អាជីវករ​ចំនួន​តិចតួច​ប៉ុណ្ណោះ បើក​លក់ទំនិញ​នៅតាម​ផ្សារ​ធំៗ​

395
ចែករម្លែក
  • 12
    Shares

ដោយ​: ពៅ និមល / ភ្នំពេញ​: ជា​រៀងរាល់ឆ្នាំ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម ត្រូវបាន​កត់សម្គាល់ឃើញ​ថា នៅតាម​ផ្សារ​ធំៗ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ ដូចជា​ផ្សារ​ធំថ្មី ផ្សារ​អូឡាំពិក និង​ផ្សារ​អូរឫស្សី​ជាដើម ហាក់​មាន​សភាព​ស្ងាត់​ជាង​សព្វដង ដោយ​ក្នុងនោះ​មាន​អាជីវករ​តិចតួច​ប៉ុណ្ណោះ​មក​បើក​លក់ និង​មួយចំនួន​ផ្សេងទៀត​បើក​លក់​តែ​កន្លះ​ថ្ងៃ​ក៏មាន​។​

​អ្នកនាង ច័ន្ទ​រ៉ាវី អាជីវករ​លក់​សម្លៀក​បំពាក់​នៅ​ផ្សារ​ធំថ្មី បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា ជា​រៀងរាល់ឆ្នាំ ពិសេស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម និង​បុណ្យ​ភ្ជុំបិណ្ឌ មិនមាន​គម្រោង​ទៅ​កម្សាន្ត​ទីណា​ទេ ដោយ​ទុកពេល​មក​បើក​លក់​ជាធម្មតា​វិញ ព្រោះថា ក្នុង​ថ្ងៃ​បុណ្យទាន​គឺ​លក់ដាច់​ច្រើនជាង​ថ្ងៃ​ធម្មតា (​មិនមាន​បុណ្យទាន​)​។​

​ចំណែក អ្នកស្រី ដា​នី អ្នកលក់​ផ្លែឈើ​នៅ​ផ្សារ​អូរឫស្សី ដែល​បាន​បើក​លក់​ក្នុង​ថ្ងៃបុណ្យ​នេះដែរ បាន​ឲ្យ​ដឹងថា សម្រាប់​ផ្សារ​អូរឫស្សី​មាន​សភាព​ស្ងាត់​ខ្លាំង​ជាង​ផ្សារ​ដទៃ ទាំង​ក្រុមអាជីវករ​អ្នកលក់​ក្នុង​ផ្សារ​បាននាំគ្នា​បិទតូប ដើម្បី​ជួបជុំ​គ្រួសារ សាច់ញាតិ និង​ដើរ​កម្សាន្ត​តាម​តំបន់​ផ្សេងៗ​ជាដើម ក្នុងឱកាស​បុណ្យទាន​នេះ​។ ជាងនេះទៀត ការលក់ដូរ​របស់​អា​ជីវ​ករ​ក្នុង​ផ្សារ​ភាគច្រើន​ជាប់​ខ្សែស្រឡាយ​កូនចៅ​ចិន ទើប​មាន​សភាព​ស្ងាត់​ពី​ការលក់​ច្រើនជាង​ផ្សារ​នានា​ក្នុង​ក្រុងភ្នំពេញ​។​

​ទាក់ទិន​រឿង​ខាងលើនេះ លោក ហ៊​ត វ៉ាន់​ធី ប្រធាន​ផ្សារ​អូរឫស្សី បាន​លើកឡើងថា បើទោះបីជា អាជីវករ​មក​បើក​លក់​មាន​ចំនួន​តិចតួច​ក្តី ប៉ុន្តែ​កងកម្លាំង​របស់​ផ្សារ​នៅតែ​យាមកាម​ទាំង​ក្នុង​ផ្សារ និង​ក្រៅ​ផ្សារ​ជាប់​ជាប្រចាំ និង​ស្វាគមន៍​ជានិច្ច ចំពោះ​អាជីវក​រណា​ដែល​ចង់​បើក​លក់​គ្រប់ពេល​៕ ល​

#