អស់ទាស់​! ឡាន​អគ្គិសនី Audi ស៊េរី​ថ្មី​ដោះ​កញ្ចក់​មើល​ក្រោយ​បោះចោល ជំនួស​វិញ​ដោយ​កាមេរ៉ា Live ផ្ទាល់​

478

​ក្រុមហ៊ុន Audi លែង​ដាក់​កញ្ចក់​មើល​ក្រោយ​តទៅទៀត​ហើយ ដោយ​ប្រើ​កាមេរ៉ា​វីដេអូ​បច្ចេកវិជ្ជា​ខ្ពស់​មើលឃើញ​មុំ​គ្រប់​ជ្រុង​និង​បំពាក់​ស្គ្រី​ន​សុទ្ធ​តែម្តង​នៅលើ​រថយន្ត​អគ្គិសនី​ទី​១​មិន​ធ្លាប់មាន​របស់ខ្លួន​។​

​រថយន្ត​អគ្គិសនី​ស៊េរី​ថ្មី​របស់ Audi ឈ្មោះថា Launch Edition គឺជា​រថយន្ត​ផលិតកម្ម​ទ្រង់ទ្រាយ​ធំ​ដំបូង​គេ​បង្អស់ ដែល​ដោះ​កញ្ចក់​ឆ្លុះ​ខាងក្រោយ​ចេញ​ហើយ​ជំនួស​ពួកវា​ដោយ​វីដេអូ​បន្ត​ផ្ទាល់​នៅលើ​អេក្រង់​ក្នុង​រថយន្ត​។​

​ជំនួស​ឱ្យ​អ្នកបើកបរ​សម្លឹងមើល​តាម​កញ្ចក់​បង្អួច​ស្លាប​ធម្មតាៗ រថយន្ត​ប្រភេទ SUV តម្លៃ ១០៤.៥០០ ដុល្លារ​នេះ បាន​ជំនួស​កញ្ចក់​ធម្មតា​នោះ​ជាមួយ​កាមេរ៉ា​វីដេអូ​បំពាក់​នៅ​ចំហៀង​រថយន្ត និង វីដេអូ​ផ្សាយ​ផ្ទាល់​បង្ហាញ​លើ​អេក្រង់​ក្នុង​រថយន្ត​។​

​កាមេរ៉ា​ខាងក្រោយ​គឺ​បញ្ជូន​រូបភាព​មាន​ចលនា​ទៅក្នុង​អេក្រង់​ថាច់​ស្គ្រី​ន​ពិសេស​ដែល​បង្កប់​នៅ​ខាងក្នុង​ទ្វារ​។ នេះ​ផ្តល់ឱ្យ​អ្នកបើកបរ​នូវ​ទិដ្ឋភាព​ល្អ​ឥតបី ចំពោះ​អ្វីដែល​កំពុង​កើតឡើង​នៅ​ពីក្រោយ​។​

​កាមេរ៉ា​នេះ​អាច​សា​រ៉េ​រូបភាព​បាន​ដោយ​ស្វ័យប្រវត្តិ​ដើម្បី​ទប់ទល់​នឹង​ការបើកបរ​លើផ្លូវ​ហាយ​វេ បត់ និង​ចត ហើយ​អ្នកបើកបរ​អាច​ប្រើ​អេក្រង់​ថាច់​ស្គ្រី​ន​ដើម្បី​ពង្រីក​មើល​លើ​ចំណុច​បញ្ហា​ពិសេសៗ​ផងដែរ​។​

​រថយន្ត​ប្រើ​អាគុយ​សុទ្ធ​នេះ​អាច​បង្កើនល្បឿន​ពី​សូន្យ​ដល់​១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ក្រោយ​រយៈពេល​៦​វិនាទី មាន​ល្បឿន​កប់ ២០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​អាច​បើក​បាន​ចម្ងាយ ៤០០ គីឡូម៉ែត្រ​៕ ដោយ៖ កញ្ញាដាលីស

រថយន្ត Launch Edition លែងមាន​កញ្ចក់​មើល​ក្រោយ​ធម្មតាៗ​ទៀតហើយ គឺ​ប្រើ​កាមេរ៉ា​បច្ចេកវិជ្ជា​ខ្ពស់​ជំនួស​វិញ