អាជីវករ​ផ្សារលើ​ក្រុងព្រះសីហនុ សុំ​ឲ្យ​រដ្ឋបាលខេត្ត​រៀបចំ​ដាក់​ដេញថ្លៃ​ភាស៊ី​ផ្សារ​ឡើងវិញ

4853
ចែករម្លែក

ដោយ: រស្មីកម្ពុជា / ព្រះសីហនុ​: ដំណាក់កាល​ចុងក្រោយ​នេះ ការរៀបចំ​សណ្តាប់ធ្នាប់​អនាម័យ​បរិស្ថាន និង​សេវា​ផ្សេងៗ​នៅក្នុង​ទីក្រុង​ព្រះសីហនុ ហាក់បីដូចជា​មានការ​ធ្លាក់ចុះ ស្ទើរ​មិនអាច​ទទួលយកបាន ដោយ​មូលហេតុ លើសពីនេះ​ច្រើន​ទៀត ទើប​សមាគម​អាជីវករ​ផ្សារលើ​បានលើកឡើង ដោយ​សំណូមពរ​ដល់​រដ្ឋ​បាន​ខេត្ត​ព្រះសីហនុ គួរតែមាន​ការរៀបចំ​ដាក់​ដេញថ្លៃ​ភាស៊ី​ឡើងវិញ ដោយមាន​កំណត់​អាណត្តិ​ត្រឹមត្រូវ ប៉ុន្មាន​ឆ្នាំ ដេញថ្លៃ​ម្តង ទើប​មានការ​រីកចម្រើន​។​

​សមាគម​អាជីវករ ផ្សារលើ​បាន​បន្ត​ថា បើ​គ្មាន​ការរៀបចំ​អាណត្តិ ដាក់​ឲ្យ​ដេញថ្លៃ​ភាស៊ី​ផ្សារ​ដូច​សព្វថ្ងៃនេះ ពិតជា​ជិះសេះ​លែងដៃ​ហើយ ទីផ្សារ​គ្មាន​ការអភិវឌ្ឍន៍ តាម​ស្តង់ដារ គ្មាន​កា​រីកចម្រើន​មានតែ​រីកចម្រើន​តែ​ហោ​បាវ​បុគ្គល​តែប៉ុណ្ណោះ​។​

​មន្ត្រី​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្ត​ព្រះសីហនុ​ម្នាក់​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន ឲ្យ​ដឹងថា សំណូមពរ​របស់​អាជីវ​ករ​ពិតជា​ត្រឹមត្រូវ ជំនាញ​សុំ​គាំទ្រ ព្រោះ​អ្វីៗ​មិន​អាចជា​អមតៈ​រហូត​បានទេ​
​ត្រូវតែមាន​ការអភិវឌ្ឍ​ន៍ ទើប​ការដឹកនាំ​ប្រកបដោយ​គតិយុត្តិ​។​

​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ​ម្នាក់​សុំ​មិន​ប្រាប់​ឈ្មោះ​បាន​លើកឡើងថា វា​ល្មម​សមដល់​ពេលវេលា​ហើយ សូម្បីតែ​នាយករដ្ឋមន្ត្រី​ក៏មាន​អាណត្តិ​បោះឆ្នោត​ជ្រើសតាំង​ផងដែរ ប៉ុន្តែ​អ្នកប្រមូល​ភាស៊ី​ក្នុង​ផ្សារលើ​ក្រុងព្រះសីហនុ គឺ​លោក រស់ សុខ​គីម ដូចជា​ដុះ​ស្លែ​យូរពេក​ហើយ​។​

​ប្រភព​ដដែល​បាន​បន្ត​រថា លោក រស់ សុខ​គីម បាន​ប្រមូល​ភាស៊ី​ក្នុង​ផ្សារលើ​ក្រុងព្រះសីហនុ មាន​រយៈពេល​មិន​ក្រោម​១០​ឆ្នាំ​នោះទេ បើ​គិត​តាំងពី​ផ្សារលើ​នេះ រងគ្រោះ​អគ្គ​ភ័យ មកម្ល៉េះ​! បើ​គិតពី​អាណត្តិ​ចៅហ្វាយខេត្ត​វិញ ដោះដូរ​អស់​៣​នាក់​ហើយ​ដែរ​។​

​ទាក់ទិន​នឹង​បាតុភាព​នេះ រស្មី​កម្ពុជា មិនអាច​ទំនាក់ទំនង ទៅ​លោក យន្ត មីន អភិបាលខេត្ត សុំ​ការពន្យល់​បានទេ ព្រោះ​មិនអាច​ទាក់ទង​បាន​៕ ល​