពីថ្ងៃ​១​រោច​ខែ​ទុតិយាសាឍ ត្រូវ​នឹង​ថ្ងៃទី​២៨​ខែកក្កដា រហូតដល់​ថ្ងៃ​១៥​កើត​ខែអស្សុជ ត្រូវ​នឹង​ថ្ងៃទី​២៤​ខែតុលា​ឆ្នាំ​២០១៨៕

#