អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​មាន​ជើងហោះហើរ​ពី ៧០ ទៅ ៩០ ជើង ក្នុង​មួយថ្ងៃៗ​

1736
ចែករម្លែក
  • 270
    Shares

​ដោយ​:​ម៉េង​ឆៃ​/​ភ្នំពេញ​: នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ សព្វថ្ងៃ មាន​ជើងហោះហើរ ចាប់ពី ៧០ ទៅ ៩០ ជើង ក្នុង ១​ថ្ងៃៗ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោកស្រី Chloé Lapeyre នាយិកា​គ្រប់គ្រង​ទូទៅ​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​

.​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​មាន​ជើងហោះហើរ​ពី ៧០ ទៅ ៩០ ជើង ក្នុង​មួយថ្ងៃៗ​(​រូបថត ហ្គូ
​ហ្គ​ល​)

​លោកស្រី Chloé Lapeyre បាន​ថ្លែងថា ការធ្វើដំណើរ​តាមផ្លូវ​អាកាស មានការ​រីកលូតលាស់​យ៉ាង​ឆាប់​រហ័ស​។ ជាក់ស្តែង គិតពី​ដើម​ឆ្នាំនេះ ធៀប​នឹង​ដើមឆ្នាំ​មុន មាន​កំណើន​អ្នកធ្វើដំណើរ​ប្រមាណ ៣០​ភាគរយ​។ បច្ចុប្បន្ន មាន​ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន បាន​បង្កើតឡើង​នា​ដើមឆ្នាំ​នេះ​។ ដូច្នេះ តាម​និន្នាការ​ជាក់ស្តែង ជើងហោះហើរ​អន្តរជាតិ គឺមាន​កំណើន​លឿន​រហ័ស​។

​លោកស្រី Chloé Lapeyre បន្តថា ក្រុមហ៊ុន​អាកាសចរណ៍ ដែល​ផ្តល់​ជើងហោះហើរ នៅក្នុង​ស្រុក គឺ​គិត​ត្រឹម​ខែកក្កដា ឆ្នាំ​២០១៨ នេះ មានតែ ៦ ក្រុមហ៊ុន​ប៉ុណ្ណោះ ហើយ​ការហោះហើរ មាន​ត្រឹមតែ​ពី ៧ ទៅ ១០ ជើង​ប៉ុណ្ណោះ ក្នុង​មួយថ្ងៃ ឬ​ស្មើនឹង ១០% នៃ​ជើងហោះហើរ​សរុប​។​

លោកស្រីបានលើកឡើង​ដូច្នេះ ក្នុង​ពិធី​ប្រកាស​បើក​ជើងហោះហើរ​ក្នុងស្រុក​របស់​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា Cambodia Airway នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨​។ ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា Cambodia Airway បាន​បោះទុន​វិនិយោគ ២០០ លាន​ដុល្លារ​អាមេរិក ដោយ​ប្រើប្រាស់​យន្តហោះ​ពីរ​គ្រឿង ដើម្បី​បម្រើ​សេវាកម្ម​ដឹកជញ្ជូន​អ្នកដំណើរ​តាមផ្លូវ​អាកាស ពី​ភ្នំពេញ ទៅ​ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ​។​

​ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​អាកាសចរ​ស៊ីវិល​ឆ្នាំ​២០១៣-២០១៧ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​២០១៨-២០២៣ កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៨ រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល លើក​បង្ហាញ​ថា រហូតដល់​ដើមឆ្នាំ​២០១៨​នេះ កម្ពុជា មាន​ក្រុមហ៊ុន​អាកាសចរណ៍​ឯកជន​ក្នុងស្រុក ចំនួន ១០ ក្រុមហ៊ុន កំពុង​ប្រតិបត្តិ​ការហោះហើរ ដឹកជញ្ជូន​អ្នកដំណើរ និង​ទំនិញ នៅ​កម្ពុជា​។ រីឯ​ក្រុមហ៊ុន​អាកាសចរណ៍​បរទេស មាន​ចំនួន ៤០ ក្រុមហ៊ុន​។​

​លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល បានប្រកាសថា នៅ​ឆ្នាំ​២០១៨​នេះ រាជរដ្ឋាភិបាល បានអនុញ្ញាត​ឲ្យ​មានការ​សាងសង់​អាកាស​យានដ្ឋាន​អន្តរជាតិ​ថ្មី​បី​បន្ថែមទៀត គឺ​នៅក្នុង​ខេត្តកណ្តាល ខេត្តសៀមរាប និង​អាកាសយានដ្ឋាន​អន្តរជាតិ ១​ទៀត នៅ​ខេត្តកោះកុង​។ អាកាសយានដ្ឋាន​ទាំងបី​ថ្មី​នេះ ធ្វើឡើង តាមរយៈ​ការចូលរួម​ភាពជា​ដៃគូ រវាង​រដ្ឋ និង​ឯកជន​។​​គិត​មកដល់​ដើមឆ្នាំ​២០១៨​នេះ កម្ពុ​ជាមាន​អាកាសយានដ្ឋាន​អន្តរជាតិ​ចំនួន​បី កំពុងដំណើរការ​រួមមាន អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប និង​អាកាសយានដ្ឋាន​អន្តរជាតិ ខេត្ត​ព្រះសីហនុ​។​

​ជាមួយគ្នា​នោះ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល ក៏បាន​ប្រកាស​ពី​កំណើន​អ្នកដំណើរ​តាមផ្លូវ​អាកាស​នៅ​ឆ្នាំ​២០១៧ បាន​កើន​ដល់​ចំនួន ៨​លាន​នាក់ ដែល​បានចេញ​-​ចូល នៅ​អាកាសយានដ្ឋានអន្តរជាតិ​ទាំងបី​របស់​ប្រទេស​កម្ពុជា គឺ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ខេត្តសៀមរាប និង​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​។ ចំណែក​កំណើន​ការដឹកជញ្ជូន​ទំនិញ តាមផ្លូវ​អាកាស នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំងបី​នេះ ក៏បាន​ឈានដល់​ចំនួន ៦០ ពាន់​តោន​។​
​រីឯ​ចំនួន​ជើងហោះហើរ ( Flight Movement ) ក៏​ត្រូវបាន​លេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល ប្រកាសថា អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មាន​ចំនួន​ជា​មធ្យម ៥៥ ជើង ក្នុង​មួយថ្ងៃ ឬ ១៦៥០ ជើង ក្នុង​មួយខែ​។ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប មាន​ចំនួន​ជា​មធ្យម ៥៧ ជើង ក្នុង​មួយថ្ងៃ ឬ ១៧១០ ជើង ក្នុង​មួយខែ និង​អាកាសយានដ្ឋាន​អន្តរជាតិ ខេត្ត​ព្រះសីហនុ មាន​ចំនួន​ជា​មធ្យម ៨ ជើង ក្នុង​មួយថ្ងៃ ឬ ២៤០ ជើង ក្នុង​មួយខែ​៕ សរន

.​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​មាន​ជើងហោះហើរ​ពី ៧០ ទៅ ៩០ ជើង ក្នុង​មួយថ្ងៃៗ​(​រូបថត ហ្គូ
​ហ្គ​ល​)