អាជីវ​ករលក់​ខោអាវ​បញ្ចប់ជីវិត​ដោយ​ចងក​សម្លាប់ខ្លួន​នៅ​កន្លែង​លក់ដូរ​

198

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ស្ត្រី​ចំណាស់​ម្នាក់ ជា​អាជីវ​ករលក់​ខោអាវ នៅក្នុង​ផ្សារ​ដេប៉ូ ជាន់​ទី​១ សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក ត្រូវបាន​គេ​ប្រទះឃើញ​ចងក​សម្លាប់ខ្លួន​នៅក្នុង​តូប​លក់ដូរ ។​ហេតុការណ៍​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាលៈពី​វេលា​ម៉ោង​១២ ថ្ងៃត្រង់ ទី​០៦ ខែធ្នូ ឆ្នាំ​២០១៨ នេះ​មិនដឹងថា​មូលហេតុ ឬ​មាន​វិប្បត្តិ​អ្វី​ទើប​សម្រេចចិត្ត​បញ្ចប់ជីវិត​បែបនេះ​ទៅវិញ ។​

​ស្ត្រី​គិត​ខ្លី មានឈ្មោះ ស្វាយ សុខ​ផល អាយុ​ជាង​៦០​ឆ្នាំ ជា​ស្ត្រី​ម៉េ​ម៉ា​យ ប្រកបមុខរបរ អាជីវករ លក់​ខោអាវ នៅ​តូប​កើត មាន​ទីលំនៅ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក មាន​ស្រុកកំណើត​នៅ​ស្រុក​គិរីវង់ ខេត្តតាកែវ មានកូន​២​នាក់ និង​ចៅ​៣​នាក់​ក្នុងបន្ទុក ។​

​តាម​ប្រភព​មិនបាន​បញ្ជាក់​អំពី​មូលហេតុ ដែល​ឈានដល់​ស្ត្រី​អត្តឃាត​ហ៊ាន​សម្រេចចិត្ត​ដល់​ថ្នាក់​នេះ គ្រាន់តែ​មុន​ភ្ញាក់ផ្អើល ស្ត្រី​រងគ្រោះ បាត់​មិនឃើញ ចេញពី​តូប ឬ​អង្គុយ​លក់ដូរ ដូច​សព្វដង រាល់ថ្ងៃ​ទៅហើយ​។ ក្រោយពី​អស់ ស្ងាត់​ភ្ញៀវ ជនរងគ្រោះ​តែងតែ ចេញមក​និយាយ ជជែក​លេង ជាមួយ អ្នកលក់​ដូចគ្នា​ក្បែរ​នោះ​។

ដោយ​បាត់​មិនឃើញ​ចេញ ហើយ​តូប​របស់គាត់​ក៏ មិនមាន​ភ្ញៀវ​ទៀត ងឿងឆ្ងល់ ស្ងាត់​ខុសប្លែក ទើប​អ្នកលក់​ក្បែរ​ខាង​ដើរទៅ​អើតមើល ស្រែកហៅ​មិន​ឆ្លើយ ពិនិត្យ​រកមើល​ជាក់ស្តែង​។ ពុទ្ធោ ! ស្ត្រី​នោះ​ស​ង្ងំ​ចងក​សម្លាប់ខ្លួន ផ្តាច់ជីវិត​បាត់ទៅហើយ ទើប​នាំគ្នា​ឆោឡោ ប្រាប់​សន្តិសុខ រាយការណ៍​ទៅ​សមត្ថកិច្ច ចុះមក​ពិនិត្យមើល​ជាក់ស្តែង ។​

​សាកសព​ស្ត្រី​អត្តឃាត​បើតាម​ការពិនិត្យ កោសល្យវិច័យ ពី​សមត្ថកិច្ច​ជំនាញ ឃើញថា​ពិតជា​ធ្វើអត្តឃាត ចងក​សម្លាប់​ខ្លួនឯង រួច​ប្រគល់ជូន​ក្រុមគ្រួសារ ចាត់ចែង​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕S/​