អាជ្ញាកណ្ដាល ចៅក្រម ប្រដាល់​សាកល ៤០ រូប យល់​កាន់តែច្បាស់ ពីបទ​បញ្ជា​ប្រកួត​

683
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា
​ភ្នំពេញ​: អាជ្ញាកណ្ដាល – ចៅក្រម​ប្រដាល់​សាកល ចំនួន ៤០ រូប ដែល​ក្នុងនោះ មាន ២ រូប ជានា​រី​ផង​នោះ បាន​ឆ្លងកាត់ វគ្គ​បណ្ដុះបណ្ដាល ដោយ​គ្រូ​ជនជាតិ​ថៃ មកពី​សហព័ន្ធ​ប្រដាល់ ស្ម័គ្រចិត្ត​អន្តរជាតិ (AIBA = Amateur International Boxing Association) គឺ​លោក​Champahom Chattuchai ដែលជា​គ្រូ​កម្រិត​ផ្កាយ ២ ។​

​វគ្គ​សិក្សា ដែលមាន​រយៈពេល ៣ ថ្ងៃ ពីថ្ងៃ​ទី​២៦ ដល់ ២៨ ធ្នូ​នោះ សិក្ខាកាម បាន​សិក្សា​លម្អិត ពីបទ​បញ្ជា​បច្ចេកទេស​ប្រកួត ជា​លក្ខណៈ​អន្តរជាតិ​។ បទ​បង្ហាញ ពី​ការរៀបចំ​សង្វៀន និង​តួនាទី​របស់​មន្ត្រី​បច្ចេកទេស នៅក្នុង​ទីលាន​ប្រកួត បទ​បង្ហាញ ស្ដីពី​នីតិវិធី និង​ដំណើរការ នៃ​ការវិនិច្ឆ័យ និង​ផ្ដល់​ពិន្ទុ របស់​អាជ្ញាកណ្ដាល -​ចៅក្រម ។ បទ​បង្ហាញ​ពី​តួនាទី របស់​អាជ្ញាកណ្ដាល នៅក្នុង​សង្វៀន ។​

ជាមួយនឹង​ការអនុវត្តន៍​ជាក់ស្ដែង របស់​អាជ្ញាកណ្ដាល ដើម្បី​ឲ្យ​គ្រូ​កែ​កំហុស​នោះ គ្រូ​ក៏បាន​ធ្វើ​បទ​បង្ហាញ ពី​នីតិវិធី នៃ​ដំណើរការ និង​បទបញ្ញត្តិ នៃ​ការ​ថ្លឹង​ទម្ងន់ សម្រាប់​កីឡាករ​-​កីឡាការិនី ត្រៀម​ចូលរួម​ប្រកួត ការអនុវត្តន៍​ជាក់ស្ដែង ស្ដីពី​ការបង្ហាញ សញ្ញា​ព្រមាន របស់​អាជ្ញាកណ្ដាល ចំពោះ​កីឡាករ ដែលមាន​កំហុស​។​

បន្ទាប់ពី​ឆ្លងកាត់​វគ្គ​សិក្សា ដែលមាន​ការធ្វើ​តេស្ត​នេះ​មក គេ​សង្កេតឃើញថា មាន​សិក្ខាកាម ២ រូប ស្មើនឹង ៦ ភាគរយ បានទទួល​និទ្ទេស​ល្អ​ណាស់ ១៣ រូប ស្មើនឹង ៣៧ ភាគរយ បាន​និទ្ទេស​ល្អ ១៤ រូប ស្មើនឹង ៤០ ភាគរយ បាន​និទ្ទេស​មធ្យម និង ៦ រូប ស្មើនឹង ១៧ ភាគរយ បាន​និទ្ទេស​ខ្សោយ​។​

​លោក​វេជ្ជបណ្ឌិត ឆឹង យ៉ៅ​យ៉េន ប្រធាន​សហព័ន្ធ ប្រដាល់​សាកល​កម្ពុជា បាន​អះអាងថា ចាប់ពីពេលនេះ​ទៅ អ្វីៗ​ត្រូវ​ធ្វើតាម​ស្ដង់ដារ របស់ AIBA ព្រោះ​កម្ពុជា ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេម ឆ្នាំ​២០២៣ ៕v

​ថ្ងៃ​បិទ​វគ្គ​
​ថ្ងៃ​បិទ​វគ្គ​