អស់​ពី​ប្រកូក​ប្រកាស​អោយ​បណ្តា​ប្រទេស​ពាក់ព័ន្ធ​ប្រឆាំង​ចិន ឥឡូវ​អាម៉េរិក​សន្យា​ផ្តល់​នាវា​ល្បាត​សមុទ្រ​ដល់​វៀតណាម

1950
ចែករម្លែក

​សហរដ្ឋ​អាម៉េរិក បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ទី​២០​វិច្ឆិកា​ថា ខ្លួន​នឹង​ផ្តល់​អោយ​វៀតណាម​នូវ​នាវា​ល្បាត​មួយទៀត​ដើម្បី​បង្កើន​លទ្ធភាព​របស់​ក​ង​ទ័ពជើងទឹក​វៀតណាម​ក្នុងការ​​ល្បាត​នៅ​សមុទ្រ​ចិន​ខាងត្បូង ចំ​ពេល​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​មាន​ជម្លោះ​ដែនទឹក​ជាមួយ​ចិន​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក លោក​ម៉ាក អ៊ី​ស​ភើ បាន​បញ្ចេញ​អោយដឹង​អំពី​ការសំរេចចិត្ត​របស់​រដ្ឋាភិបាល​អាម៉េរិ​ក​នេះ ក្នុងអំឡុងពេល​ទស្សន​កិច្ច​នៅ​វៀតណាម​។​លោក​ក៏​បាន​​រិះគន់​ចិន​ខ្លាំងៗ​ផងដែរ​។​

​លោក​បាន​ប្រាប់​ក្រុម​និស្សិត​នៅ​បណ្ឌិតសភា​ការទូត​វៀតណាម​ថា​« កិច្ចខិតខំ​ជា​ឯ​តោ​ភាគី​របស់​ចិន​ដើម្បី​អះអាង​សិទ្ធិ​កាន់កាប់​នៅ​សមុទ្រ​ជម្លោះ​វា​គំរាម​សិទ្ធិ​របស់​ប្រទេស​ដទៃ​​ទៀត​ដើម្បី​ចូល​ធ្វើ​អាជីវកម្ម​ប្រភព​ធនធានធម្មជាតិ ធ្វើអោយ​ខូច​ស្ថិរភាព​នៃ​ទីផ្សារ​ថាមពល​តំបន់ និង​បង្កើន​ហានិភ័យ​នៃ​ជម្លោះ​»​។​

​សូមបញ្ជាក់ថា​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ហ្វីលីពីន​កាលពី​ថ្ងៃ​អង្គារ ប្រមុខ​ការពារជាតិ​អាម៉េរិក​រូបនេះ បាន​ទទូច​អោយ​បណ្តា​រដ្ឋាភិបាល​នៃ​ប្រទេស​ដែល​រងគ្រោះ​ពី​ការអះអាង​កម្ម​​សិទ្ធិ​ធំធេង​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង បង្ហាញ​ជំហរ​ជា​សាធារណៈ​រួម​គ្នា​ហើយ​អះអាង​សិទ្ធិ​អធិបតេយ្យ​របស់គេ ។​លោក​ថា​ការបង្ហាញ​គោលជំហរ​រួមគ្នា​ដូច្នេះ​ជា​វិធី​ល្អ​បំផុត​​ក្នុង​ការបញ្ជូនសារ​ដើម្បី​«​ទាញ​អោយ​ចិន​វិល​មក​រក​ផ្លូវ​ត្រឹមត្រូវ​»​។​

​ក្នុង​សន្និសីទកាសែត​មួយ​បន្ទាប់​ពី​ជួបប្រជុំ​ជាមួយ​សម​ភាគី​ហ្វីលីពីន​នៅ​ទីក្រុង​ម៉ានីល ។​លោក​ក៏​បាន​លើក​ពី​ការព្រួយបារម្ភ​ចំពោះ​អាងយ៉ាង​កាន់តែខ្លាំង​ឡើង​របស់​ចិន​​នៅក្នុង​សមុទ្រ​មាន​ជម្លោះ ។​

