អាការៈ​មហារីកក្រពះ និង​ដំបៅ​ក្រពះ​ខុសគ្នា​ដូច​ម្តេចទៅ​?

1105

​ជំងឺមហារីក​ក្រពះ​ភាគច្រើនបំផុត​គឺជា​ប្រភេទ Adenocarcinoma ដែល​កើតឡើង​ចេញពី​កោសិកា​ក្នុង​បំផុត​នៃ​ភ្នាស​ក្រពះ​។ ចំណែក​ឯង ដំបៅ​ក្រពះ​វិញ​ជា​ដំបៅ​បើកមុខ ដែល​ស្ថិតនៅ​ផ្លូវ​រំលាយ​អាហារ​ខាងលើ​។ វា​មាន​ពីរ​ប្រភេទ​គឺ ដំបៅ​ក្នុង​ក្រពះ និង​ដំបៅ​ក្នុង​ពោះវៀន​តូន​។

​ពេលខ្លះ ជំងឺមហារីក​ក្រពះ ឬ​ដំបៅ​ក្រពះ​ពោះវៀន​ក៏​មិនមាន​រោគសញ្ញា​ដែរ ហើយ​បើសិន​ជាមាន វា​ប្រហែលជា​មានការ​ចង្អោ និង​លែង​ខ្លាន​អាហារ​ដោយ​មិនមាន​ហេតុផល​ច្បាស់លាស់​ទេ​។

​សញ្ញា​ស្រដៀង​គ្នា​ផ្សេងៗ​ទៀត​នៃ​ជំងឺ​ដំបៅ​ក្រពះ និង​មហារីកក្រពះ​គឺ ស្រក​ទម្ងន់ និង​កង្វះ​គ្រាប់​ឈាម​។ រោគសញ្ញា​នៃ​ជំងឺ​កង្វះ​គ្រាប់​ឈាម​មានដូចជា​៖
– ខ្សោយ​
– អស់កម្លាំង​
– បេះដូង​ដើរ​ញ៉ាប់​
– ស្បែក​ស្លេកស្លាំង​

​សញ្ញា​ដំបូង​នៃ​ជំងឺ​មហារីកក្រពះ​ដែល​ខុសគ្នា​ពី​ដំបៅ​ក្រពះ​មានដូចជា​៖
– មិន​ស្រួល​ក្នុង​ពោះ​ផ្នែក​ខាងលើ​តិចតួច​
– ពិបាក​លេប​អាហារ​ដោយសារ​តែមាន​ដុំ​សាច់​
– មាន​អារម្មណ៍​ថា​ណែនៗ​ក្រោយពី​ញ៉ាំ​អាហារ​តិចតួច​ទៅជា​មួយ​

​រោគសញ្ញា​នៃ​មហារីកក្រពះ​យឺត​ពេល​ដែលមាន​លក្ខណៈ​ខុសគ្នា​នឹង​ដំបៅ​ក្រពះ​ពោះវៀន​មានដូចជា​៖
– អស់កម្លាំង​
– ចង្អោ និង​ក្អួត​ធ្ងន់ធ្ងរ​
– ស្រក​ទម្ងន់​
– កង្វះ​គ្រាប់​ឈាម​
– ក្អួត​ឈាម ឬ​មាន​កំណក​ខ្មៅៗ​ចេញ​តាម​កំអួត​ដែល​មើលទៅ​ដូច​កាក​កាហ្វេ ឬ​លាមក​ខ្មៅ​ដោយសារតែ​ការហូរ​ឈាម​។​

​សញ្ញា​ភ្លាមៗ​ដំបូង​នៃ​ដំបៅ​ក្រពះ​គឺ​ការឈឺចាប់​នៅ​ពោះ​ខាងលើ​ធ្ងន់ធ្ងរ​។ ជាធម្មតា ការ​ឈឺពោះ​ប្រភេទ​នេះ​មិនកើត​ឡើងលើ​ជំងឺមហារីក​ក្រពះ​ឡើយ​។

