អាកាសយានដ្ឋាន​វិនិយោគ​២​ពាន់​លាន​ដុល្លារ ​នៅ​តារា​សាគរ​នឹង​បញ្ចប់​ការសាងសង់​ក្នុង​ខែឧសភា ​ឆ្នាំ​២០២០

1382
ចែករម្លែក

ដោយៈ​សុផល​/​កោះកុង​៖​អាកាសយានដ្ឋាន​នៅ​តំបន់​អភិវឌ្ឍ​ន៍តារា​សាគរ​ខេត្តកោះកុង ​ដែល​សាងសង់​ក្នុង​ទំហំ​ទឹកប្រាក់​២,២​ពាន់​លាន​ដុល្លារ​ នឹង​បញ្ចប់​ការសាងសង់​នៅ​ខែឧសភា​ឆ្នាំ​២០២០​ខាងមុខ​។​ការហោះហើរ​សាកល្បង​នឹងធ្វើ​ឡើង​នៅ​ខែតុលា រីឯ​ការហោះហើរ​ផ្លូវការនៅ​ខែធ្នូ​ ឆ្នាំ​២០២០​។

​លោក WANG CHAO អនុប្រធាន​ក្រុមហ៊ុន Union Development Group(UDG)​បាន​មានប្រសាសន៍ថា “​យើង​គ្រោង​សាងសង់​ព្រលានយន្តហោះ​នេះ​ឱ្យ​ហើយ​ស្ថាពរ​នៅ​ខែឧសភា​ឆ្នាំ​២០២០ ​ហើយ​នៅ​ខែតុលា​យើង​នឹងធ្វើ​ការហោះហើរ​សាកល្បង​ ជាពិសេស​នៅ​ខែធ្នូ​ចុងឆ្នាំ​២០២០​យើង​នឹង​ហោះហើរ​ជា​ផ្លូវការ​តែម្ដង​”​។​

​លោក WANG CHAO​បានឱ្យដឹង​បន្ថែមថា ​នៅពេល​ព្រលានយន្តហោះ​ដំណើរការ​ក្រុមហ៊ុន​របស់លោកនឹងធ្វើ​ការបណ្ដុះបណ្ដាល ជំនាញ​វិជ្ជាជីវៈ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដើម្បី​ប្រើប្រាស់​កម្លាំង​ពលកម្មក្នុងស្រុក​ឱ្យបាន​កាន់តែច្រើន​បន្ថែម​ទៀត​។ ខណៈ​បច្ចុប្បន្ននេះ​ចំណេះដឹងរបស់​ប្រជាពលរដ្ឋ​ខ្មែរនៅ​ជុំវិញ​តំបន់​នោះ​មាន​កម្រិត ដូច្នេះ​ទើប​អាច​ត្រឹមតែធ្វើ​ការងារ​ស្រាលៗ​តែប៉ុណ្ណោះ​។​

​អនុប្រធាន​ក្រុមហ៊ុន UDG​ឱ្យដឹង​បន្តថា អាកាសយានដ្ឋាន​នៅជាប់​សមុទ្រ​និង​ភ្នំ​នេះ នឹងមានជើងយន្តហោះ​ហើរត្រង់​ទៅកាន់​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដែល​អាច​នឹង​នាំ​ភ្ញៀវទេសចរ​បរទេសកាន់តែច្រើន​បន្ថែមទៀត​មកឱ្យ​ប្រទេស​កម្ពុជា​។​អាកាសយានដ្ឋាន​អន្តរជាតិ​នេះ​អាច​ទទួលភ្ញៀវ​៥​លាន​នាក់​ក្នុង​១​ឆ្នាំ​។​

អាកាសយានដ្ឋាន​ប្រភេទ​ F4​ នេះ​មាន​ពីស​សម្រាប់​ឡើង​និង​ចុះចត​ប្រវែង​៣.២០០​ម៉ែត្រ​ នឹង​អាច​ផ្ទុក​យន្តហោះ​ប្រមាណ​៤០០​គ្រឿង​។​ក្នុងនោះ​យន្តហោះ​ធុន​ធំ​ប្រភេទ​៧៧៧​ក៏​អាច​ចុះចត​បាន​។​តែ​លោក WANGCHAO​បាន​បញ្ជាក់ថា​៖​មិនមាន​យន្តហោះ​ចម្បាំង​ឬ​ប្រភេទ​ប្រដេញ​ទេ​ គឺ​មានតែ​យន្តហោះ​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​។​

សូមជម្រាបថា​ កាលពីពេល​ថ្មីៗ​នេះ​សមាគម​អ្នកសារព័ត៌មានកម្ពុជា ចិន (​សស​កច​) បានមក​បំពេញ​ទស្សនកិច្ច​ស្វែងយល់​តំបន់​អភិវឌ្ឍន៍​តារា​សាគរ របស់​ក្រុមហ៊ុន​Union Development Group(UDG)​ដែល​ទទួលបាន​សិទ្ធ​វិនិយោគ ពី​រាជរដ្ឋាភិបាល​រយ​:​ពេល​៩០​ឆ្នាំ ក្នុង​ទំហំ​វិនិយោគទុនជាង​៣​ពាន់​លាន​ដុល្លារ​សហរដ្ឋអាម៉េរិក​៕S/Ha

​ចំណងជើង​រូ​បថ​តៈ​អាកាសយានដ្ឋាន​តារា​សាគរ ខេត្តកោះកុង នឹង​បញ្ចប់​ការសាងសង់ នៅ​ខែឧសភា​ឆ្នាំ​២០២០(​រូបៈ​សុផល​)

#