អស្ចារ្យ​! ដំរី​រោម​វែង​ដែល​ផុត​ពូជ​យូរលង់ ជិត​មានជីវិត​លើ​ផែនដី​វិញ​ហើយ​

440
ចែករម្លែក

កោសិកា​បាន​ពី​ហ្វូ​ស៊ី​ល​ដំរី​រោម​វែង ឬ Woolly mammoth មួយ​ក្បាល​ដែល​បាន​ងាប់​តាំងពី ២៨.០០០ ឆ្នាំមុន បានបង្ហាញ​សញ្ញា​ធ្វើ​ចលនា​គួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពី​ត្រូវ​អ្នកវិទ្យាសាស្ត្រ យកទៅ​ផ្សាំ ឬ​ចាក់​បញ្ចូល​ក្នុង​ខ្លួន​សត្វ​កណ្តុរ​។

​កោសិកា​ដែល​ឱ្យ​ឈ្មោះថា Nuclei ត្រូវបាន​យកចេញ​ពី​ខួរឆ្អឹង និង​ជាលិកា​សាច់ដុំ​នៃ ហ្វូ​ស៊ី​ល ដំរី​រោម​វែង​នេះ ដែល​គេ​បាន​រកឃើញ​នៅក្នុង​កំណក​ដី​ទឹកកក​តំបន់​ស៊ី​បេ​រី កាលពី​ឆ្នាំ​២០១១​។​

​ទាំងនេះ​ជា​ភ័ស្តុតាង​បង្ហាញ​ពី​ដំណើរការ​ជីវសាស្ត្រ ដ៏​មាន​សារៈសំខាន់​ដែល​ចាំបាច់ សម្រាប់​ការឈាន​ទៅដល់​ការបែងចែក​កោសិកា​។ នេះ​ជា​សមាសធាតុ​ដ៏​សំខាន់​នៃ​ជីវិត ហើយ​កោសិកា​បន្សាំ​ចំនួន ៥​ក្នុងចំណោម​កោសិកា​បន្សាំ​រាប់សិប​ដែល​គេ​បាន​ផ្សាំ ក្នុង​ស៊ុត​កណ្តុរ បានបង្ហាញ​ពី​ឥរិយាបថ​នេះ​។

​ទោះជា​យ៉ាងណា គ្មាន​កោសិកា​ផ្សាំ​ណាមួយ​បានបង្ហាញ​ពី​ការបែងចែក​កោសិកា ដែល ត្រូវការ​ចាំបាច់​សម្រាប់​បង្កាត់​ពូជ​ដំរី​រោម​វែង​ឱ្យមាន​ជីវិត​លើ​ភពផែនដី​វិញ​នោះឡើយ​។​

​លោក កី មី​យ៉ា​ម៉ូ​តុ (Kei Miyamoto) សមាជិក​ក្រុម​ស្រាវជ្រាវ​នៅ​សកលវិទ្យា​ល័យ គីន​ដាយ (Kindai University) ប្រទេស​ជប៉ុន​ភាគ​ខាងលិច​ដែល​បានធ្វើការ​ពិសោធន៍​នេះ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង ថា “​នេះ​បង្ហាញថា ទោះបីជា​រយៈពេល​ច្រើន​ឆ្នាំ កន្លងផុត​ក្ដីក៏​សកម្មភាព​កោសិកា​នៅតែ​កើតមាន​ហើយ​ផ្នែក​ខ្លះ​នៃ​កោសិកា​នេះ​អាច​យកមក​បង្កើត​ឡើងវិញ​បាន​”៕ ប្រែ​សម្រួលៈ ខុម