អស្ចារ្យ​មែន​! វេជ្ជបណ្ឌិត​អូស្ត្រាលី​ជួយ​វះកាត់​ដុំ​សាច់​ចម្លែក​ក្នុង​មាត់​របស់​បុរស​កម្ពុជា​ម្នាក់ ដោយ​ជោគជ័យ​

1542
ចែករម្លែក

​វេជ្ជបណ្ឌិត​អូស្ត្រាលី​ម្នាក់ បានធ្វើការ​វះកាត់​ជា​ប្រវត្តិសាស្ត្រ​លើ​បុរស​កម្ពុជា​ម្នាក់ ដែល​មាត់​ទាំងមូល​របស់គាត់​ត្រូវបាន​បិទ​ជិត​ជាមួយ​ដុំ​សាច់​ដ៏​ធំ ដែល​លយ​ចេញ​តាម​បបូរមាត់​របស់គាត់​។

​លោក​អេង ខេង អ្នកស្រុក​រស់នៅ​ភូមិ​ដាច់ស្រយាល​ក្នុង​ខេត្តកំពង់ចាម បានរស់នៅ​ជាមួយ​ជំងឺ​នេះ​អស់ ៣០ ឆ្នាំ ហើយ​មិនដែល​បានទទួល​ការព្យាបាល​ធ្មេញ​ម្តងណា​ឡើយ​។
​លោក​វេជ្ជបណ្ឌិត អ៊ែន​ឌ្រូ ចេង រស់នៅ​ទីក្រុង​អាដេ​ឡេ​ត (Adelaide) បានដឹង​អំពី​ករណី​ដ៏​មិនគួរ​ឱ្យ​ជឿ​របស់លោក​ខេង តាមរយៈ​អង្គការ​សប្បុរសធម៌​មួយ ដែល​គាត់​ធ្វើការ​ជាមួយ​ក្នុងប្រទេស​កម្ពុជា និង​ចង់​ជួយ​គាត់​។

​លោក​ចេង​បាន​ប្រាប់​កាសែត​ដេលី​មែ​ល​អូស្ត្រាលី​យ៉ាង​ដូច្នេះ “​ខ្ញុំ​មិនដែល​ឃើញបែបនេះ​ពីមុន​ទេ​។ ខ្ញុំ​គិតថា​មនុស្ស​ជុំវិញ​ពិភពលោក​មិនដែល​បានឃើញ​អ្វីមួយ​ធំ​បែបនេះ​នោះឡើយ​”​។

​លោក​ខេង​ពីដំបូង​ត្រូវបាន​ពិនិត្យ​ដោយ​ក្រុម​វេជ្ជបណ្ឌិត​សម្រាប់​ជំងឺភ្នែកឡើងបាយ មុនពេល​ក្រុម​វេជ្ជបណ្ឌិត​កត់សម្គាល់ឃើញ​ដុំ​សាច់​ដ៏​ធំ​នេះ​នៅក្នុង​មាត់​គាត់​។

​ពួកគេ​បាន​ជូនដំណឹង​ដល់​លោក​វេជ្ជបណ្ឌិត​ចេង ដែល​ហោះ​ទៅជា​មួយ​សិស្ស​ច្បង​របស់គាត់​ទៅដល់​ភូមិ​របស់លោក​ខេង បន្ទាប់ពី​បានទទួល​បាន​ព័ត៌មាន​វេជ្ជសាស្ត្រ​ពី​ក្រុមគ្រូពេទ្យ​កម្ពុជា​។

​លោក​វេជ្ជបណ្ឌិត​និយាយថា “​ក្រុម​វេជ្ជបណ្ឌិត និង គ្រូពេទ្យ​វះកាត់​ក្នុងស្រុក បានរៀបចំ​ការ​ស្កែ​ន​តាម​ម៉ាស៊ីន CT ដើម្បីឱ្យ​ប្រាកដថា​វា​មិនមែនជា​ដុំ​សាច់​មហារីក​។ យើង​បាន​ប្រើប្រាស់​រាល់​រូបថត​ស្កែ​ន​ទាំងអស់​ដើម្បី​រៀបចំ​ផែនការ​វះកាត់​ក្នុងប្រទេស​អូស្ត្រាលី​”​។

​ដុំ​សាច់​ក្នុង​មាត់​របស់គាត់​គឺ​បណ្តាលមកពី​ជំងឺ​កម្រ​ម្យ៉ាង​ហៅថា Gingival Hyperplasia​។ មានតែ​ម្នាក់​ប៉ុណ្ណោះ​ក្នុងចំណោម ៧៥០.០០០ នាក់​មានឱកាស​កើត​ជំងឺ​នេះ​។ នេះ​បើតាម​លោក​វេជ្ជបណ្ឌិត​ចេង​។

​លោក​ខេង​បង្ខំចិត្ត​ទទួលទាន​អាហារ​ដោយ​លេប ហើយ​ទទួលទាន​បាន​ចំណីអាហារ​តែ​ប៉ុន្មាន​មុខ​ប៉ុណ្ណោះ​។

​លោក​វេជ្ជបណ្ឌិត​ចេង​បាន​ប្រាប់​កាសែត​ដេលី​មែ​ល​អូស្ត្រាលី​ថា “​គាត់ (​អ្នកជំងឺ​) ទទួលទាន​របស់​រាវៗ បាយ មី និង​ស៊ុប ប៉ុណ្ណោះ​។ ហើយ​គាត់​ចូលចិត្ត​ទឹកក្រូច​ឆ្មា​”​។

​ផ្លូវដង្ហើម​របស់លោក​ខេង​រាង​ចង្អៀត​បន្តិច ប៉ុន្តែ​សំណាងល្អ គាត់​មិន​ដែលមាន​បញ្ហា​ផ្លូវដង្ហើម​នោះឡើយ ទោះបី​នៅ​ជាមួយ​ជំងឺ​កម្រ​នេះ​អស់ ៣០ ឆ្នាំ​ក៏ដោយ​។

​បន្ទាប់ពី​ការវះកាត់​ដ៏​ជោគជ័យ គេ​មើល​លោក​ខេង​ស្ទើរ​មិន​ចង់​ស្គាល់ ហើយ​គាត់​នៅសល់​ស្លាកស្នាម​បន្តិចបន្តួច​ប៉ុណ្ណោះ​នៅលើ​ថ្ពាល់​របស់គាត់​។

​ក្រោយពេល​វះកាត់​រួច និង​ត្រឡប់​ទៅ​ស្រុក​វិញ លោក​ខេង​ត្រូវបាន​អញ្ជើញ​ឱ្យទៅ​រស់នៅក្នុង​វត្ត​មួយ​ក្បែរ​ផ្ទះ​គាត់ ដើម្បី​ផ្សះ​មុខរបួស​ឱ្យ​ឆាប់​ជាសះស្បើយ​ទាំងស្រុង​នៅ​ទីនោះ​៕ ដោយ៖ កញ្ញាដាលីស

លោក អេង ខេង ទទួល​ការវះកាត់​ដុំ​សាច់​ក្នុង​មាត់​ពី​វេជ្ជបណ្ឌិត​អូស្ត្រាលី ដោយ​ជោគជ័យ