​រោគសញ្ញា​ញឹកញាប់​បំផុត​នៃ​ដំបៅ​ក្រពះ​គឺ​ឈឺពោះ និង​ក្អួត​។​

​ជំងឺមហារីក​ក្រពះ​បង្កឡើង​ដោយ​កត្តា​ប្រឈមមុខ​ជាច្រើន​ដូចជា​៖
– ស្ថានភាព​រស់នៅ​ក្រីក្រ​
– មនុស្ស​ប្រុស​
– អាយុ​ច្រើន​
– ជក់បារី​
– មាន​ជំងឺ​កង្វះ​គ្រាប់​ឈាម​ដោយសារតែ​កង្វះ​វីតាមីន B12
– របប​អាហារ​កង្វះ​បន្លែ​និង​ផ្លែឈើ​ស្រស់ តែ​សម្បូរ​ជាតិ​ប្រៃ ឬ​សាច់មាន​ផ្សែង​ច្រើន​
– គ្រួសារ​ធ្លាប់មាន​ជំងឺមហារីក​ក្រពះ​
– មាន​ឈាម​ក្រុម A
– មានការ​បង្ក​រោគ​ដោយ​មេរោគ​ក្នុង​ក្រពះ Helicobacter Pylori រ៉ាំរ៉ៃ​

​ជំងឺ​ដំបៅ​ក្រពះ ឬ​ពោះវៀន​បង្កឡើង​ដោយ​អតុល្យភាព​រវាង អាស៊ីត​ក្រពះ និង​អង់ស៊ីម Pepsin ដែល​វា​ធ្វើ​ឲ្យ​សមត្ថភាព​របស់​ផ្លូវ​ក្រពះ​ពោះ​មិនអាច​ការពារ​ខ្លួនឯង​ពី​សារធាតុ​ដែល​បង្ក​គ្រោះថ្នាក់​បាន​។ កត្តា​ប្រឈមមុខ​ដែល​នាំ​ឲ្យ​មាន​អតុល្យភាព​រឿងនេះ​រហូត​ដល់​ដំបៅ​ក្រពះ​បាន​មានដូចជា​៖
– ការបង្ក​រោគ​ដោយ​មេរោគ​ក្នុង​ក្រពះ H. Pylori
– ប្រើ​ថ្នាំ​ពពួក Aspirin និង Nonsteroidal Anti-inflammatory Drugs (NSAIDs) ដូចជា Ibuprofen (Advil) និង Naproxen (Aleve, Naprosyn)
– គ្រឿង​ស្រវឹង​
– ស្ត្រេ​ស​រាងកាយ​
– ជាតិ​កាហ្វេ​អ៊ី​ន​
– ជក់បារី​
– ការព្យាបាល​ដោយ​បាញ់​កាំរស្មី​
– អាយុ​ច្រើន​ហើយ​មាន​ជំងឺ​ដូចជា​រលាក​សន្លាក់​
– មាន​ដំបៅ ឬ​ហូរឈាម​ក្នុង​ពោះវៀន​

​ដំបៅ​ពោះវៀន​មិនមែនជា​ជំងឺមហារីក​ទេ​។ ជា​ម្តងម្កាល ដំបៅ​ក្រពះ​អាច​ក្លាយទៅជា​មហារីក​បាន​។

​ការ​ក្អួត​ធ្លាក់ឈាម លាមក​ពណ៌​ខ្មៅ ឬ​មាន​ឈាម​ក្នុង​លាមក ក៏​ប្រ​ហែ ជា​សញ្ញា​នៃ​មហារីក ក្រពះ និង​ដំបៅ​ក្រពះ​ដែរ​។ បើសិនជា​អ្នកមាន​រោគសញ្ញា​ទាំងនេះ ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ​ដើម្បី​ព្យាបាល​ឲ្យ​បាន​លឿន​បំផុត​៕ ប្រភព​: www.health.com / ប្រែ​សម្រួល​៖ វេជ្ជ​. ម៉េង សុខ​សៀន​