អាកាស​យាន្ត​ដ្ឋា​ន​វាល​បែក​ចាន​ខេត្តបាត់ដំបង​ត្រៀម​បើក​ដំណើរការ​ឡើងវិញ​

297
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបង​៖​ព្រលានយន្តហោះ​វាល​បែក​ចាន​ស្ថិតក្នុង​ភូមិ​រំចេក​៤​សង្កាត់​រតនៈ​ក្រុង​បាត់ដំបង​ដែល​លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​ផ្អាក​ដំណើរការ​រាប់សិប​ឆ្នាំ​មកហើយ​អាច​ដំណើរការ​ដឹកជញ្ជូន​អ្នកដំណើរ​និង​ទំនិញ​តាម​ជើងយន្តហោះ​ឡើងវិញ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​

​យោងតាម​ប្រសា​សន៍ដ៍​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​ប្រមុខ​រាជរដ្ឋាភិបាល​កាលពីពេល​ថ្មីៗ​នេះ​ជុំវិញ​ការដាក់ឱ្យ​ដំណើរការ​ឡើងវិញ​នូវ​អាកាសយានដ្ឋាន​វាល​បែក​ចាន​ខេត្តបាត់ដំបង​សំដៅ​ឱ្យ​ការដឹកជញ្ជូន​តាមផ្លូវ​អាកា​សមាន​និរន្តរភាព​ឡើងវិញ​។​

​បច្ចុប្បន្ន​ទីតាំង​ព្រលានយន្តហោះ​វាល​បែក​ចាន​ខេត្តបាត់ដំបង​ពេល​ថ្ងៃ​មាន​សភាព​ស្ងប់ស្ងាត់​មិនសូវមាន​មនុស្ស​ចេញចូល​ទេ​។​ប៉ុន្តែ​ចាប់ពី​ម៉ោង​៥​ល្ងាច​រហូតដល់​យប់​មាន​ប្រជាពលរដ្ឋ​ដែល​រស់​នៅក្បែរនោះ​មិន​ថា​ថ្ងៃ​សៅរ៍​ឬ​ថ្ងៃអាទិត្យ​នាំ​ក្រុមគ្រួសារ​ដើរលេង​កម្សាន្ត​។​ពិសេស​អ្នកដើរ​ហាត់ប្រាណ​និង​មាន​ក្រុមយុវជន​យុវនារី​ស្រូបយក​ខ្យល់អាកាស​ល្អ​បរិសុទ្ធ​ផងដែរ​។​

​ការត្រៀម​បើក​ឱ្យ​ដំណើរការ​ព្រលានយន្តហោះ​វាល​បែក​ចាន​ខេត្តបាត់ដំបង​នេះ​គឺ​យោងតាម​កិច្ចប្រជុំ​បស់​រដ្ឋបាលខេត្ត​ជាមួយ​អ្នកបើកបរ​យន្តហោះ​ជនជាតិ​បារាំង​និង​សហការី​។​បាន​ជួបពិភាក្សា​ការងារ​បង្ហាញ​ពី​គោលបំណង​បើក​ឱ្យ​ដំណើរការ​ឡើងវិញ​ព្រលានយន្តហោះ​វាល​បែក​ចាន​ដោយ​ដំបូង​ប្រើ​យន្តហោះ​ខ្នាតតូច​សម្រាប់តែ​ដឹក​អ្នកដំណើរ​។​ដែលមាន​ភារកិច្ច​សំខាន់​ចង់​ធ្វើដំណើរ​ពី​បាត់ដំបង​ទៅ​ភ្នំពេញ​ឬ​ពី​ភ្នំពេញ​មក​ខេត្តបាត់ដំបង​វិញ​បាន​ឆាប់រហ័ស​ទាន់​ចិត្ត​។​

​ដោយមាន​ការឯកភាព​រវាង​រដ្ឋបាលខេត្ត​ជាមួយ​លេខា​ដ្ឋា​ន​អាកាសចរ​ស៊ីវិល​កម្ពុជា​បាន​ជួបប្រជុំគ្នា​ដោយបាន​បង្កើតជា​គណៈកម្មកា​រ​មួយ​ចុះ​ស្រង់​ស្ថិតិ​អ្នក​ដែល​រស់នៅក្នុង​ដី​ព្រលានយន្តហោះ​ហើយ​រា​ការណ៍​ទៅ​លេខា​ដ្ឋា​ន​អាកាសចរ​ស៊ីវិល​កម្ពុជា​។​ធ្វើការ​ដោះស្រាយ​គោលនយោបាយ​រួចរាល់​ហើយ​ទើប​ដាក់ឱ្យ​រៀបចំ​ជួសជុល​នឹង​ដំណើរការ​ឡើងវិញ​បាន​។​

​លោក​ងួន​រតនៈ​អភិបាលខេត្ត​បាន​សហការ​ក្នុងការ​ព​ន្លឿ​ន​ប្រមូល​ទិន្នន័យ​ឱ្យបាន​ច្បាស់លាស់​ដើម្បី​រាយការណ៍​ប្រាប់​គណៈកម្មការ​បច្ចេក​ទេស​ហើយ​ចុះ​អនុវត្ត​ការជួសជុល​និង​សាងសង់​ជា​ជំ​ហ៊ានៗ​ដើម្បី​ឱ្យបាន​ឆាប់​ដំណើរការ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​៕S/

​រូបថត​៖​ទីតាំង​ព្រលានយន្តហោះ​វាល​បែក​ចាន​ខេត្តបាត់ដំបង​ត្រៀម​បើក​ឲ្យ​ដំណើរការ​ឡើងវិញ​