​តាមពិត​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ីន មិន​មាន​ចំណែក​ទឹកដី​ត្រូវ​អះអាង​ជា​កម្មសិទ្ធិ​នៅក្នុង​សមុទ្រ​នេះ​ទេ​តែ​បានប្រកាសថា សេរីភាព​នាវាចរណ៍​និង​ការហោះហើរ​កាត់​រួម​ជាមួយ​ដំណោះ​​ស្រាយ​ដោយ​សន្តិ​វី​ធី​នៃ​ដែនទឹក​នេះ ជា​ផលប្រយោជន៍​ជាតិ​អាម៉េរិក​។​តែ​ចិន​បាន​ព្រមាន​អាម៉េរិក​អោយនៅ​ឆ្ងាយ​ពីអ្វី​ដែល​ខ្លួន​ចាត់ទុកថា​ជា​ជម្លោះ​អាស៊ី​សុទ្ធសាធ​នេះ​។​

​ចិន​នៅ​ពី​ថ្ងៃ​ចន្ទ​បាន​ទទូច​ដល់​យោធោ​អាម៉េរិ​កឱ្យបញ្ឈប់ “​បង្ហាញ​សាច់ដុំ​យោធា​”​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែល​មាន​ជម្លោះ ។​

​អ្នកនាំពាក្យ​ក្រសួង​ការការពារ​ជាតិចិន លោក​វូ ឈាន បាន​និយាយប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​បាងកក​ថា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង បាន​ស្ថិត​នៅក្នុង​ចំណោម​បញ្ហា​ជាច្រើន​ដែល​ត្រូវបាន​លើក​មក​ពិភាក្សា​កាលពី​ពេលមុន​នេះ នៅពេល លោក​ម៉ាក អ៊ី​ស​ភើ រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក​បាន​ធ្វើ​កិច្ច​ជំនួប​ជា​លើក​ទី​មួយ​ជាមួយ លោក វេ ហ្វុង​ហ្គឿ រដ្ឋមន្ត្រី​ការពារ​ជាតិចិន ។ ពួកគេ​បាន​ជួប​ពិភាក្សា​អស់​ពេល​ជាង​កន្លះ​ម៉ោង​នៅ​ក្រៅ​កិច្ចប្រជុំ​នៃ​ក្រុម​មន្ត្រី​ការពារ​ជាតិ​អាស៊ី​។​

​សមុទ្រ​ចិន​ខាងត្បូង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​គឺជា​ចំណុច​នៃ​ជម្លោះ​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​។ ចិន​អះអាង​ថា​សមុទ្រ​ចិន​ខាងត្បូង​ជា​ដែន​អធិបតេយ្យ​របស់ខ្លួន​ប៉ុន្តែ រដ្ឋាភិបាល​នៃ​ក្រុម​ប្រទេស​អាស៊ី​មួយ​ចំនួន​ផ្សេង​ទៀត​ក៏​បាន​ទាមទារ​សិទ្ធិ​កាន់កាប់​លើ​តំបន់​ត្រួតស៊ីគ្នា​នោះ​ផង​ដែរ​។​សហរដ្ឋ​អាម៉េរិក​មិនមាន ចំណែក​ទឹកដី​ទេ ប៉ុន្តែ​បាន​បញ្ជូន​នាវា​កងទ័ពជើងទឹក​ជា​ច្រើន​គ្រឿង​បើក​កាត់​តាម​តំបន់​នានា​នៃ​សមុទ្រ​នេះ ដែល​ចិន​ចាត់ទុកថា​ជា​ដែន​ទឹកដី​របស់​ខ្លួន​៕​ដោយ​៖​វាសនា​

រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក លោក​ម៉ាក អ៊ី​ស​ភើ ត្រួតពល​ជាមួយ​សម​ភាគី​វៀតណាម នៅ​ក្រុង​ហាណូយ​កាលពី​ថ្ងៃ​២០​វិច្ឆិកា​