អស់ទាស់​! ក្រុមចោរប្លន់​ជនជាតិ​ចិន​ជិះឡាន​រ៉ូ​ល​រ៉​យ​ចូល​ប្លន់​ក្នុង​ក្លឹប​

2283
ចែករម្លែក
  • 468
    Shares

ដោយ​: មុនី​រ័ត្ន / ព្រះសីហនុ​: ក្រុមចោរប្លន់​ប្រដាប់អាវុធ​ជា​ជន​ជាតិចិន​មួយក្រុម ប្រដាប់​ដោយ​អាវុធ ជិះ​រថយន្ដ​ទំនើប​រ៉ូ​ល​រ៉​យ ធ្វើ​សកម្មភាព​ប្លន់​ជនជាតិខ្មែរ នៅក្នុង​ក្លឹប​កា​ហ្សា​២ នៅ​ចំណុច​អតីត​ផ្សារ​ទំនើប​អូ​ស៊ី​អាស៊ាន ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ កាលពី​យប់​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណារិន ស្នងការ​ខេត្ត​ព្រះសីហនុ បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​ថា ពិត​ជាមាន​ករណីនេះ​មែន ហើយ​ជនសង្ស័យ​ជា​អ្នកបើករថយន្ត​ឲ្យ​ថៅកែ​ចិន​។ ចំពោះ​ករណីនេះ សមត្ថកិច្ច​កំពុងតែធ្វើការ​។

​សេចក្តីរាយការណ៍​ពី​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា ជនជាតិ​ចិន​៣​ទៅ​៤​នាក់ បាន​ជិះ​រថយន្ត​ទំនើប​រ៉ូ​ល​រ៉​យ ពាក់​ស្លាក​លេខ ភ្នំពេញ 2PB 6666 ធ្វើ​សកម្មភាព​ប្លន់​ជនជាតិខ្មែរ នៅក្នុង​ក្លឹប​កា​ហ្សា​២​។ ហើយ​ជនរងគ្រោះ​បាន​ប្តឹងទៅ​សមត្ថកិច្ច បន្ទាប់ពី​ទទួល​បណ្តឹង​សមត្ថកិច្ច​បាន​ចុះទៅ​កន្លែង​ក្លឹប​នោះ ហើយ​ជនរងគ្រោះ​ក៏បាន​ចង្អុល​បង្ហាញមុខ​ជនសង្ស័យ ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង​។​

ប្រភព​បន្តថា នៅ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​១០​យប់ ការិយាល័យ​ជំនាញ បានទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ឈ្មោះ គង់ ទី​ប៉ោ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​រត់​រថយន្ត​ឈ្នួល មាន​ទីលំនៅ​សង្កាត់​ដង្កោ រាជធានី​ភ្នំពេញ ពីបទ​ប្លន់​ប្រដាប់អាវុធ​(​ដោយ​អាវុធ​ខ្លីម៉ាក​រ៉ូឡូ​) នៅវេលា​ម៉ោង​៨​និង​៤០​នាទី​យប់ នៅ​ភូមិ​១ សង្កាត់​៣ ក្រុង​/​ខេត្ត​ព្រះសីហនុ ជនសង្ស័យ​មាន​គ្នា​៤​នាក់ ជនជាតិ​ចិន (​ដោយ​ប្រើ​វិធី វី​ឆាត ” Wechat ” ហៅ​ជនរងគ្រោះ​មក​យក​លិខិតឆ្លងដែន​ទៅ​បន្ត​ទិដ្ឋាកា​”)​។ សម្ភារៈ​ដែល​បាន​បាត់បង់​ក្នុងករណី​ប្លន់​ប្រដាប់អាវុធ​ខាងលើ​រួមមាន​៖ – លុយ​ចំនួន​៥០០​ដុល្លារ​, – ប័ណ្ណបើកបរ​១​សន្លឹក​, – ប័ណ្ណ​សំគាល់​រថយន្ត​១​សន្លឹក​, – អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​១​សន្លឹក​។​

​ក្រោយពេល​ទទួលបាន​ពាក្យបណ្តឹង​រួច ក្រោម​ការបញ្ជា​ចង្អុល​ដឹកនាំ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍ ជួន ណារិន ស្នងការ​នគរបាល​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ដោយ​លោក គៀង សុ​ន្ធា​រោ ព្រះ​រា​ជ្ញា​រង​អម​សាលាដំបូង​ខេត្ត​។ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ក្រុង ប៉ុស្តិ៍ និង​កង​អន្តរាគមន៍​ពិសេស ធ្វើការ​ស្រាវជ្រាវ រហូតដល់​ម៉ោង​១១​នាទី​យប់​ថ្ងៃ​ដដែល កម្លាំង​ជំនាញ កំណត់​មុខសញ្ញា​បាន​ម្នាក់​ដែល​កំពុង​ផឹកស៊ី​នៅ​ក្លឹប​កំសាន្ត CASA ស្ថិត​ក្នុងភូមិ​៤ សង្កាត់​៤ ក្រុង​/​ខេត្ត​ព្រះសីហនុ​។​

​កម្លាំង​ជំនាញ​បានធ្វើការ​ហ៊ុមព័ទ្ធ​ចាប់​ខ្លួន​ជនសង្ស័យ​ឈ្មោះ Ly Ker Xing ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បើកបរ​រថ​យន្ត​កាស៊ីណូ កាន់​លិខិតឆ្លងដែន​លេខ E88340722 ចុះ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៦ ផុតកំណត់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២៦ ទិដ្ឋាការ​លេខ E1-01359781 ចុះ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៨ ផុតកំណត់​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៩​។ វត្ថុតាង​ចាប់យក​បាន​៖ – លុយ​ដុល្លារ ៥០០​ដុល្លារ (​របស់​ជនរងគ្រោះ​), – អាវុធខ្លី ១​ដើម ម៉ាក​រ៉ូឡូ លេខ​38.SWPL (​គ្រាប់ ៣​គ្រាប់​) ផលិត​នៅ USA (​អាវុធ​ធ្វើ​សកម្មភាព​), – រថយន្ត​ម៉ាក Rolls Royce ពណ៌​ស្លែ ពាក្យ​ស្លាក​លេខ​ភ្នំពេញ 2BP-6666 (​មធ្យោបាយ​ធ្វើ​សកម្មភាព​)​។ ចំណែក​ជនសង្ស័យ ៣​នាក់​ទៀត​ជា​ជនជាតិ​ចិន កម្លាំង​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​។​

​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ កំពុង​បំពេញ​នីតិវិធី​៕

#