អយ្យ​, ឧគ្ឃោសនា​, ឧបករណ៍​, អាជីព​, តំណាប់​, តំណាង​, ដំណុស​, ដំណុះ

296
ចែករម្លែក

​ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​អយ្យ អ័យ​-​យ៉ៈ បា​.; សំ​. ( ន​. ) (​ដូចគ្នា​នឹង អរិយ​; អាយ៌​) អ្នកមាន​ត្រកូល​ខ្ពង់ខ្ពស់​; អ្នក​ដែល​គេ​ត្រូវគោរព​កោតខ្លាច​; ម្ចាស់​; លោក​ឬ​អ្នកជា​ម្ចាស់​; អ្នក​ប្រសើរ​ដោយ​ជាតិ (​បើ​ស្ត្រី​ជា អយ្យា​, អ​. ថ​. អ័យ​-​យ៉ា​) ។ អយ្យការ​ឈ្មោះ​ច្បាប់​មួយ​ក្រម​មាន​គតិ​សម្រាប់ ចោទប្រកាន់​ព្រមទាំង​វិនិច្ឆ័យ​ការ​ផែនដី​, សម្រាប់​រាជត្រកូល​: ច្បាប់​អយ្យការ​, ក្រម​អយ្យការ ។ អយ្យការសឹក ច្បាប់អាជ្ញាសឹក ។​

​ឧគ្ឃោសនា អ៊ុក​-​ឃោសៈ ន៉ា បា​.; សំ​. ( ន​. ) (​ឧ​ទ្ឃោ​ឞ​ណា​) ការស្រែក​ប្រកាស​, ការប្រកាស​សេចក្ដី​ពេញ​សំឡេង : ធ្វើ​ឧគ្ឃោសនា​ឲ្យ​បានឮ​រាល់គ្នា ។ ឧគ្ឃោសនាសព្ទ សូរសព្ទ​នៃ​ឧគ្ឃោសនា (​ប្រើ​ជា ឧ​គ្ឃោ​សន​សព្ទ ក៏បាន​) ។ ឧ​គ្ឃោ​ស​-​នា​ការ (< ឧគ្ឃោសនា + អាការ​) អាការ​នៃ​ឧគ្ឃោសនា ។​ល​។

​ឧបករណ៍ អ៊ុ​ប៉ៈក សំ​. បា​. ( ន​. ) (​ឧបករណ​) សេចក្ដី​ទំនុកបម្រុង​, ការជួយ​ទប់ទល់ គ្នា : មាន​ឧបករណ៍ ទៅវិញទៅមក ។ គ្រឿង​ទប់ទល់​, គ្រឿង​ប្រុង​, គ្រឿង​ប្រកប​ផ្សំគ្នា : ឧបករណ៍​រទេះ គ្រឿងរទេះ ។ គ្រឿង​ចិញ្ចឹមជីវិត​, មុខការ​របរ​, ផ្លូវ​ធ្វើការ​រកស៊ី : ខំប្រឹង រក​ឧបករណ៍​ផ្គត់ផ្គង់​បម្រុង​អាត្មា​និង​គ្រួសារ ។ គ្រឿង​ប្រើប្រាស់​ជិត​ដៃ (​គ្រឿង​ដៃ​), គ្រឿង​ប្រដាប់​សម្រាប់​ធ្វើការ​, គ្រឿង​ហត្ថកម្ម : ខ្វះខាត​ឧបករណ៍ប្រើប្រាស់ ។ គ្រឿង ចក្រ​ឬ​គ្រឿង​ម៉ាស៊ីន​ដែល​ប្រើ​ក្នុងសម័យ​បច្ចុប្បន្ននេះ​ក៏​ចាត់ជា ឧបករណ៍ ដែរ ។​

​អាជីព –​ជីប សំ​. បា​. ( ន​. ) (​អាជីវ​, ខ្មែរ​ប្រើ​ផ្លាស់ វ ជា ព > អាជីព​) ដំណើរ​នៅ មានជីវិត​, ការ​នៅរស់​; ការចិញ្ចឹម​ជីវិត​, ដំណើរ​ធ្វើការ​របរ​ចិញ្ចឹមជីវិត :​គាត់​មាន​ការលក់ ដូរ​ជា​អាជីព​របស់គាត់​, អ្នករកស៊ី​ដោយ​ការបំបាត់​ប្រវ័ញ្ចន៍ ឈ្មោះថា​អ្នកមាន​អាជីវៈ មិន​បរិសុទ្ធ (​មិច្ឆាជីវៈ​) ។ អាជីវកម្ម ការប្រកបមុខរបរ​ចិញ្ចឹមជីវិត​; ការចាត់ចែង​ធ្វើ​យក ផល​ពី​ដំណាំ​, ពី​ឈើ​ព្រៃ​, ពី​ព្រះធរណី​ជាដើម​; ទី​ដី​ដែល​គេ​ប្រកប​ធ្វើ​ការយក​ផល នោះៗ : ប្រកប​អាជីវក​ម្មខាង​ឈើ​ព្រៃ ។ អាជីវករ ជន​អ្នក​ប្រកប​អាជីវកម្ម ។​

​តំណាប់ ( ន​. ) បង្អែម​គោក​, ក្រៀម​ដែល​គេ​ធ្វើ​ដោយ​ផ្លែ​, មើម​, ឫស​, ដើម​, សំបក : តំណាប់ត្រឡាច​, តំណាប់ចេក​, តំណាប់ខ្ញី​, តំណាប់ដំឡូង​, តំណាប់​មើម​សាមសិប​, តំណាប់​គល់​ល្ហុង (​ល្ហុងស៊ីផ្លែ​), តំណាប់​សំបក​ក្រូចសើច ឬ​ក្រូច​ត្លុង ។​ល​។ ប្រើ​ជា ដំណាប់ ក៏មាន​, ត្រូវ​ប្រើ តំណាប់ វិញ ។

​តំណាង ( ន​. ) រូបតាង​, រូប​ជំនួស ។ អ្នក​ដែល​ធ្វើ​អ្វីៗ​តាង​គេ​, តាងក្រុម ឬ​តាង​អំណាច អ្វី​នីមួយៗ : ចាត់​តំណាង​, តំណាងរាស្ត្រ​, លោក​នេះ ជា​តំណាង​លោក​រដ្ឋមន្ត្រី ។ (​រ​. ស​.) ព្រះរាជតំណាង (​ព្រះ​រា​ជៈ​–) ។

​ដំណុស ព​. ថ​. ( ន​. ) ការ​ដុស​ឲ្យ​ជ្រះ​, ឲ្យ​រលីង​, ឲ្យ​ស្អាត​; កន្លែង​ដែល​គេ​ដុស​ជម្រះ : ត្រូវ​ប្រយ័ត្ន​កុំ​កាន់​ឲ្យ​ប្រឡាក់​ត្រង់​ដំណុស​ថ្មី ។

​ដំណុះ ព​. ថ​. ( ន​. ) ការ​ដុះ​, ដំណើរ​ដុះ : ដំណុះ​ស្មៅ​, ដំណុះ​សំណាប​, ដំណុះ​កូន​ស្ពៃ ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា