អាចម៍ផ្កាយ​ដែល​បោសសម្អាត​សត្វ​ដាយ​ណូ​ស័​រ​អស់ពី​ផែនដី​កាលពី ៦៦ លាន​ឆ្នាំមុន អាចធ្វើឱ្យ​ពិភពលោក ងងឹត ២ ឆ្នាំ​

1708
ចែករម្លែក
  • 725
    Shares

​បន្ទាប់ពី​ដើរ​ពេញ​ផែនដី​អស់​រយៈពេល ១៦៥ លាន​ឆ្នាំ​មក​នោះ គេ​គិតថា​ដាយ​ណូ​ស័​រ​ត្រូវបាន​បោ​សម្អាត​ពី​ផ្ទៃផែនដី​នៅពេលដែល​អាចម៍ផ្កាយ​មួយ​បាន​ធ្លាក់ចូល​ទៅក្នុង​ផែនដី​កាលពី ៦៦ លាន​ឆ្នាំមុន​។​

​ផលប៉ះពាល់​នៃ​អាចម៍ផ្កាយ​នេះ​បានធ្វើឱ្យ​ប៉ើង​កម្ទេចកម្ទី​យ៉ាងច្រើន​ទៅលើ​បរិយាកាស ហើយ​ការធ្វើ​ប៉ាន់​គំរូ​ថ្មី​មួយ​លើ​កំ​ព្យូ​ទ័​រ​បានបង្ហាញ​វិសាលភាព​នៃ​ផលប៉ះពាល់​ដែល​អាច​ជះ​មកលើ​ផែនដី​របស់​យើង​។​

​ការរកឃើញ​ថ្មី​នេះ​បាន​បង្ហាញថា​ផែនដី​នឹង​ត្រូវបាន​ធ្លាក់ចូល​ទៅក្នុង​ភាព​ងងឹត​រយៈពេល​ពីរ​ឆ្នាំ​។​

​លទ្ធផល​ថ្មី​នេះ​ត្រូវបាន​រកឃើញ​ដោយ​មជ្ឈមណ្ឌល​ជាតិ​ស្រាវជ្រាវ​បរិយាកាស (NCAR) របស់​អាមេរិក ដោយមាន​ការគាំទ្រ​ពី​អង្គការ​ណា​សា​និង​សាកលវិទ្យាល័យ​ខូ​ឡូ​រ៉ា​ដូ​ប៊ូល​ឌ័​រ​។​

​ក្រុមការងារ​បាន​ប្រើ​កុំព្យូទ័រ​ដើម្បី​ធ្វើ​គំរូ​មួយ ថា​តើ​ផែនដី​អាច​មើលទៅ​ដូចម្តេច​ទៅវិញ នៅ​ចុង​យុគសម័យ Cretaceous បន្ទាប់ពី​អាចម៍ផ្កាយ​ដ៏​ធំ​មួយ​បាន​វាយប្រហារ​តំបន់​មួយ​ដែល​បច្ចុប្បន្ន​មាន​ឈ្មោះថា ឧបទ្វីប​យូ​កាតា​ន់ (Yucatan) ស្ថិតនៅក្រោម​ឈូង​សមុទ្រ​ម៉ិ​ក​ស៊ិ​ក​។​

​ផលប៉ះពាល់​នេះ​ទំនងជា​បាន​បង្ក​រញ្ជួយ​ដី ស៊ូ​ណា​ម៉ិ និង​សូម្បី​ភ្នំភ្លើង​នៅ​ទូទាំង​ពិភពលោក​។​

​ឥឡូវនេះ​ប៉ាន់​គំរូ​លើ​កុំ​ព្យូ​រ​ទ័​រ​ថ្មី​នេះ​អាចជួយ​អ្នកវិទ្យាសាស្ត្រ​យល់ដឹង​ពី​មូល​ហេតុដែល​សត្វ​ធំៗ ជាង​បី​ភាគ​នៅលើ​ផែនដី​បាន​ងាប់ ខណៈ​សត្វ​ខ្លះ​នៅ​រស់រានមានជីវិត​។​

​អ្នកវិទ្យាសាស្ដ្រ​របស់ NCAR លោក ឆា​លី បា​ឌី​ន ដែល​ដឹកនាំ​ការសិក្សា បាន​និយាយថា “​ការ​ផុត​ពូជ​នៃ​សត្វ​ធំៗ​នៅលើ​ដី​អាច​ត្រូវបាន​បង្កឡើង​ភ្លាមៗ​ដោយ​ផលប៉ះពាល់​ដែល​កើតឡើង​តាម​ក្រោយ ប៉ុន្តែ​សត្វ​ដែល​រស់នៅក្នុង​មហាសមុទ្រ​ឬ​សត្វ​ដែល​អាចរ​លាក់ខ្លួន​ក្រោម​ដី​ឬ​រុល​ខ្លួន​ចូលទៅ​នៅក្រោម​ទឹកជា​បណ្តោះអាសន្ន​អាច​រួច​រស់​ជីវិត​។ ការសិក្សា​របស់​យើង​បាន​លើកយក​រឿងរ៉ាវ​បន្ទាប់ពី​ផលប៉ះពាល់​ដំបូង ពោលគឺ បន្ទាប់ពី​ការរញ្ជួយ​ដី​និង​រលក​ស៊ូ​ណា​ម៉ិ និង​ការផ្ទុះ​ភ្នំភ្លើង​”​។​

