អាកាសយានិក​រុស្ស៊ី ក្លាយជា​វីរបុរស​សង្គ្រោះ​អ្នកជិះ​ជាង ២០០ នាក់​

272
ចែករម្លែក

​អ្នកបើក​យន្តហោះ​រុស្ស៊ី ម្នាក់​ត្រូវបាន​មហាជន​គោរព​កោតសរសើរ​ថា​ជា​វីរបុរស ដ៏​អស្ចារ្យ​កាលពី​ថ្ងៃទី​១៥ ខែសីហា ដែល​បាន​បញ្ជា​យន្តហោះ Airbus ផ្ទុក​មនុស្ស ២៣០ នាក់​ឱ្យ​ចុះចត​បន្ទាន់​ក្នុង​ចម្ការពោត​ស្ថិតក្នុង​ក្រុង​ម៉ូស្គូ ប្រទេស​រុស្ស៊ី​បន្ទាប់ពី​ហោះ​បុក ហ្វូងបក្សី​។​
​ ​
ទីភ្នាក់ងារ​ដឹកជញ្ជូន​ផ្លូវអាកាស​រុស្ស៊ី Rosaviatsia បានចេញ​សេចក្ដីថ្លែងការណ៍​ថា ជើងហោះហើរ A321 របស់​ក្រុមហ៊ុន​អាកាសចរណ៍ Ural Airlines ដែល​ហោះ​ឆ្ពោះ ទៅ​តំបន់​គ្រី​មៀ បាន​បុក​ហ្វូងបក្សី​រំពេរ ឬ seagull ធ្វើឱ្យ​គាំងម៉ាស៊ីន បន្ទាប់ពី​ហោះ ឡើង​បាន​បន្តិច​ពី​អាកាសយានដ្ឋាន ហ្ស៊ូ​កូ​ស្គី (Zhukovsky Airport) នៅ​ចម្ងាយ​ប្រមាណ ៤០ គីឡូម៉ែត្រ​នា​ភាគ​អាគ្នេយ៍​ក្រុង​មូ​ស្គូ​។​

​ភ្លាមនោះ អ្នកបើក​យន្តហោះ​ក៏បាន​សម្រេចចិត្ត​ចុះចត​បន្ទាន់​ក្នុង​ចម្ការពោត​ចម្ងាយ មួយ​គីឡូម៉ែត្រ​ពី​ផ្លូវ​យន្តហោះ​រត់ ហើយ​អ្នកដំណើរ​ទាំង ២២៦ នាក់ និង​អាកាសយានិក ទាំង ៧ នាក់​នៅលើ​យន្តហោះ​នេះ​ក៏បាន​រួច​ផុតពី​ស្លាប់​។ ទាក់ទិន​ករណីនេះ ក្រសួង សុខាភិបាល​និយាយថា មនុស្ស ២៣ នាក់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ ប៉ុន្តែ​ជា សំណាងល្អ​គ្មាន​អ្នករងរបួស​ធ្ងន់​ទេ​៕ ប្រែ​សម្រួលៈ​ខុម​

#