អាជីវករ​២០៤​នាក់​បិទទ្វារ​តូប​ផ្អាក​លក់ដូរ ប្រមូលផ្តុំ​តវ៉ា​ទាមទារ​បញ្ចុះតម្លៃ​តូប​

250

(​ភ្នំពេញ​) ៖ នៅ​ព្រឹក​ថ្ងៃទី​២៧​ខែធ្នូ​ឆ្នាំ​២០១៧ បងប្អូន​អាជីវករ​ប្រមាណ​២០៤​នាក់ ដែលមាន​តូប​លក់ដូរ​នៅក្នុង​ផ្សារ​ពិភពថ្មី កំបូល ដែលមាន​ទីតាំង​ស្ថិតនៅ ក្នុងភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ផ្ទុះ​ការតវ៉ា​ទាមទារ ឲ្យ​ថៅកែ​ផ្សារ បញ្ចុះតម្លៃ​ជួល​តូប ។​

​តាម​បងប្អូន​អាជីវករ​បាន​ឲ្យ​ដឹងថា តូប​លក់ដូរ​ក្នុង​ផ្សារ​ខាងលើ​សរុប​ចំនួន​២០៤​តូប ហើយ​មាន​បងប្អូន​មួយចំនួន​គាត់​ទិញ​ផ្តាច់ ក្នុងតម្លៃ​ចន្លោះ​ពី​៧០០០​ដុល្លា ទៅ​១៣.០០០​ដុល្លា ហើយ​ក៏មាន​បងប្អូន​ជា​ជីវ​ករ​មួយចំនួនទៀត ជួល​តូប​សម្រាប់​លក់ដូរ​ពី​ក្រុមហ៊ុន ចន្លោះ​ពី​៣៣​ដុល្លា​ទៅ​១៣០​ដុល្លា​ក្នុង​មួយខែ ។ តែ​ទោះជា​យ៉ាងណាក្តី​តូប​ទាំងអស់​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ថៅកែ​ដដែល​​តម្រូវ​បង់លុយ​ប្រចាំ​ឆ្នាំទៅ​ឲ្យ​ក្រុមហ៊ុន ។ អាជីវករ​បាន​ឲ្យ​ដឹងថា​ដំណាក់កាល​បើក​ដំណើរការ​ថ្មី​នៃ​ផ្សារ​ពិភពថ្មី​ជា​ជំហាន​ដំបូង​ក្នុង​​រយៈពេល​៦​ខែ ក្រុមហ៊ុន​មិន​ឲ្យ​បង់លុយ​ឡើយ អាច​ហៅ​បាន​ថា​ជំហាន​ទាក់​ម៉ូយ​សាកល្បង ហើយក៏​ត្រូវ​បានបញ្ចប់​រួចរាល់​ហើយ​ដែរ ចូលដល់​ដំណាក់កាល​ទី​២ ក្នុង​កុងត្រា​ចាស់ ក្រុមហ៊ុន​តម្រូវ​ឲ្យ​បង់លុយ​៦០​ភាគរយ ជា​តម្លៃ​មួយ​ធ្វើ​ឲ្យ​អាជីវករ ពុំមាន​លទ្ធភាព​បង់ ក្នុង​ហេតុ​មួយ លក់​អត់​ដាច់ គ្មាន​ពលរដ្ឋ កម្មករ​កម្ម​ការ​នី អតិថិជន​ចូល​ទិញ ឥ​វ៉ាន់ របស់របរ ក្នុង​ផ្សារ​ឡើយ អ្នក​លក់បាន​ត្រឹម​តាំង​​របស់របរ មើលមុខ​គ្នា​ឡេង​ឡង់ៗ ទើប​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែធ្នូ​នេះ បងប្អូន​អាជីវករ​ចំនួន​២០៤​នាក់ សម្រេច​បិទទ្វារ​តូប​ផ្អាក​លក់ដូរ ប្រមូលផ្តុំ​គ្នា​ឈរ​មុខ​ផ្សារ​តវ៉ា​ទាមទារ​ឲ្យ​ថៅកែ ម្ចាស់​ក្រុមហ៊ុន​បញ្ចុះតម្លៃ​ឲ្យ​ពួកគាត់​សិន រង់ចាំ មាន​អតិថិជន​ចេញចូល ទិញ​ទំនិញ ពេញ​ផ្សារ ចាំ​គិត​តម្លៃ​ពេញ​ទៅ​ចុះ ។​

​ខណៈដែល​ក្រុមអាជីវករ​ទាំង​២០៤​នាក់ ផ្ទុះ​ការតវ៉ា ទទូច​ស្នើសុំ​ដល់​ម្ចាស់​ក្រុមហ៊ុន ក្នុង​លក្ខខណ្ឌ​ចំនួន​៣​ចំណុច ក្រោយពី​ជំហាន​សាកល្បង ទី​១ ស្នើសុំ​បង់​ត្រឹម​៤០​ភាគរយ ក្នុង​អាណត្តិ​ចាស់​(៦​ខែ​) ។ ទី​២ ស្នើសុំ​បង់​៥០​ភាគរយ ក្នុង​រយៈពេល​៤​ឆ្នាំ​បន្ត​ទៅមុខ ។ ទី​៣ ប្រាក់​កក់​ដំបូង មាន​សុពលភាព​រហូត ។​

​តែ​ទោះជា​យ៉ាងណាក្តី បងប្អូន​អាជីវករ ទាំងអស់​ក្នុង​ផ្សារ​ពិភពថ្មី បាន​ត្រឹម​បិទទ្វារ​តូប មក​ប្រមូលផ្តុំ​គ្នា​តវ៉ា នឹង​ទទូច​ស្នើរ​សុំ​ក្តីមេត្តា​និង​​យោគយល់ ពី​ម្ចាស់​ក្រុមហ៊ុន តែប៉ុណ្ណោះ ហើយ​នៅ​កន្លែងកើតហេតុ ក៏​មិនមាន​វត្តមាន​ខាង​តំណាង​ក្រុមហ៊ុន ឬ​អ្នកគ្រប់គ្រង​ផ្សារ​ចេញ​​មុខមក​ដោះស្រាយ​សម្របសម្រួល​ជាមួយ​បងប្អូន​អាជីវក​រដែរ មានតែ​កងសន្តិសុខ​ផ្សារ ទោះជា​អ្នក​សារពត៌មាន​សាក​សួររក​តំណាង​ខាង​​ផ្សារ តែ​ត្រូវបាន​ខាង​សន្តិសុខ​ប្រាប់ថា ខាង​ក្រុមហ៊ុន​រវល់ ណាស់​គ្មាន​ពេល​ជួប​ទេ ហើយ​ក្រុមអាជីវករ​បាន​ត្រឹម​ឈរ​ត្រៀបត្រា​ខាង​​មុខ​ផ្សារ​តែប៉ុណ្ណោះ ខណៈដែល​ពុំមាន​ដំណោះស្រាយ ពី​ខាង​ណា​ឡើយ ៕​ដោយៈ​ចាន់តូ​/sn