អាជ្ញាធរខេត្ត​កំពង់ចាម​ដាក់​កំពង់ចម្លង​ចំនួន​បួន និង​ចំណតរថយន្ត​ចំនួន​ពីរ ដេញថ្លៃ​ភាស៊ី​សម្រាប់​អាជីវកម្ម​ឆ្នាំ​២០១៩

958
ចែករម្លែក

ដោយ​: គង់​ហេង / កំពង់ចាម​: អាជ្ញាធរខេត្ត​កំពង់ចាម​សហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថ បានដាក់​កំពង់ចម្លង ឬដ​ទទឹង​ចំនួន បួន កន្លែង និង​ចំណតរថយន្ត​ចំនួន ពីរ កន្លែង ដេញថ្លៃ​ភាស៊ី​ជា​សាធារណ​: សម្រាប់ធ្វើ​អាជីវកម្ម​ឆ្នាំ ២០១៩ គឺជា​លទ្ធផល​ប្រាក់​ភាស៊ី​ទាំង​ចំនួន ប្រាំមួយ មុខ​ដែល​ដេញថ្លៃ​មាន​ចំនួន​ជាង ១៣៦​លាន រៀល​។ ខណ​:​កាលពី​ឆ្នាំ ២០១៨ ទឹកប្រាក់​ដេញថ្លៃ​ដដែល​នេះ​មាន​ចំនួន​ជាង ២១៥​លាន រៀល​នោះ​។​

សកម្មភាព​ដេញថ្លៃ​ភាស៊ី​កំពង់ចម្លង ឬ​កំពង់ដ​ទទឹង​ចំនួន បួន កន្លែង និង​ចំណតរថយន្ត​ចំនួន ពីរ កន្លែង នៅ​សាលាខេត្ត​កំពង់ចាម​សម្រាប់ធ្វើ​អាជីវកម្ម​ឆ្នាំ ២០១៩​។​

​លោក គ្រុយ ខន មន្ត្រី​គណៈកម្មការ​ដេញថ្លៃ​ភាស៊ី​គ្រប់​ប្រភេទ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​ថា កំពង់ចម្លង និង​ចំណតរថយន្ត​ដែល​បានដាក់​ឲ្យ​ដំណើរការ​ដេញថ្លៃ និង​ចេញ​ជា​លទ្ធផល​នាពេលនេះ​មាន​: កំពង់ចម្លង​ដំណាក់​ព្រីង​-​ទំពូង​-​ជ្រោយ​តា​សិត និង​ព្រែក​រំដេញ​មហាលាភ គឺ​បាន​ទៅលើ​ឈ្មោះ គាន ធា ក្នុងតម្លៃ​ជាង ៣០​លាន រៀល​។ កំពង់ចម្លង​កង​តា​ណឹ​ង​-​មាន់​ដប់ គឺ​បាន​ទៅលើ​ឈ្មោះ លេញ វណ្ណា ក្នុងតម្លៃ​ជាង​បួន​លាន រៀល​។ កំពង់ចម្លង អង្គរ​បាន​-​កោះ​តូច គឺ​បាន​ទៅលើ​ឈ្មោះ ឌឹ​ម ផល្លី ក្នុងតម្លៃ​ជាង ២០​លាន​រៀល និង​កំពង់ចម្លង​ថ្លុក​ជ្រៅ​-​ស្វាយ​សាច់​ភ្នំ គឺ​បាន​ទៅលើ​ឈ្មោះ ភួង បូ​ផា ក្នុងតម្លៃ​ជាង ៦០​លាន​រៀល​។​

​មន្ត្រី​នោះបាន​ឲ្យ​ដឹង​ទៀតថា ចំណែក​ចំណតរថយន្ត​ពាមជីកង ស្រុក​កងមាស គឺ​បាន​ទៅលើ​ឈ្មោះ ថៃ ណា​រី ក្នុងតម្លៃ​ជាង ៣០​លាន រៀល និង​ចំណតរថយន្ត​ព្រៃទទឹង ស្រុក​ព្រៃឈរ គឺ​បាន​ទៅលើ ឈ្មោះ ភួង បូ​ផា ក្នុងតម្លៃ​ជាង ៣០​លាន រៀល​។​

​មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​បន្តថា ទឹកប្រាក់​សរុប​បានមកពី​ការដេញថ្លៃ​ភាស៊ី​សម្រាប់ធ្វើ​អាជីវកម្ម​ទាំង​ចំនួន ប្រាំមួយ មុខ​ខាងលើនេះ​មាន​ចំនួន ១៣៦​លាន រៀល សម្រាប់ធ្វើ​អាជីវកម្ម​ឆ្នាំ​២០១៩ គឺ​ទាប​ជាង​ភាស៊ី​កាលពី​ឆ្នាំ ២០១៨ ចំនួន​ជិត ៨០​លាន រៀល​។​

​លោក អ៊ុ​ភឿន គុណ​វុ​ឌ្ឍ ជា​ប្រធាន​គណ​:​កម្ម​ការដេញថ្លៃ​ភាស៊ី និង​ជា​អភិបាលរង​ខេត្តកំពង់ចាម​បាន​ថ្លែង​នៅ​ចំពោះមុខ​ក្រុម​អ្នក​ដេញ​ភាស៊ី​បាន​នោះ​ថា សូម​ឲ្យ​លោក លោកស្រី​ដែល​ដេញ​ភាស៊ី​បាន​ទាំងអស់ គឺ​សូម​អនុវត្តន៍​សៀវភៅ​បន្ទុក​ឲ្យ​បាន​ត្រឹមត្រូវ គឺ​ទារ​ភាស៊ី​គោរព​តាមច្បាប់​។ ដោយ​ចៀសវាង​ដាច់ខាត​យក​ភាស៊ី​លើសពី ច្បាប់​បានកំណត់​ក្នុង​សៀវភៅ​បន្ទុក ដែល​នាំ​ឲ្យ​មាន​បណ្តឹងតវ៉ា ឬ​ថ្នាំងថ្នាក់​ពី​បណ្តាល​ប្រជាពលរដ្ឋ ដែល​ទទួល​សេវា ភាស៊ី​ទាំងអស់​។​

​លោក​ប្រធាន​គណ​:​កម្ម​ការ​បាន​បន្តថា ពិសេស​ត្រូវ​លើក​ស្លាក ដែល​សរសេរ​ឲ្យ​បានច្បាស់លាស់ និង​ត្រឹមត្រូវ​តាម​អត្ថន័យ​ដែល​មានចែង​ក្នុង​សៀវភៅ​បន្ទុក ហើយ​បិទ​តាំងនៅ​ទីសាធារណៈ​។ ដោយ​មិន​ត្រូវយក​សៀវភៅ​បន្ទុក ទៅ​លាក់ទុក​ទៀតឡើយ​៕