អស្ចារ្យ​មែន​! អ្នកជំងឺ​ដេញ​ហ្គី​តា​បណ្តើរ ចុច​ស្មា​ត​ហ្វូ​ន​បណ្តើរ ខណៈ​កំពុង​វះកាត់​ខួរក្បាល​នៅ​ឥណ្ឌា​

998
ចែករម្លែក

​នេះ​គឺជា​ពេលវេលា​ដ៏​អស្ចារ្យ ដែល​អ្នកជំងឺ​ម្នាក់​ដេញ​ហ្គី​តា ខណៈ​កំពុង​វះកាត់​ខួរក្បាល​នៅ​ប្រទេស​ឥណ្ឌា​។​

​តន្ត្រីករ លោក តា​ស្គី​ន អ៊ី​ប​ណា អា​លី (Taskin Ibna Ali) អាយុ ៣១ ឆ្នាំ​បាន​ដេញ​ហ្គី​តា​អំឡុងពេល​កំពុង​ទទួល​ការវះកាត់ ដូច្នេះ​គ្រូពេទ្យ​វះកាត់​អាច​តាមដាន​ដឹងថា​តើ​ចលនា​ត្រូវបាន​ស្ដារឡើងវិញ​នៅក្នុង​ម្រាមដៃ​អ្នកជំងឺ​របស់គាត់​ឬ​អត់​។​

​បច្ចេកទេស​ប្លែក​នេះ​ត្រូវបាន​ប្រើ​នៅ​មន្ទីរពេទ្យ Bhagawan Mahaveer Jain នៅ​ទីក្រុង​បាង​ហ្គា​ល័​រ កាលពី​ដើមខែ​នេះ​។​

​លោក​អា​លី​ដែលជា​វិស្វករ​កុំ​ព្យួ​ទ័​រ​និង​ជា​តន្ត្រីករ​រស់នៅ​ទីក្រុង​ដា​ក្កា បាន​ស្វែងរក​ការព្យាបាល​សម្រាប់​ជំងឺសរសៃប្រសាទ​មួយ​ហៅថា Guitarist Dystonia ដែល​បណ្តាលឱ្យ​ម្រាមដៃ​ឆ្វេង​របស់គាត់​ជាប់​មិនអាច​កម្រើក​បាន​។​

​កាល​ពីមួយ​ឆ្នាំមុន គាត់​បានចាប់ផ្តើម​មាន​អារម្មណ៍​មិន​ស្រួល​នៅក្នុង​ម្រាមដៃ​កណ្តាល​ខាងឆ្វេង​របស់គាត់ ខណៈពេល​កំពុង​លេង​ហ្គី​តា​។​

​រោគសញ្ញា​កាន់តែ​អាក្រក់​ទៅៗ ដែល​ប៉ះពាល់​ដល់​ម្រាមដៃ​ផ្សេងទៀត​នៃ​ដៃ​ឆ្វេង​របស់គាត់​ផងដែរ​។​

​សមត្ថភាព​របស់គាត់​ក្នុង​ការលេង​ហ្គី​តា​បាន​ធ្លាក់ចុះ ៨០ ភាគរយ ហើយ​អាជីព​របស់គាត់​ត្រូវបាន​ផ្អាក​។​

​វេជ្ជបណ្ឌិត​ផ្នែក​សរសៃប្រសាទ សាន​ជីវ ស៊ី​ស៊ី (Sanjiv CC) បាន​និយាយថា “​ជំងឺ Guitarist Dystonia គឺជា​ជំងឺ​មិនធម្មតា​មួយ​ប៉ះពាល់​ដល់​តន្ត្រី​ករទាំង​ឡាយ​ប្រហែល ១ ភាគរយ​។ វា​ពិតជា​ពិបាក​ណាស់​ក្នុងការ​ព្យាបាល ហើយ​ការវះកាត់​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​មួយ​”​។

​រោគសញ្ញា​របស់លោក​អា​លី​មាន​សភាព​ធ្ងន់ធ្ងរ ខណៈ​ជំងឺ​នេះ​បាន​ប៉ះពាល់​ម្រាមដៃ​ទាំង​៥​នៅ​ដៃ​ឆ្វេង​របស់គាត់​។​

​ប៉ុន្តែ​សំណាងល្អ ការវះកាត់​នេះ​គឺ​ទទួលបាន​ជោគជ័យ ហើយ​បុរស​នៅ​ដា​ក្កា​រូបនេះ​អាច​ប្រើ​ម្រាមដៃ​ចំនួន ៤ បាន​ពេញលេញ និង​ម្រាមដៃ​កណ្តាល​អាច​ប្រើ​បាន​ខ្លះៗ ក្នុងពេល​កំពុង​វះកាត់​៕ ដោយ៖ កញ្ញាដាលីស

ម្រាមដៃ​របស់លោក តា​ស្គី​ន អ៊ី​ប​ណា អា​លី អាច​ប្រើ​បាន​វិញ​ហើយ