អាកាសធាតុ​កាន់តែ​ត្រជាក់​អាជ្ញាធរ​ឱ្យ​ពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​

474
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី​៖​ខ្យល់​ដែល​លាយឡំ​ជាមួយនិង​ភាព​ត្រជាក់​បាន​បន្ត​បោកបក់​មកលើ​ទឹកដី​នៃ​ខេត្តមណ្ឌលគិរី​ពិសេស​គឺ​ក្រុង​សែន​មនោ​រម្យ​និង​ស្រុក​អូររាំង​ដែល​តំបន់​ទាំងពីរ​នេះ​មាន​រយៈ​កំពស់​ខ្ពស់​បង្ក​ឱ្យ​ភាព​ត្រជាក់​មាន​កម្រិត​ខ្ពស់ជាង​បណ្តា​ស្រុក​ឯទៀត​។​អាជ្ញាធរ​បានឱ្យ​ប្រជាពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​បញ្ហា​សុខភាព​។​

​ផ្អែកទៅលើ​ឧបករណ៍ ស្ទង់​សីតុណ្ហភាព សម្រាប់​ក្រុង​សែន​មនោ​រម្យ​នៅពេល​យប់​គេ​សង្កេតឃើញថា មាន​សីតុណ្ហភាព​រហូតដល់​១៩​អង្សា​សេ​ហើយ​សីតុណ្ហភាព​ពេល​ថ្ងៃ​អាច​ឡើង​បានត្រឹមតែ​ចន្លោះ​ពី​២១​ទៅ​២៤​អង្សា​សេ​តែប៉ុណ្ណោះ​។​

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្រុង​សែន​មនោ​រម្យ​បាន​ឲ្យ​ដឹងថា​ខ្យល់​ត្រជាក់​នេះ​បាន​បង្ករ​ឲ្យ​ស្បែក​មាន​សភាព​ស្ងួត​និង​មាន​អាកា​រៈ​រាង​ឈឺច្រមុះ​បន្តិចបន្តួច​។​ចំពោះ​អ្នកមាន​សុខភាព​ទន់ខ្សោយ ឬក៏​កុមារ មាន​បញ្ហា​ផ្ដាសាយ ប៉ុន្តែ មិនមាន​ជា​បញ្ហា​ធ្ងន់ធ្ងរ​អ្វី​នោះទេ​។​

​ស្រប​ពេលដែល​អាកាសធាតុ ក្នុង​ខេត្តមណ្ឌលគិរី កំពុង​តែមាន​ការចុះ​ត្រជាក់​នេះ ក្រសួង ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង ស្ដីពី​ការចុះ​ត្រជាក់​ជា​លើក​ទី​២​កាលពី​ថ្ងៃទី​១៧​ខែមករា ឆ្នាំ​២០១៩ ផងដែរ​។​នៅក្នុង សេចក្តីជូនដំណឹង​នោះបាន​បញ្ជាក់ថា​៖ បន្ទាប់ពី​បាន​តាមដាន​លើ​ស្ថានភាព អាកាសធាតុ​រួចមក​នៅ​ថ្ងៃទី​២៤​ដល់​២៧​ខែមករា​ឆ្នាំ​២០១៩​ជ្រលង​សម្ពាធ​ខ្ពស់​។​

​បង្កើន​ឥទ្ធិពល​ខ្លាំង​មកលើ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​លក្ខណៈ​បែបនេះ នឹង​បង្ករ​ឲ្យ​អាកាសធាតុ នៅក្នុង​ប្រទេស​កម្ពុជា​ចុះ​ត្រជាក់​សាជាថ្មី​ម្ដងទៀត​ចាប់ពី​ថ្ងៃទី​២៥​ដល់​ថ្ងៃទី​២៧​ខែមករា​ពិសេស​នៅលើ​តំបន់​ជួរ​ភ្នំ​ខេត្ត​មណ្ឌល​គី​រី​និង​ខេត្តព្រះវិហារ​ដែល​សីតុណ្ហភាព​អប្បបរមា​អាច​នឹង​ធ្លាក់​ចុះមក​នៅក្នុង​រង្វង់​ពី​១៧​ទៅ​១៧​អង្សា​សេ​។

​នៅក្នុង​សេចក្តីជូនដំណឹង ពី​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ថ្នាក់ដឹកនាំ​ក្រសួង​នេះ បាន​ក្រើនរំលឹក ដល់​ប្រជាពលរដ្ឋ​ជាពិសេស​វីរ​កងទ័ព​ដែល​ឈរជើង​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក​និង​នៅ​ខ្ពង់រាប​ភាគ​ឦសាន​បង្កើន​ការប្រុងប្រយ័ត្ន ចំពោះ​អាកាសធាតុ ដែល​នឹង​ចុះ​ត្រជាក់​នេះ​៕S/

#