អាជ្ញាធរខេត្ត​កំពង់ចាម​ជំរុញ​សហគមន៍​សម្បូរ​មានជ័យ​ស្រុក​ស្ទឹងត្រង់​ដាំ​ស្លឹកគ្រៃ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ទូទាំង​ប្រទេសមួយ​ថ្ងៃ​៧០​តោន​

1016
ចែករម្លែក

ដោយ ​: គង់​ហេង​/កំពង់ចាម ៖ លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម បាន​ជំរុញ​ឲ្យ​កសិករ​ក្នុង​សហគមន៍​​សម្បូរ​មានជ័យ ស្ថិត​ក្នុងភូមិ​សម្បូរ ឃុំ​សូ​ភាស ស្រុក​ស្ទឹងត្រង់ ខិតខំ​យ៉ាងណា ដាំ​ដុះ​ដើម​ស្លឹកគ្រៃ​ឲ្យ​បាន​ច្រើនជាង​សព្វថ្ងៃ​។ ដើម្បី​ឈានទៅ ការផ្គត់ផ្គង់​បន្លែ ងាយ​ដាំ​ដុះ​មួយ​នេះ លើ​ទីផ្សារ​ទូទាំងប្រទេស​ឲ្យ​បាន ក្នុង​មួយថ្ងៃ​ប្រមាន ៧០ តោន​ពោល គឺ​ដើម្បី​កាត់បន្ថយ​ការនាំ​ចូល​ពី​ក្រៅប្រទេស ហើយ​ធានាបាន​សុខុមាលភាព សម្រាប់​ការផលិត​ចំណីអាហារ​បន្ថែម​ទៀតផង​។​

ថ្លែង​នៅក្នុង​ជំនួប​កសិករ​ជា​អ្នក​ដាំ​ដំណាំ ស្ថិតក្នុង​សហគមន៍​កសិកម្ម​ទូទាំង​ខេត្តកំពង់ចាម​សរុប​២៧០ នាក់ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក ស្រ៊ុន សុខុម អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​ផង​នោះ លោក គួច ចំរើន បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី ២៥ តុលា​ថា ក្រោយពី​បាន​ស្តាប់​បទ​បង្ហាញ​របស់លោក ឆេង ថុង ជា​ប្រធាន​សហគមន៍​សម្បូរ​មានជ័យ គឺ​បានបង្ហាញ​យ៉ាង​ពី​ដី និង​ទឹក​នៅ​ជុំវិញ​តំបន់​នេះ ពិតជា​សក្តានុពល លើ​ការដាំដុះ​កសិកម្ម​យ៉ាងពិត​ប្រាកដ​។ ដោយ​អាច​ផលិត​បន្លែ ធានាបាន​នូវ​ការផ្គត់ផ្គង់​លើ​ទីផ្សារ​ក្នុងស្រុក​បាន​ហើយ​។​

លោក​អភិបាលខេត្ត បាន​មានប្រសាសន៍​ទៀតថា យើង​សូម​គាំទ្រ​លើ​គម្រោង​ផែន​ការដាំ​ដំណាំ​ត្រឡាច​នៅ​ខាងលើ​ទឹក​នោះ​។ ជា​គំនិត​ដ៏​ត្រឹមត្រូវ គឺ​អ្វីៗ យើង​មាន​ស្រាប់​ដូចជា ប្រឡាយទឹក ទីតាំង និង​ទឹក រួចហើយ គឺ​បន្ថែម​តែ​បច្ចេកទេស​នោះ​គ្រប់គ្រាន់​។ ចំណែក​លើ​គម្រោង​ដាំ​ស្វាយកែវ​រមៀត នៅ​ទឹកដី​នេះ គឺ​ហាក់​មិនមាន​សក្តានុពល​នោះទេ ហើយ​ម្យ៉ាង​ដំណាំ​ស្វាយកែវ​រមៀត​ទៀតសោត នៅ​ខាង​ស្រុក​កងមាស កំពុង​ផលិត​យ៉ាង​មមាញឹក​បម្រើ​ទីផ្សារ​បាន ប្រសើរ​ហើយ​។​

លោក​បាន​បន្តថា ប៉ុន្តែ​ទីផ្សារ​ដំណាំ​បន្លែ​ដែល​ចាំបាច់ ត្រូវ​ពង្រីក​បន្ថែម​ក្នុង​សហគមន៍​សម្បូរ​មានជ័យ គឺ​ដំណាំ​ស្លឹកគ្រៃ​។ ដោយហេតុថា តាមរយ​:​បទ​បង្ហាញ​លោក ឆេង ថុង ថា បាន​សិក្សា​រួចហើយ គ្រាន់តែ​តម្រូវការ​ស្លឹកគ្រៃ​តែមួយ​មុខ នៅលើ​ទីផ្សារ​របស់​កម្ពុជា​ដល់​ទៅ ៧០​តោន​ក្នុង​មួយថ្ងៃ​។ ខណ​:​ដែល​សហគមន៍​សម្បូរ​មានជ័យ ផលិត​ផ្គត់ផ្គង់​ទីផ្សារ​បានតែ​ជាង​បី​តោន ក្នុង​មួយថ្ងៃ​នោះ​។​

លោក ឆេង ថុង ប្រធាន​សហគមន៍​សម្បូ​រ​មានជ័យ​បាន​ឲ្យ​ដឹងថា បញ្ហា​សំណូមពរ ជំរុញ​ការដាំ​ស្លឹកគ្រៃ​របស់​អភិបាលខេត្ត​នោះ គឺ​យើង​នឹង​រួមគ្នា​ប្រឹងប្រែង​ពង្រីក​ការផលិត​ដាំ​ដំណាំ​នេះ​។ ប៉ុន្តែ​នៅ​ចំពោះមុខ នៃ​ឆ្នាំ​បន្តបន្ទាប់ គឺ​ធានា​អាច​កើន​មួយឆ្នាំ​ចំនួន ពីរ តោន​ស្លឹកគ្រៃ​នោះ​។​

​លោក​ប្រធាន​សហគមន៍​បាន​បន្តថា ពិតមែន​ហើយ សមាជិក​របស់លោក​ចំនួន ១.១០០ គ្រួសារ​ផលិត​ស្លឹកគ្រៃ បាន​ចំនួន បី តោន​កន្លះ សម្រាប់​ផ្គត់ផ្គង់​លក់​នៅ​ផ្សារ​ទីក្រុង​ភ្នំពេញ ជាមួយ​ផ្លែ​ល្អុ​ង ផ្លែ​ចេកណាំវ៉ា និង​ផ្លែ​ម្នាស់ ជាប្រចាំ​ថ្ងៃ​តាម​ការបញ្ជាទិញ​ពី​អតិថិជន​ជា​ម៉ូយ យក ទៅ​លក់​បន្ត​៕B