អាជីវកម្ម​លក់​សង្ហា​រឹម​កំប្លោក​និង​ផ្តៅ​មិន​កាក់កប​ដូច​មុន​

3016
ចែករម្លែក
  • 8
    Shares

​ដោយ​: ពៅ និមល / ភ្នំពេញ​: តាម​កត់សម្គាល់​ក្រោយ​លំហូរ​ជាច្រើន​នូវ​គ្រឿង​សង្ហា​រឹម​ពី​បរទេស​មក​ទីផ្សារ​កម្ពុជា​។ ក្រុមអាជីវករ​លក់​គ្រឿង​សង្ហា​រឹម​គ្រប់​ប្រភេទ​នៅតាម​បណ្តោយ​ផ្លូវ​សុធារស់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​បាន​ប្រាប់​ឲ្យ​ដឹងថា ការលក់​សង្ហា​រឹម​ដែល​ផលិត​ចេញពី​ផ្តៅ​និង​កំប្លោក​ថយចុះ​ច្រើន​បើ​ធៀប​នឹង​ឆ្នាំ​កន្លងៗ​ទៅ​។​

​អ្នកនាង ព្រំ សុជាតា អាជីវករ​លក់​និង​ធ្វើ​គ្រឿង​សង្ហា​រឹម​គ្រប់​ប្រភេទ​ប្រមាណ​២០​ឆ្នាំ​មកនេះ បាន​រៀបរាប់​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា ការលក់​ផលិតផល​ពី​ផ្តៅ​និង​កំប្លោក ដូចជា​៖ តុ ទូ សា​ឡុង និង​កៅអី​ជាដើម​មានការ​ធ្លាក់ចុះ​បន្តិច​ដោយសារ​លំហូរ​ច្រើន​នូវ​គ្រឿង​សង្ហា​រឹម​ពី​បរទេស ម្យ៉ាង​ផលិតផល​ធ្វើ​ពី​ផ្តៅ​និង​កំប្លោក​មាន​កម្រិត​សោភណភាព បច្ចេកទេស ក៏ដូចជា​គុណភាព​។ ប៉ុន្តែ ផលិតផល​ទាំងនេះ​បាន​ទាញ​ការចាប់អារម្មណ៍​ជាច្រើន​វិញ​ពី​សំណាក់​ភ្ញៀវ​បរទេស​ដែល​មក​ទិញ​ផ្ទាល់​និង​ធ្វើការ​ក​ម្ម៉​ង់​ធ្វើ​តុ កៅអី និង​សា​ឡុង​។​ល​។​សម្រាប់​ប្រើប្រាស់​ក្នុង​ភោជនីយ​ដា្ឋ​ន ហាង​កាហ្វេ និង​នៅក្នុង​ខុន​ដូ​ជាដើម​។​

​ទាក់ទង​អាជីវ​កម្មនេះ លោក លឹម សំបូរ ជា​អា​ជីក​រលក់​សង្ហា​រឹម​ដូចគ្នា​ដែល​ស្ថិត​នៅក្បែរ​ភ្លើងស្តុប​ចំការមន បាន​លើកឡើងថា ការលក់​ផលិតផល​ទាំងពីរ​ប្រភេទ​នេះ​ទាប​ជាង ឆ្នាំ​កន្លងទៅ​ដោយសារ​កើនឡើង​នៃ​គ្រឿង​សង្ហា​រឹម​ពី​បរ​ទស​។ លោក​ឲ្យ​ដឹង​ទៀតថា សម្រាប់​ផលិតផល​ធ្វើ​ពី​ផ្តៅ​ភាគច្រើន​មកពី​តំបន់​វាលរេញ និង​ស្រុក​ឈូក ខេត្តកំពត ដោយឡែក​ផលិតផល​ធ្វើ​ពី​កំប្លោក​គឺ​នាំ​មកពី​ស្រុក​កោះក្របី​។​

​ទោះជា​យ៉ាងនេះ​ក្តី ក្រុមអាជីវករ​លក់​គ្រឿង​សង្ហា​រឹម​ទាំងនេះ បាន​អំពាវនាវ​បន្ថែម​ដល់​អ្នកប្រើប្រាស់​ទាំងអស់​គាំទ្រ និង​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​បន្តទៀត ដោយ​ផលិត​ចេញពី​ស្នាដៃ​កូន​ខ្មែរ​សុទ្ធសាធ ព្រោះថា​ទាំង​តម្លៃ​និង​គុណភាព​គឺអាច​ទទួលយកបាន ជាពិសេស​បង្កើន​ឱកាស​ការងារ​ដល់​អ្នក​ខ្វះ​ការងារ​ធ្វើ​ផងដែរ ចៀសវាង​ការ​ចំណាកស្រុក​៕ ល​