អស់​ពី​សាកល្បង​ប្រព័ន្ធ​ការពារ​ដែនអាកាស ឥឡូវ​អ៊ីរ៉ង់​ថា​សាកល្បង​កាំជ្រួច​ថ្មី​ដោយ​ជោគជ័យ​

2050
ចែករម្លែក

​មេបញ្ជាការ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ឧត្តមសេនីយ៍ ហ៊ូ​ស​សេន សាឡា​មី បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ទី​២៤​សីហា​ថា យោធា​អ៊ីរ៉ង់​បាន​សាកល្បង​ដោយ​ជោគជ័យ​«​កាំជ្រួច​ថ្មី​»​មួយ​។​

​លោក​សាឡា​មី បាន​និយាយថា «​ប្រទេស​របស់​យើង​តែងតែ​ជាទី​តាំង​សាកល្បង​ប្រព័ន្ធ​ការពារ​និង​យុទ្ធសាស្ត្រ​ផ្សេងៗ​និង​មាន​ដំណើរការ​វិវឌ្ឍន៍​មិន​ឈប់​ឆ្ពោះទៅ​រក​ការបង្កើន​​អំណាច​ការពារ​ខ្លួន​របស់​យើង​។​ម្សិលមិញ ជា​ថ្ងៃ​ជោគជ័យ​មួយ​សំរាប់​ប្រជាជាតិ​របស់​យើង​»​។​

​មន្ត្រី​រូប​នេះ​មិន​បាន​ផ្តល់​ព័ត៌មាន​បន្ថែ​ម​ទេ​អំពី​កាំជ្រួច​ដែល​ត្រូវ​បាន​សាកល្បង​នេះ​។​

​មុន​នេះ​ក្នុង​សប្តាហ៍​ដដែល អ៊ីរ៉ង់​បាន​បញ្ចេញ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ចល័ត​ចម្ងាយ​ឆ្ងាយ​Bavar-373 ដែល​ស្រដៀង​គ្នា​នឹង​ប្រព័ន្ធ​S-300​របស់​រុស្ស៊ី ដែល​គេ​ថា​កាំជ្រួច​របស់​វា​​អាច​ហោះ​បាន​២០០​គីឡូម៉ែត្រ អាច​បាញ់​កាំជ្រួច​ច្រើន​ប្រភេទ និង​ហោះ​ដល់​កំពស់​២៧​គីឡូម៉ែត្រ​។​

​ការ​អួតអាង​អំពី​ការសាកល្បង​សព្វាវុធ​ជា​ហូរហែរ​របស់​អ៊ីរ៉ង់ កើតឡើង​ចំពេល​ទំនាក់ទំនង​រវាង​អ៊ីរ៉ង់​និង​អាម៉េរិក​កាន់តែ​ធ្លាក់ចុះ​ខ្លាំង​ឡើង បន្ទាប់​ពី​អាម៉េរិក​ដកខ្លួន​ចេញពី​កិច្ច​​ព្រមព្រៀង​នុយគ្លេអ៊ែរ​មួ​យ​និង​ដាកទណ្ឌកម្ម​ជាថ្មី​លើ​អ៊ីរ៉ង់​។​

​ភាព​តានតឹង​ត្រូវ​បាន​បន្ថែម ក្រោយ​ពី​នាវា​ដឹក​ប្រេង​ជាច្រើន​រង​ការវាយប្រហារ​នៅក្នុង​ឈូង​សមុទ្រ​ពែ​ក្ស​ហើយ​អាម៉េរិក​ចោទប្រកាន់​អ៊ីរ៉ង់​ថា​ជា​អ្នកប្រព្រឹត្ត តែ​អ៊ីរ៉ង់​បដិសេធ​។​​ហេតុការណ៍​ក្នុង​ផ្លូវ​ដឹកជញ្ជូន​ដ៏​សំខាន់​នេះ នាំ​អោយ​អាម៉េរិក​កៀរគរ​កម្លាំង​សម្ពន្ធមិត្ត​បង្កើត​ជា​ក្រុម​បេសកកម្ម​ការពារ​វា​នា​នៅ​តំបន់​នេះ​៕​ដោយ​៖​វាសនា​

អ៊ីរ៉ង់​បាញ់​សាកល្បង​កាំជ្រួច​ថ្មី តែ​មិន​បាន​បញ្ជាក់​លម្អិត​ទេ​

#