អាគារ​ពេទ្យ​តម្លៃ​៨៧​ម៉ឺន​ដុល្លារ ត្រូវបាន ព្រះមហាក្សត្រ និង មហាក្សត្រី យាង​សម្ពោធ​

781

(​ភ្នំពេញ​)៖ អគារ​ពេទ្យ​មួយ​ខ្នង ស្ថិតនៅក្នុង មន្ទីរពេទ្យ​សម្តេចឪ សម្តេចម៉ែ ក្នុង សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ដែលជា​ព្រះរាជ​អំណោយ​ដ៏​ថ្លៃថ្លា​បំផុត​របស់ សម្តេចព្រះ​មហាក្សត្រី មុនីនាថ ព្រះវររាជ​មាតា​ជាតិខ្មែរ ត្រូវបាន​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជានាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សព្វ​ព្រះរាជ​ហ​ឫ​ទ្ទ័​យ​យាង​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ នា​ព្រឹក​ថ្ងៃទី​៧ ខែ កុម្ភៈ ឆ្នាំ​២០១៨ នេះ​។​

​ក្នុង​ពិធី​នេះ​ក៏ មានការ​អញ្ជើញ​ចូលរួម​ដោយ សម្តេច វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​ឥស្សរជន​ជាន់ខ្ពស់​ជាច្រើន​នាក់​ទៀត​។

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង មានប្រសាសន៍ថា មន្ទីរពេទ្យបង្អែក​សម្តេច​ឪ សម្តេចម៉ែ​ស្ថិតក្នុង​ការិយាល័យ​ស្រុក​​ប្រតិបត្តិ​មេគង្គ​នៃ​មន្ទីរ​សុខាភិបាល រាជធានី​ភ្នំពេញ គ្របដណ្តប់​លើ​ប្រជាជន​ចំនួន ២២ ម៉ឺន​នាក់ ដែល​រស់នៅក្នុង​ខណ្ឌឫស្សីកែវ និង ខណ្ឌ​ជ្រោយចង្វារ​។ ក្នុងនាម​ក្រសួងសុខាភិបាល​ ​ឯកឧត្តម​បាន​ថ្លែង​នូវ​ព្រះរាជ​អំណរគុណ យ៉ាង​ជ្រាលជ្រៅ​ថ្វាយ​ចំពោះ​សម្តេចព្រះ​មហាក្សត្រី ដែល​បាន​ព្រះរាជ ទាន​អគារ​ថ្មី​មួយ​ខ្នង នេះ​ទុកជា​គុណប្រយោជន៍ សម្រាប់​សុខុមាលភាព​របស់​ប្រជារាស្ត្រ​ខ្មែរ​។

​បើតាម​មន្ត្រី​ព្រះ​រម​រាជវាំង​អោយដឹងថា អគារ​ដែលមាន​កម្ពស់ ២ ជាន់​នេះ ចំណាយ​ថវិកា​អស់​ជាង​៨៧ ម៉ឺន​ដុល្លារ​អាមេរិក កសាងឡើង​​ក្រោម​ព្រះរាជតម្រិះ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេចព្រះ​មហាក្សត្រី សង់​ឡើង​តាម​រចនាបថ​ខ្មែរ អាច​ផ្ទុក​គ្រែ​អ្នកជំងឺ​បាន ៤៣ គ្រែ បំពាក់​ទៅដោយ​បរិក្ខា​ពេទ្យ​ទំនើបៗ ជាពិសេស​តួ​អាគារ​ទាំងមូល​មាន​បំពាក់​ទៅដោយ​ប្រព័ន្ធ​ការពារ​សុវត្ថិភាព និង​ផ្លូវ​ជម្រាល​សំរាប់ រុញ​គ្រែ​អ្នកជំងឺ​ពេល​កើតមាន​គ្រោះ​អគ្គិភ័យ​នៅ​គ្រប់​ជាន់ មាន​បន្ទប់​ផ្តល់​សេវាកម្ម​ផ្សេងៗ​ដូចជា កន្លែង​ទទួល និង​ផ្តល់ព័ត៌មាន បន្ទប់សង្គ្រោះបន្ទាន់ បន្ទប់វះកាត់ បន្ទប់​សម្រាក​ក្រោយ​ការវះកាត់ បន្ទប់​វិទ្យុ​សាស្ត្រ បន្ទប់​អេកូ​សាស្ត្រ និង បន្ទប់​ពិនិត្យ​ផ្ទៃពោះ ជាដើម​ផងដែរ​។

​សម្តេចព្រះ​មហាក្សត្រី សម្តេច​សម្តេច​យាយ សម្តេចម៉ែ បាន​មាន​ព្រះ​សុ​វ​ណ្ណី កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​សុខា​​ភិ​បាល ដែល​បាន​យកចិត្តទុកដាក់ និង ធ្វើអោយ​ប្រសើរឡើង​នូវ​វិស័យ​សុខាភិបាល ដើម្បី​លើកកម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ​ខ្មែរ​៕ ​ដោយៈ មេសា​/sn

ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជានាចក្រ​កម្ពុជា និង សម្តេចព្រះ​មហាក្សត្រី យាង​សម្ពោធ​អាគារ​ពេទ្យ​នៅក្នុង​មន្ទីរពេទ្យ​សម្តេចឪ សម្តេចម៉ែ