អហ​ស្រុក​បាណន់​ឃាត់ខ្លួន​អ្នកលក់​និង​ប្រើប្រាស់​ថ្នាំញៀន​ប្រុស​ស្រី​៤​នាក់​

194

ដោយ​: គ្រញូង / បាត់ដំបង​: ជនសង្ស័យ​ប្រុស​ស្រី​បួន​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការលក់ដូរ​ថ្នាំញៀន និង​ប្រើប្រាស់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​បាន កាលពី​ព្រឹក​ថ្ងៃទី​៨​ខែវិច្ឆិកា​ឆ្នាំ​២០១៨ ​នៅក្នុង​រោង​មួយកន្លែង​ខាងមុខ​អនុវិទ្យាល័យ​ឈើទាល ស្ថិតក្នុង​ភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​បាណន់​។​

​លោក​វរសេនីយ៍ត្រី ប៉ាល់ ពៅ មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​បាណន់ បានឱ្យដឹងថា ជនសង្ស័យ​ទាំង​បួន​នាក់​មាន ១-​ឈ្មោះ ធឿ​ត វ៉ាន់​ថា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​បាណន់ ។ ២-​ឈ្មោះ​សៀក សៅ​លី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​អ្នក​បិទ​ស្កុ​ត​ម៉ូតូ ស់​នៅ​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ​ក្រុង​បាត់ដំបង​។ ៣-​ឈ្មោះ​ជួប​សង្ហា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ធ្វើស្រែ រស់នៅ​ភូមិ​កំពង់​ស្រម៉ ឃុំ​ឈើទាល ស្រុក​បាណន់ និង​៤-​ឈ្មោះ​ម៉ៅ ស្រី​ប៉ោះ ភេទ​ស្រី អាយុ​១៧​ឆ្នាំ មុខរបរ​គ្មាន រស់នៅ​ភូមិ​ឥន្ទជិត ឃុំ​ឈើទាល ស្រុ​បាណន់​។​

​មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​បាណន់​បាន​ប្រាប់ថា ក្រុម​ជួញដូរ​គ្រឿងញៀន​ទាំង​៤​នាក់​នេះ ត្រូវ​កម្លាំង​អាវុធហត្ថ​ស្រុក​បង្ក្រាបបាន ពេល​ពួកគេ​កំពុង​នាំគ្នា​អង្គុយ​ច្រក​ថ្នាំញៀន នៅក្នុង​រោង​មួយ​ស្ថិត​
​នៅខាងមុខ​អនុវិទ្យាល័យ​ឈើទាល ព្រមទាំង​ដកហូត​បាន​វត្ថុតាង​មួយចំនួន​រួមមាន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ICE (​ម៉ា​ទឹកកក​) ចំនួន​២​កញ្ចប់​ធំ មាន​ទម្ងន់​៤,៤៦​ក្រាម​, ថង់​សម្រាប់​ច្រកថ្នាំ​ចំនួន​១២​ដុំ ដែកកេស​០៦, កន្ត្រៃ​០១ និង​ឧបករណ៍​សម្រាប់​ជក់​ថ្នាំញៀន​មួយចំនួនទៀត​។​

​ប្រភព​ដដែល​បញ្ជាក់ថា ក្រោយពេល​ជនសង្ស័យ​ឆ្លើយ​សារភាព​ទទួលស្គាល់ថា ថ្នាំញៀន​ទាំងអស់នេះ ពិតជា​របស់​បក្ខពួក​ខ្លួន​មែន​។ បន្ទាប់មក លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី មាស សុវណ្ណ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ខេត្ត បាន​បញ្ជា​ឱ្យកម្លាំង​ជំនាញ​អាវុធហត្ថ​ស្រុក​ប​ញ្ជុ​ន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​បួន​នាក់ រួម​និង​វត្ថុតាង មកកាន់​ទីបញ្ជាការ​អា​វុ​ធ​ហត្ថ​ខេត្ត ដើម្បី​ចាត់ការ​តាមច្បាប់​៕ ល​