អាជ្ញាធរខេត្ត​កំពង់ចាម​អន្តរាគមន៍​សង្គ្រោះ​ដំណាំ​ស្រូវ​អត់​ទឹកបាន​ជាង​៦.០០០​ហិកតា​

669
ចែករម្លែក

ដោយ​:គង់​ហេង​/​កំពង់ចាម​ ៖ មន្ត្រី នៃ​មន្ទីរជំនាញ​ដឹកនាំ​ដោយ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​កំពង់ចាម បានបង្ហាញ​តួលេខ នៃ​គ្រោះរាំងស្ងួត​ដែល​បាន និង​កំពុង​វាយប្រហារ លើ​ស្រុក​ចំនួន ប្រាំមួយ គឺ​បណ្តាល​ឲ្យ​ប៉ះពាល់​ទាំង​ដំណាំ​ស្រូវ​រដូវវស្សា និង​រដូវប្រាំង សរុប​ចំនួន​ជាង​មួយ​ម៉ឺន ហិកតា​។ ប៉ុន្តែ​ខាង​អាជ្ញាធរ​ជួយ សង្គ្រោះបាន ៦.៣៨៤ ហិកតា​ហិកតា​ហើយ គិត​ត្រឹម​ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​។​

​លោក អ៊ុ វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ចាម​បាន​លើ​ឡើង​នៅក្នុង​កិច្ចប្រជុំ​ថា ដំណើរ​ការចុះ​អន្តរាគមន៍​បូមទឹក​សង្គ្រោះ​ស្រូវ​រដូវវស្សា​របស់​ប្រជាពលរដ្ឋ នៅ​ស្រុក​ស្រី​សន្ធរ ,​ស្រុក​ព្រៃឈរ​, ស្រុក​ជើងព្រៃ និង​ស្រុក​កំពង់សៀម លើ​តំបន់​ដែលមាន​ប្រភពទឹក​នោះ គឺ​យើង​ចាប់​អនុវត្តន៍​ពី​ដើមខែ​វិច្ឆិកា នេះ​។ ដោយបាន​បូម​ចេញពី​ប្រភពទឹក​បឹង និង​ទន្លេ ប្រើប្រាស់​ម៉ាស៊ីន​តាម​ស្ថានីយ ដាក់ចូល​តាម​ប្រឡាយ​មេ ឲ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ស្រែ បូម​ដាក់​ស្រែ​របស់​ពួកគាត់​បន្ត​។​

​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា រយ​:​ពេល​ចំនួន​ជាង ១០ ថ្ងៃនេះ បាន​បូមទឹក​សង្គ្រោះ​ស្រូវ​រដូវវស្សា​ច្រើន​ជាង​គេ គឺ​តំបន់​មាន​ប្រភពទឹក​ដែលមាន​ស្ថានីយ​បូមទឹក​ដូចជា​: ស្ថានីយ​បូមទឹក​ឃុំ​ព្រែក​ពោធិ ស្រុក​ស្រី​សន្ធរ ,​ស្ថានីយ​បូមទឹក ហ៊ុន សែន ទី​១៥ ឃុំ​សំរោង ស្រុក​ព្រៃឈរ​។ ប៉ុន្តែ​ស្ថានីយ​ភូមិ​ក្តី​បឹង ឃុំ​វិហារ​ធំ ស្រុក​កំពង់សៀម ទើបបាន​ដំណើរការ​បូមទឹក​បញ្ចូល​ទរ ដាក់​ប្រឡាយ​មេ​បាន​នៅ​ថ្ងៃទី ១១ វិច្ឆិកា​នេះ​។ ដោយបាន​ប្រើ​ម៉ាស៊ីន​ចំនួន បី គ្រឿង​បូមទឹក​បឹង​ធំ ផ្តល់​ឲ្យ​ម៉ា​ស៊ីក្នុង​ស្ថានីយ បូម​រុញ​ចូល​ប្រឡាយ​មេ​។

​លោក វិបុល បាន​បន្ថែមថា គិត​ត្រឹម​ថ្ងៃទី ១១ ខែវិច្ឆិកា​នេះ យើង​បាន​ដំណើរការ​បូមទឹក​ស្រោចស្រព សង្គ្រោះ​ដំណាំ​ស្រូវវស្សា​តាម​បណ្តា​ស្រុក​ខាងលើ​បាន​ចំនួន ៦.៣៨៤ ហិកតា នៃ​ផ្ទៃ​ដីស្រែ​នេះ ដែល​រង​ផលប៉ះពាល់​សរុប​ចំនួន ១៤.២៣៧ ហិកតា​។ ជាមួយ​នោះ​ក៏បាន​បូមទឹក​សង្គ្រោះ​ស្រូវប្រាំង ជាច្រើន​ហិកតា នៅ​ស្រុក​បាធាយ ផងដែរ​។​

