អស់ពី ឱក សុ​ម៉ាលី​តា​! យប់មិញ​នេះ​តារា​សម្ដែង វណ្ណៈ បូរ​មី ត្រូវ​ចោរប្លន់​ម្ដង​

1112
ចែករម្លែក

​កាល​យប់​ថ្ងៃទី​២១ តារាចម្រៀង​ជើងចាស់ ឱក សុ​ម៉ាលី​តា ត្រូវបាន​ចោរឆក់​កាបូប ឯ​យប់មិញ​នេះ​តារា​សម្ដែង​វ័យក្មេង វណ្ណៈ បូរ​មី បាន​ជួប​ករណី​ចោរប្លន់​នៅ​សង្កាត់​ព្រែក​ឯង​។​

​នាង និយាយថា​៖ “​យប់មិញ​នេះ ពេល​ខ្ញុំ​ចេញពី​ហាត់​សម​សម្ដែង​ប្រហែល​ម៉ោង​៨ មាន​ចោរ​ម្នាក់​វា​តាម​ខ្ញុំ ដោយ​ដំបូង​វា​ប្រុង​ឆក់​ឥ​វ៉ាន់​តែ​ដល់ពេល​ឆក់​អត់​បាន វា​ព្យាយាម​ប្លន់​យក​ម៉ូតូ​របស់ខ្ញុំ​តែម្ដង ឥឡូវ​ខ្ញុំ​អស់​ម៉ូតូ​មួយ​ហើយ​”​។​

​ស្រី​ស្អាត​រូបនេះ បន្តទៀតថា ទីតាំង​ដែល​ចោរ​នោះ ប្លន់​គឺ នៅ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ ក្រុងភ្នំពេញ ហើយ​មាន​ចម្ងាយ​ប្រហែល​មួយ​គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​នាង​។ នាង​បញ្ជាក់ថា ពេល​កើតហេតុ នាង​បាន​ស្រែកហៅ​គេ​ជួយ​ដែរ តែដោយសារ​ផ្លូវ​ម្តុំ​នោះ​ស្ងាត់​ពេក​ទើប​គ្មាន​អ្នកណា​ឭ​។​

​តារា​ស្រី​វ័យ​១៩​ឆ្នាំ​រូបនេះ លើកឡើងថា នាង​បាន​ប្ដឹងទៅ​អាជ្ញាធរ​ភ្លាមៗ ក្រោយពេល​កើតហេតុ ហើយ​ព្រឹក​នេះ​នាង​កំពុង​ចូលជួប​សមត្ថកិច្ច​ម្ដងទៀត​នៅ​ខណ្ឌ​ច្បារអំពៅ ដើម្បី​រៀបចំ និង​ប្រគល់ជូន​ឯកសារ​មួយចំនួន​។​

​បូរ​មី បាន​ឲ្យ​ដឹង​ពី​ទ្រព្យសម្បត្តិ​ដែល​បាត់បង់​រួមមាន ម៉ូតូ​ម៉ាក Scoopy ដែលមាន​ស្លាក​លេខ 1CH 5493 សម្ភារៈ​ថត​រឿង សម្លៀកបំពាក់ សៀវភៅ ស្បែកជើង​។ “​ទើបតែ​បើក​លុយ​ព្រឹក​មិញ​ហ្នឹង​បង ហើយ​ទិញ​ខោអាវ និង​ស្បែកជើង​សម្រាប់​ថត​រឿង​ថ្មី តែ​ឥឡូវ​អស់រលីង​ហើយ​។ នាង​ថ្លែង​៕ ​អត្ថបទ​៖ Sabay​