អាជ្ញាធរខេត្តកំពង់ចាមជំរុញឲ្យស្ថាបនាស្ពានកៀនជ្រៃស្រុកំពង់​សៀម​ហើយរួចរាល់នៅមុនរដូវវស្សាឆ្នាំ២០២០

71
ចែករម្លែក

ដោយ:គង់ហេង/កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញឲ្យខាងមន្រ្តីវិស្វកម្ម នៃក្រសួងការពារជាតិជួយស្ថាបនាបេតុងកៀនជ្រៃ ស្រុកកំពង់សៀម ឲ្យបានហើយរួចរាល់នៅមុនរដូវវស្សាមកដល់ ដើម្បីផ្តល់អត្ថប្រយោជន៍ជូនប្រជាពលរដ្ឋឆ្លងកាត់។ ខណ:បច្ចុប្បន្នស្ពានមួយនេះ បានសាងសង់បានចំនួន ៥០ ភាគរយនោះ។

នៅក្នុងពិធីប្រគល់ផ្ទះមួយខ្នង ជូនដល់ជនរងគ្រោះពិការដៃទាំងពីរ ដោយគ្រោះថ្នាក់ចរាចរណ៍នៅភូមិស្ពានថ្មី ឃុំកៀនជ្រៃ ស្រុកកំពង់សៀម នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានថ្លែងថា ស្ពានកៀនជ្រៃ ដែលកំពុងស្ថាបនា ដោយខាងវិស្វកម្ម របស់ក្រសួងការពារជាតិ គឺមានទំហំធំជាងស្ពានបេតុងចាស់លើកមុន។

លោកអភិបាលខេត្តបានមានប្រសាសន៍ថា ក្រៅពីនោះស្ពាននេះ ក៏នឹងមានភាពរឹងមាំ គឺអាចប្រើប្រាស់បានយូរអង្វែង សម្រាប់ការឆ្លងកាត់តកូនតចៅរបស់ប្រជាពលរដ្ឋដែលទទួលបានផលប្រយោជន៍ពីស្ពាន។ ពិសេសយើងមិនឲ្យដាក់ប្រព័ន្ធគមនាគមន៍ទំនាក់ទំនងនោះទេ គឺនឹងសហការអភិវឌ្ឍន៍ជាមួយក្រសួងពាក់ព័ន្ធ។

លោកបានមានប្រសាសន៍បន្តថា យើងនឹងជំរុញឲ្យខាង វិស្វកម្មក្រសួងជួយស្ថាបនា ស្ពានកៀនជ្រៃ ឲ្យហើយមុនរដូវវស្សាភ្លៀងធ្លាក់មកដល់។ ដោយឲ្យប្រជាពលរដ្ឋអាចឆ្លងកាត់ស្ពានខាងលើបានមុនទឹកទន្លេមេគង្គចូលព្រែកកៀនជ្រៃនេះ។

លោក ឆុំ លាងហាក់ ប្រធានការដ្ឋានស្ពានកៀនជ្រៃ នៃវិស្វកម្មក្រសួងការពារជាតិបានឲ្យដឹងថា ស្ពានកៀនជ្រៃ បានដំណើរការស្ថាបនាបានចំនួន ៥០ ភាគរយហើយ។ បន្ទាប់ពីចំណាយពេលសាងសង់ប្រមាណជាងរយ:ពេលមួយខែនេះ។

ប្រភពព័ត៌មាននោះបានឲ្យដឹងទៀតថា ខណ:នេះយើងកំពុងសង់សរសសរុបចំនួន ប្រាំមួយ កន្លែងក្នុងប្រវែងបណ្តោយស្ពានប្រមាណជាង ១០០ ម៉ែត្រ និងទំហំទទឹងស្ពានចំនួន ១០ ម៉ែត្រនោះ។ ដោយក្នុងផែនការស្ពាននេះហើយរួចរាល់ជាស្ថាពរ ក្នុងកំឡុងខែឧសភា ឆ្នាំ២០២០ដដែលនេះ។

គួរបញ្ជាក់ថា ស្ពានកៀនជ្រៃចាស់ក៏ជាស្ពានប្រភេទបេតុងដែរ ដែលមានទំហំទទឹង បួន ម៉ែត្រ និងបណ្តោយ ៩០ ម៉ែត្រ។ ដោយមហន្តរាយរបបទឹកទន្លេមេគង្គឆ្នាំ២០១៩ កន្លងទៅបានឡើងលឿន និងបានស្រកចុះវិញលឿននោះ បណ្តាលចរន្តទឹកហូរចេញពីក្នុងបឹងនៃព្រែកនេះ បានហូរបុកបាកច្រាំងរបស់ព្រែកកៀនជ្រៃ គឺបានប៉ះពាល់ដល់គ្រឹះសរសស្ពាន។ ដោយមិនអាចឲ្យធ្វើដំណើរឆ្លងកាត់បាន អាជ្ញាធរបានសហការជាមួយស្ថាបនជំនាញសំណើ សុំសាងសង់ស្ពានបេតុងថ្មីនេះ៕B/