អស្ចារ្យ​មែន​! កកាយ​ភ្លាម​ឃើញ​បដិមា​កម្ពស់​ជិត ២ ម៉ែត្រ​ភ្លែត​

628

បដិមា​ទ្វារបាល​កម្ពស់ ១,៩០ ម៉ែត្រ​មួយអង្គ ត្រូវបាន​ក្រុមការងារ​កំណាយ​របស់​អាជ្ញាធរ​ជាតិ​អប្សរា និង​មហាវិទ្យាល័យ បច្ចេកវិទ្យា និង​វិទ្យាស្ថាន​ស្រាវជ្រាវ​អាស៊ីអាគ្នេយ៍ នៃ​ប្រទេស​សិង្ហ​បុរី ប្រទះឃើញ​កាលពី​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៧ នៅ​ការដ្ឋាន​កំណាយ​ក្បែរ​ប្រាសាទទន្លេស្ងួត មាន​ចម្ងាយ​ប្រមាណ ១ គីឡូម៉ែត្រ​ពី​ក្រុង​អង្គរធំ​។​

​លោក ខៀន ច័ន្ទ មន្ដ្រី​ជំនាញ​ផ្នែក​បុរាណ​វិ​ទ្ យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា បដិមា​មួយអង្គ​នេះ​ត្រូវបាន​ប្រទះឃើញ​ដោយ​ចៃដន្យ កាលពី​ថ្ងៃទី ២៩ ខែកក្កដា​កន្លងទៅ ក្នុងពេលដែល​ក្រុមការងារ​ទើបតែ​ចាប់ផ្ដើម​គម្រោង​ស្រាវជ្រាវ មន្ទីរពេទ្យ​ទន្លេ​ស្ងួត​ក្នុង​ជំហាន​ទី​១ ផ្តោត​សំខាន់​លើ​ការសិក្សា​អំពី​ផ្នែក​ខាងមុខ នៃ​មន្ទីរពេទ្យ និង​ទំនាក់ទំនង​រវាង​ប្រឡាយ​មុខ​មន្ទីរពេទ្យ និង​ខឿន​នៃ​មន្ទីរពេទ្យ​។ គម្រោង​នេះ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២៨ ខែកក្កដា ដល់​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៧​។​

​លោក បញ្ជាក់ថា បដិមា​នេះ​មា​កម្ពស់​១,៩០ ម៉ែត្រ និង​ទទឹង​ស្មា ០,៥៨ ម៉ែត្រ ស្ថិតក្នុង​រចនាបថ​បាយ័ន សន្និដ្ឋាន​ជាបឋម​ថា ជា​ទ្វារបាល​ដែល​ត្រូវដាក់​នៅខាងមុខ​ប្រាសាទទន្លេស្ងួត​ផ្ទាល់​តែម្ដង​។ បដិមា​នេះ​កំបុត​ព្រះហស្ដ​ទាំងពីរ​ត្រឹម​ស្មា និង​កំបុត​ព្រះបាត​ស្តាំ​ត្រឹម​កជើង និង​ព្រះបាត​ឆ្វេង​ត្រឹម​គល់ភ្លៅ​។ ចំណែក​ដងខ្លួន​និង​ព្រះ​កេស​នៅមាន​ក្បាច់ចម្លាក់​សម្លៀកបំពាក់ និង​ក្បាំង​សក់​មាន​សភាព​នៅ​ស្អាត​ទាំងអស់​។ លោក​ថា បដិមា​នេះ កប់​ជ្រៅ​ក្នុង​ដី​ប្រមាណ​ត្រឹម ៤ តឹក​ប៉ុណ្ណោះ ដោយ​ដេក​ផ្ងារពោះ​បែរ​ព្រះ​កេស​ទៅ​ទិស​ខាងលិច ទៅ​ព្រះវិហារ​នៃ​មន្ទីរពេទ្យ​នេះ​។​

​មន្ដ្រី​ដដែល​ឲ្យ​ដឹង​បន្ថែមថា ការប្រទះឃើញ​ចម្លាក់​ប​ដិ​មា​ទ្វារបាល​ដ៏​ធំ​នេះ ចាត់​ថា​ជា​សំណាងល្អ​មួយ ដែល​អាច​ឲ្យ​យើង​យកទៅ​រក្សាទុក​ក្នុង​ទីកន្លែង​សមរម្យ ហើយ​ងាយស្រួល​សម្រាប់​អ្នកស្រាវជ្រាវ ដើម្បី​សិក្សា​លម្អិត​បន្ថែម​។ បន្ទាប់ពី​អ្នកជំនាញ​ធ្វើ​កំណត់ត្រា​រួចរាល់ បដិមា​នេះ​នឹងត្រូវ​យកទៅ​តម្កល់ទុក​ក្នុង​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​អង្គរ ដើម្បី​រក្សា​សុវត្ថិភាព សម្អាត​ដុសលាង និង​ជួសជុល​បន្ថែមទៀត​៕​

ដោយ​៖ រស់ សុជាតិ​ ,​ប្រភព​៖Sabay