​លោក គឹម សាវឿន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​ដែរ​ថា ដំណាំ​ស្រូវវស្សា​ដែល​បាន​ជួប​គ្រោះរាំងស្ងួត​មាន​ចំនួន ៣៨ ឃុំ នៅក្នុង​ស្រុក​ចំនួន ប្រាំ លើ​ផ្ទៃដី​សរុប​ដែល​រងគ្រោះ​ចំនួន​ជាង ១៤.២៣៧ ហិកតា​។ ក្នុងនោះ​អាកាសធាតុ​រាំងស្ងួត​របស់​ទឹកភ្លៀង​ក៏បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណាំ​ស្រូវប្រាំង​ចំនួន ១.០៧៤ ហិកតា នៅ​ឃុំ​ច្បារអំពៅ ,​ឃុំ​សម្បូរ , ឃុំ​ជើងព្រៃ និង​ឃុំ​ត្រប់ នៃ​ស្រុក​បាធាយ​។​
​លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​ទៀតថា ចំនួន ៣៨ ឃុំ​ដែល​ជួប​គ្រោះរាំងស្ងួត គឺ​ឃុំ​ចំនួន ២៥ ដែលមាន​ផ្ទៃដី ១១.៥៨៩ ហិកតា គ្មាន​ប្រភពទឹក​សម្រាប់​បូម​ស្រោចស្រព​សង្គ្រោះ និង​ចំនួន ១៣ ឃុំ​ផ្សេងទៀត​មាន​ផ្ទៃដី​ចំនួន ២.៦៤៨ ហិកតា គឺ​ពុំមាន​ប្រភពទឹក​ច្បាស់លាស់​។ ក្នុងនោះ​ស្រុក​ដែល​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​មាន​: ស្រុក​ព្រៃឈរ​ចំនួន​ជាង ៥.០០០ ហិកតា ,​ស្រុក​ជើងព្រៃ​ចំនួន ៣.៧៥៧ ហិកតា , ស្រុក​ស្រី​សន្ធរ​ចំនួន ៣.៧៣២ ហិកតា , ស្រុក​កំពង់សៀម​ចំនួន ១.៦៧៧ ហិកតា ,​ស្រុក​បាធាយ​ចំនួន ១.០៧៤ ហិកតា និង​ស្រុក​ចម្ការលើ​ចំនួន ២៧ ហិកតា​។​

​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​បាន​ថ្លែងថា ខណៈ​នេះ​យើង​មាន​ចំនួន​ដំណាំ​ស្រូវ​ដែល​រងគ្រោះ​ដាច់ទឹក​ភ្លៀង​នេះ​ច្បាស់លាស់​ហើយ គឺ​សូម​ឲ្យ​មន្ត្រី​ជំនាញ សហការ​ជាមួយ​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ស្រែ​រងគ្រោះ បូមទឹក​ដាក់​ស្រែ​ដែលមាន​ប្រភពទឹក​ចំនួន​ជាង ៥.០០០ ហិកតា​ទៀត​ដែល​នៅសល់​នោះ​។ ជាមួយ​នោះ​ហាម​ដាច់ខាត ការ​ទប់​បញ្ចាល់ទឹក​លើ​ប្រឡាយ​មេ ដើម្បី​ផ្គត់ផ្គង់​តែ​ផ្នែក​ណាមួយ គឺ​ត្រូវ​បើកចំហ​ឲ្យ​ដាក់​ម៉ាស៊ីន បូមទឹក​ពី​ផ្នែក​ខាងលើ ដល់​ផ្នែក​ខាងក្រោម នៃ​ប្រឡាយ​មេ​។​

​លោក​អភិបាលខេត្ត​បាន​ថ្លែងបន្តថា ងាក​មក​ករណី​ផ្ទៃ​ដីស្រែ​គ្មាន​ប្រភពទឹក សម្រាប់​បូមទឹក​ស្រោចស្រព​វិញ គឺ​ត្រូវ​ចូលរួម​ពិនិត្យ សិក្សា​ជាក់ស្តែង​ស្វែងរក​ប្រភពទឹក ឲ្យ​អស់​លទ្ធភាព បន្ទាប់មក​ពិនិត្យ​លើ​ទីតាំង​ដី​ដើម្បី​ជីក​អណ្តូង​បូម​យក​ទឹក​ពី​ក្នុង​ដី ឡើងមក​ដាក់​ក្នុង​ស្រែ​ប្រជាពលរដ្ឋ​។ មួយវិញទៀត ជា​តួនាទី​ខាង​អាជ្ញាធរ ត្រូវ​ចុះ​ស្រង់​ចំនួន​គ្រួសារ​ជួប​គ្រោះរាំងស្ងួត ពិសេស​ស្រង់​ឲ្យ​បាន​ច្បាស់​គ្រួសារ​អត់​ទាំង​ប្រភពទឹក និង​អត់​ទាំង​អណ្តូងទឹក​បូម​ដាក់​ស្រែ​នោះ​៕B/

#