(ភ្នំពេញ) ៖ អរិយក្សត្រមានទីតាំងស្ថិតនៅក្នុងខេត្តកណ្ដាល ភាគខាងកើតនៃរាជធានីភ្នំពេញដែលគេអាចធ្វើដំណើរទៅដល់តាមរយៈទូកដ (នាវាចម្លង) ពីកំពង់ចម្លងអរិយក្សត្រ នៅខាងក្រោយសណ្ឋាគារកាំប៉ូឌីយ៉ាណា ឆ្លងកាត់ទន្លេចតុមុខទៅដល់តំបន់អរិយក្សត្រដោយចំណាយពេលប្រហែលជា ២០នាទីប៉ុណ្ណោះ។ តំបន់នេះបានចាប់ផ្ដើម ទាក់ទាញភ្នែកអ្នកវិនិយោគកាន់តែខ្លាំងឡើងៗហើយ ជាមួយគម្រោងលក្ខណៈជាលំនៅដ្ឋាន គម្រោងឧស្សាហកម្ម និងគម្រោងបង្កើតជាទីកន្លែងកំសាន្ត ជាទីមនោរម្យផ្សេងៗទៀត។
ការចាប់អារម្មណ៍កាន់តែខ្លាំងនេះ បានកើតឡើងកាលពីឆ្នាំទៅមិញ បន្ទាប់ពីលោក ប៉ា សុជាតិវង្សកាលពីនៅ ជាអភិបាលរាជធានីភ្នំពេញបានបង្ហាញពីគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធនាពេលខាងមុខ ដោយធ្វើការតភ្ជាប់ ទៅកាន់ទីក្រុងភាគកណ្ដាលនៃតំបន់នេះ ពោលគឺការសាងសង់ស្ពានចំនួន៣ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់កោះដាច់, ស្វាយជ្រុំ, និងអរិយក្សត្រ។
ទោះបីជាមានការស្ទាក់ស្ទើរ ក្នុងការវិនិយោគនៅក្នុងតំបន់អរិយក្សត្រ ដោយសារតែគម្រោងតភា្ជប់ ដោយការសាងសងស្ពានទាំង ៣ នោះ មិនទាន់ត្រូវបានចាប់ផ្ដើមក៏ពិតមែន ប៉ុន្តែអ្នកជំនាញខាងអចលនទ្រព្យ បាននឹងកំពុងយកចិត្តទុកដាក់ខ្លាំងបំផុតទៅលើតំបន់អរិយក្សត្រនេះ ដោយបានកត់សម្គាល់នូវគម្រោងអភិវឌ្ឍន៍មួយចំនួន ដែលបាននឹងកំពុងដំណើរការរួចទៅហើយ។
លោក អ៊ិន ស៊ីថា នាយកប្រតិបត្តិរបស់វេបសាយអចលនទ្រព្យមួយ បាននិយាយថា ពេលនេះតំបន់អរិយក្សត្រមានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ ជាមួយគម្រោងលក្ខណៈជាសំណង់លំនៅដ្ឋាន ដូចជា បុរីចតុមុខ, គម្រោងរបស់ក្រុមហ៊ុន Evergreen, គម្រោង Chaktomuk View និងគម្រោងពុះដីលក់ជាឡូត៍មួយចំនួន។ ការអភិវឌ្ឍនេះ បានចូលរួមចំណែកធ្វើឲ្យតម្លៃដីនៅក្នុងនោះ កើនឡើងបើប្រៀបធៀបទៅនឹងកាលពី ២ ឬ៣ឆ្នាំមុន។
គម្រោងអភិវឌ្ឍន៍ Sky Land ជាគម្រោងវិនិយោគចូលគ្នារវាងក្រុមហ៊ុន Jet Group ដែលជាក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុន STAR5 Development Pvt. Ltd., ដែលជាក្រុមហ៊ុនវិនិយោគ មានមូលដ្ឋាននៅប្រទេសឥណ្ឌា ក៏បានចាប់ផ្ដើមបើកការដ្ឋាន ក្នុងតម្លៃទឹកប្រាក់វិនិយោគប្រមាណ ៩០លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍គម្រោងសាងសងលំនៅដ្ឋានតម្លៃសមរម្យ នៅក្នុងឃុំវិហារសួគ៌។
ចំណែក លោក សេង សុភ័ក្ត្រ ប្រធានផ្នែកប្រតិបត្តិ របស់ក្រុមហ៊ុនអចលនទ្រព្យ CPL បានឲ្យដឹងថា តំបន់អរិយក្សត្រគឺជាទីតាំងយុទ្ធសាស្ត្រ នៅជិតបង្កើយនឹងរាជធានីភ្នំពេញ។ វាប្រាកដណាស់ នឹងទាក់ទាញចំណាប់អារម្មណ៍ខ្លាំង ពីអ្នកអភិវឌ្ឍន៍ជាច្រើនឲ្យមកកាន់តំបន់នេះ ក្នុងពេលអនាគតដ៏ខ្លីខាងមុខ៕ដោយ៖វិបុល