​លោក​បន្តថា “​យើង​ចង់​ពិនិត្យមើល​ផលវិបាក​រយៈពេល​វែង​នៃ​បរិមាណ​ម្រែងភ្លើង ដែល​យើង​គិតថា​ត្រូវបាន​បង្កើតឡើង​ដោយ​ផលប៉ះពាល់​នេះ និង​ផលវិបាក​ទាំងនោះ​អាចមាន​ន័យ​ដូចម្តេច​សម្រាប់​សត្វ​ដែល​នៅរស់​”​។​

​យោងតាម​លោក​ណ្ឌិ​ត គ្រី​ស្តូ​ហ្វើ ឡូ​វើ​រី អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​តិច​សាស្ត្រ​អូ​ស្ទី​ន ដែល​និយាយ​នៅក្នុង​សន្និសីទ​មួយ​នៅ​វិទ្យាស្ថាន​សន្និសីទ​ព្រះ​ចន្ទ​និង​ភពផែនដី​ក្នុង​ក្រុង​ហ៊ូ​ស្តុ​ន​បានឱ្យដឹងថា នៅ​ខែមីនា​ឆ្នាំនេះ គំរូ​ស្នូល​មួយ​បាន​បង្ហាញថា​ជីវិត​បាន​លេចចេញ​ជាថ្មី​ម្តងទៀត​យ៉ាង​លឿន​នៅ​ទូទាំង​ពិភពលោក​បន្ទាប់ពី​អាចម៍ផ្កាយ​បុក​ចំ​ឧបទ្វីប​យូ​កា​តាន់​។​

​ប៉ុន្តែ​ការសិក្សា​ថ្មី​នេះ​បាន​បង្ហាញថា​ជីវិត​នៅលើ​ភពផែនដី​នឹងមាន​ភាព​ប្លែក​គ្នា​យ៉ាងខ្លាំង​សម្រាប់​រយៈពេល​ច្រើន​ឆ្នាំ​បន្ទាប់ពី​ការបុក​របស់​អាចម៍ផ្កាយ​នេះ​។​

​ការពិសោធ​ន៏​នេះ​បាន​រកឃើញ​ម្រែងភ្លើង​ចំនួន ១៥.០០០ លាន​តោន​នឹង​ត្រូវបាន​បញ្ជូនទៅ​ក្នុង​បរិយាកាស បន្ទាប់ពី​ការវាយប្រហារ​របស់​អា​ចម៍​ផ្កាយ​ដែល​បង្កើតជា​របាំង​រវាង​ភពផែនដី​និង​ពន្លឺព្រះអាទិត្យ​។​

​សហ​អ្នកនិពន្ធ​ម្នាក់​ឈ្មោះ អូ​វិ​ន ធូ​ន ដែលជា​អ្នកស្រាវជ្រាវ​ម្នាក់​នៅ​សកល​វិទ្យាល័យ​ខូ​ឡូ​រ៉ា​ដូ​ប៊ូល​ឌ័​រ​បាន​និយាយថា “​នៅពេល​ដំបូង​វា​នឹងមាន​ភាព​ងងឹត​ដូច​ពន្លឺ​ព្រះ​ចន្ទ​នៅពេល​យប់​” ។​

​យូរៗ​ទៅ​ស្រទាប់​នៃ​ម្រែងភ្លើង​និង​ផ្សែង​នឹង​បែកខ្ញែក ដោយ​ធ្វើឱ្យ​ផ្ទៃមេឃ​ភ្លឺ​វិញ ប៉ុន្តែ​រស្មី​សំយោគ​នឹងមិន​អាចធ្វើ​ទៅរួច​រយៈ​ពេល​ជិត​២​ឆ្នាំ​។​

​ខណៈដែល​អាចម៍ផ្កាយ​នេះ​បាន​បំផ្លាញ​រុក្ខជាតិ​នៅលើ​ផែនដី​ហួស​ពី​ការ​ស្រោចស្រង់​ឡើងវិញ​នោះ កង្វះ​ពន្លឺព្រះអាទិត្យ​អាច​នឹង​បណ្តាលឱ្យមាន​ផ្សិត​ក្រាស់ឃ្មឹក​នៅក្នុង​មហាសមុទ្រ​។​

​ពន្លឺព្រះអាទិត្យ​ដែល​បាត់​នឹង​នាំឱ្យ​ផែនដី​មាន​សីតុណ្ហភាព ២៨ អង្សា​នៅលើ​ដី និង ១១ អង្សា​នៅលើ​មហាសមុទ្រ​៕ ដោយ៖ កញ្ញាដាលីស

អាចម៍ផ្កាយ​ដែល​បុក​ចំ​ឧបទ្វីប​យូ​កាតា​ន់​នៅ​ម៉ិ​ក​ស៊ិ​ក បានសម្លាប់​ដាយ​ណូ​ស័​រទាំង​អស់​នៅលើ​ផែនដី កាលពី ៦៦ លាន​ឆ្នាំមុន