អាកាសយានដ្ឋាន​ខេត្តស្ទឹងត្រែង រាជរដ្ឋាភិបាល​កំពុង​ស្វែងរក​ដៃគូ​ឯកជន​ដើម្បី​សាងសង់​

2107
ចែករម្លែក

ដោយ:ច្រាយចំណាន/ភ្នំពេញៈរដ្ឋាភិបាលកម្ពុជាកំពុងស្វែងរកដៃគូឯកជនដើម្បីវិនិយោគឡើងវិញនូវ​អាកាស​យានដ្ឋាន​ខេត្តស្ទឹងត្រែង ដែល​ត្រូវ​ចំណាយ​អស់​ទឹកប្រាក់​ប្រមាណ​៤០​លាន​ដុល្លារ​អាមេរិក​។​

ព្រលានយន្តហោះ​ខេត្តស្ទឹងត្រែង​បច្ចុប្បន្ននេះ​(​រូបថត​ឯកសារ​)​

​អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល លោក​ស៊ិន ចាន់​សិរី​វុត្ថា​បាន​ប្រាប់​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាល​ពី​ព្រឹក​ថ្ងៃទី​៩​ខែឧសភា​នេះ​ថា រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល បាននិងកំពុង​ស្វះ​ស្វែងរក​ដៃគូ​វិនិយោគ​ពី​វិស័យ​ឯកជន តាមរយៈ​មធ្យោបាយ​ពីរ ។​ទី​១ ធ្វើឡើង​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ទាញយក​គម្រោង​នេះ​ពី​គោលនយោបាយ​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​របស់​ចិន​។ គម្រោង​នេះ​បានដាក់​ទៅកាន់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រួចហើយ និង​ទី​២ តាមរយៈ​ធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បី​ឲ្យ​ធនាគារ​នេះ​ជួយ​ស្វែងរក​ដៃគូ​វិនិយោគ​ពី​វិស័យ​ឯកជន​។​

​លោក​បន្តថា “​ការវិនិយោគ​សាងសង់​ព្រលាន​នេះ​ឡើងវិញ ត្រូវការ​ទឹកប្រាក់​ប្រមាណ​៤០​លាន​ដុល្លារ ដែលមាន​ទំហំ​ទឹកប្រាក់​ច្រើន ហើយ​អ្នកវិនិយោគ​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន ដើម្បី​ទាញយក​ផលចំណេញ​ត្រលប់​វិញ​”​។​លោក​បន្តថា​“​ទំហំ​ទឹកប្រាក់​នេះ​អាច​ប្រើប្រាស់​បាន​សម្រាប់​ពង្រីក​ព្រលាន ដែល​អាច​ចុះចត​អាកាសចរណ៍​ក្នុងស្រុក​ប៉ុណ្ណោះ​”​។​

​លោក ចាន់​សិរី​វុត្ថា​បាន​បន្តថា បច្ចុប្បន្ន​ព្រលានយន្តហោះ​ខេត្តស្ទឹងត្រែង ស្ថិតក្រោម​ការគ្រប់គ្រង​ដោយ​អាជ្ញាធរ​ខេត្ត ហើយ​ជំនាន់​លោក​ឡូយ សុផាត​ជា​អភិបាលខេត្ត លោក​បាន​ទុក​ដី​ខ្លះ សម្រាប់​ពង្រីក​ព្រលាន​នេះ ប៉ុន្តែ​រហូតមកទល់​ពេលនេះ យើង​មិនដឹងថា​មានការ​ប្រែប្រួល​យ៉ាងណា​នៅឡើយ​ទេ​។​

​ព្រលានយន្តហោះ​ខេត្តស្ទឹងត្រែង ជា​ព្រលាន​មួយ​ដែលមាន​ការរក្សា​ទុក​បាន​ល្អប្រសើរ​ជាងគេ បើ​ធៀប​នឹង​បណ្តា​ព្រលានយន្តហោះ​នៅតាម​បណ្តា​ខេត្ត នៃ​ទឹកដី​ភូមិភាគ​ឥ​សាន្ត​នានា​។​

​លោក​ហូ វណ្ឌី​ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​និយាយថា ប្រសិន​ជាមាន​ព្រលានយន្តហោះ​ខេត្តស្ទឹងត្រែង លោកស្រី​ជឿថា ខេត្ត​នៅតាម​បណ្តា​ភូមិភាគ​ឦ​សាន្ត​នឹងមាន​ការរីកចម្រើន​លឿន ពិសេស​ភ្ញៀវ​ទេសចរ​នឹង​ទៅ​ទស្សនា​កាន់តែច្រើន ព្រោះ​ពួកគេ​ចំណាយពេល​តិច​ក្នុងការ​ធ្វើដំណើរ​។​លោក​បន្តថា “​ទោះបី​ការធ្វើ​ដំណើរការ​ផ្លូវគោក​មាន​ភាពងាយស្រួល​ក្តី ក៏​ការធ្វើដំណើរ​ត្រូវ​ចំណាយពេល​យូរ ហេតុនេះ​ប្រសិន​ជាមាន​ព្រលានយន្តហោះ នឹងធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​មិនចាំបាច់​ចំណាយពេល​ច្រើន​”​។​លោក​បន្តថា “​ខេត្តស្ទឹងត្រែង​ក៏​ជា​ខេត្ត​ងាយស្រួល​ក្នុង​ការតភ្ជាប់​ទៅ​បណ្តា​ខេត្ត​នៅ​ភូមិភាគ​ឥ​សាន្ត​ដទៃទៀត ដូចជា​ក្រចេះ រតនគិរី និង​ខេត្តមណ្ឌលគិរី​”​។​

​ ​អ្នកវិនិយោគ​រមណីយ​ដ្ឋា​ន មេគង្គ ប៊ឺ​ត​(Mekong Bird)​នៅក្នុង​ទី​រួម​ខេត្តស្ទឹងត្រែង លោក​ថោង អូន បាន​ស្វាគមន៍ចំពោះដំណឹងនេះ៕មន