អាជ្ញាធរខេត្តកំពង់ចាមបន្តអន្តរា​​គមន៍សង្រ្គោះដំណាំស្រូវខ្វះទឹកបាន​ជាង៦០០ហិកតា

205
ចែករម្លែក

ដោយ:គង់ហេង/កំពង់ចាម ៖ ជាងមួយសប្តាហ៍ដើមខែធ្នូ ឆ្នាំ២០១៩ អាជ្ញាធរខេត្តកំពង់ចាម បានសហការមន្រ្តីធនធានទឹក និងមន្រ្តីកសិកម្មបានចុះអន្តរាគមន៍បូមទឹកសង្រ្គោះដំណាំស្រូវប្រាំង និងស្រូវវស្សានៅស្រុកស្រីសន្ធរ និងស្រុកស្ទឹងត្រង់បានចំនួន ៦៧៥,៥០ ហិកតា។

លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានប្រាប់កាសែតរស្មីកម្ពុជាថា នៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០១៩ យើងបានដឹកជញ្ជួនគ្រឿងចក្រជាម៉ាស៊ីនបូមទឹកដែលមួយគ្រឿងៗមានកម្លាំង ១៤សេស ចំនួន ប្រាំបី គ្រឿង។ ដើម្បីបូមទឹកដាក់ប្រឡាយដាក់ប្រឡាយមេនៅចំណុចកំពង់ទូកស្ថិតក្នុងភូមិប្រាំយ៉ាម និងភូមិក្តីថ្ក ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ។

ប្រធានមន្ទីរបានឲ្យដឹងទៀតថា ជាលទ្ធផលសង្រ្គោះបានដំណាំស្រូវប្រាំងរបស់ប្រជាពលរដ្ឋចំនួន ២០៥ ហិកតា នៃដំណាំស្រូវប្រាំងសរុបក្នុងស្រុកនេះចំនួន ១.២២៥ ហិកតា និងបានជួយស្តារឡើងវិញសង្រ្គោះដំណាំស្រូវវស្សាដែលរងការខូចខាតដោយទឹកជំនន់ទន្លេមេគង្គចំនួន ១៧២ ហិកតា។

លោក វិបុល បានបន្តថា ទន្ទឹមគ្នានេះនៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០១៩យើងបានស្តារប្រឡាយទឹកចម្ងាយ ១០០ ម៉ែត្រ និងប្រើប្រាស់ម៉ាស៊ីនបូមទឹកចំនួន ពីរគ្រឿង គឺមួយគ្រឿងមានកម្លាំងសេស ៦៥ និងមួយគ្រឿងទៀតមានកម្លាំងសេស ២៥។ ដើម្បីជាមធ្យោបាយបូមទឹកពីក្នុងព្រែកអាចារ្យសួន សង្រ្គោះស្រូវប្រាំងប្រឈមខ្វះទឹករបស់ប្រជាពលរដ្ឋចំនួន ២០០ ហិកតាស្ថិតក្នុងភូមិទួលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់។

លោកបានបន្ថែមថា នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៩ បានសហការបន្តយុទ្ធនាការបូមទឹកសង្រ្គោះស្រូវប្រាំងជូនប្រជាពលរដ្ឋបានចំនួន ៩៨,៥០ហិកតាបន្ថែមទៀតនៅតំបន់ក្បាលទឹកហុងអូរចក ស្ថិតក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់។

គួររំលឹកថា ក្នុងយុទ្ធនាការរបស់អាជ្ញាធរខេត្តកំពង់ចាម ដែលសហការជាមួយមន្រ្តីជំនាញសង្រ្គោះដំណាំស្រូវទាំងប្រាំង និងទាំងវស្សាសរុបចំនួន ២.៥៧១,៥០ ហិកតា ដែលរងគ្រោះដោយបាតុភូ អែល នីណូ(EL NINO) ៕B/