អាជ្ញាធរខេត្ត​កំពង់ចាម​ប្រកាស​បញ្ឈប់​ការធ្វើ​អាជីវកម្ម​ អាស្រ័យ​ផល ​និង​ការទិញ​លក់​ដោយ​ខុសច្បាប់​លើដី​តំបន់ភ្នំ​នៅ​ស្រុក​បាធាយ​

352
ចែករម្លែក

ដោយ​:គង់​ហេង​/កំពង់ចាម​ ៖ ដើម្បី​ប្រយោជន៍​សាធារណ​: និង​រក្សា​ការពារ​ធនធាន​ធម្មជាតិ​អាជ្ញាធរខេត្ត​កំពង់ចាម​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ដល់​បណ្តា​ក្រុមហ៊ុន​អាជីវកម្ម និង​ប្រជាពលរដ្ឋ​ទាំងអស់ គឺ​ហាមឃាត់​ដាច់ខាត​នូវ​ការធ្វើ​អាជីវកម្ម ការកាប់​ទន្ទ្រាន អាស្រ័យ​ផល និង​ការទិញ​លក់​ដី​ដោយ​ខុសច្បាប់ នៅ​តំបន់ភ្នំ​ចំនួន​បួន កន្លែង​ក្នុង​ឃុំ​តាំងក្រសាំង ស្រុក​បាធាយ​។​

ខ្លឹមសារ​នៃ​សេចក្តីប្រកាស​ព័ត៌មាន​ខាងលើ​បានដាក់​ចេញ​កាលពី​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ​២០១៩​បាន​បញ្ជាក់ថា អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​មាន​គោលជំហរ យ៉ាង​មុតមាំ​ក្នុងការ​អនុវត្ត​ច្បាប់ រក្សា​ការពារ​ធនធានធម្មជាតិ​។ ដើម្បី​ប្រយោជន៍​សាធារណ​: និង​មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ឬ​អាជីវកម្ម​ខុស​ណាមួយ ធ្វើ​សកម្មភាព​នោះឡើយ​។​

សេចក្តីប្រកាស​បាន​ឲ្យ​ដឹង​ទៀតថា អាជ្ញាធរ​ស្រុក​បាធាយ និង​ក្នុងនាម​គណ​:​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ស្រុក ត្រូវ​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការទន្ទ្រាន​កាន់កាប់ និង​អាស្រ័យ​ផល ការទិញ​លក់​ខុសច្បាប់ នៅ​តំបន់ភ្នំ​ស្ថិត​ក្នុងភូមិ​ក្រដាស​(​ក​) និង​ក្រដាស​(​ខ​)​ឃុំ​តាំងក្រសាំង ស្រុក​បាធាយ​។​

ជាមួយ​នោះ​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន​ទូទៅ បញ្ឈប់​នូវ​សកម្មភាព​ទាមទារ​តវ៉ា​នានា ដើម្បី​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នៅ​តំបន់​នោះ ជាដាច់ខាត​។ ក្នុងករណី​មាន​សកម្មភាព​​គ្រឿងចក្រ​ឈូសឆាយ ដឹក​ជ​ញ្ជួ​ន​ដី​តំបន់​នោះ​ទៀត គឺ​សូម​រាយការណ៍​មក​អាជ្ញាធរ​ស្រុក​បាធាយ​ជាបន្ទាន់​។​

លោក សុខ ក្រឹប មេឃុំ​តាំងក្រសាំង ស្រុក​បាធាយ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ៣១ កក្កដា​ថា ទីតាំង​តំបន់ភ្នំ​ដែល​អាជ្ញាធរខេត្ត​កំពង់ចាម​បានប្រកាស​បញ្ឈប់​នូវ​រាល់​អាជីវកម្ម​ទាំងឡាយ ការកាប់​ទន្ទ្រាន អាស្រ័យ​ផល និង​ការទិញ​លក់​ដី​ដោយ​ខុសច្បាប់ គឺមាន​ទីតាំង​ភ្នំ​ចំនួន បួន កន្លែង​: ភ្នំ​ក្រចាប់ ភ្នំ​គោ ភ្នំ​ស្រង់ និង​ភ្នំ​ឡ​ហល​។​

លោក លី ចាន់​ធី ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​ដែរ​ថា តំបន់ភ្នំ​ខាងលើ​ដែលមាន​សកម្ម​ភាពខុស​ច្បាប់ ហើយ​នាំ​ឲ្យ​អាជ្ញាធរខេត្ត​ចេញប្រកាស​ព័ត៌មាន​ហាមឃាត់ និង​ប​ញ្ឃ​ប់​សកម្មភាព គឺ​កន្លងមក​មាន​សហគ្រាស យាន ប៊ុន​ណា​ល់ អាជ្ញាប័ណ្ណ​អាជីវកម្ម​យក​ថ្ម​នៅមាន​សុពលភាព ប៉ុន្តែ​ខាង​ស​គ្រាស​នេះ​បាន​ឈប់​មុន​សុពលភាព​ចំនួន​បី​ខែ​។

លោក​ប្រធាន​មន្ទីរ​បាន​បន្តថា ដោយឡែក​ក្រុមហ៊ុន​អាជីវកម្ម​យក​ថ្ម​មួយទៀត​ដែលមាន​បញ្ហា​ផ្តើម​ផ្តើម​ឲ្យ​មានការ​បញ្ឈប់​សកម្មភាព​អាជីវ​កម្មនេះ គឺ​ក្រុមហ៊ុន​របស់លោក​ឧកញ៉ា​សុខ សុខា ដែលមាន​លោកស្រី ចាន់ លាង ជា​ម្ចាស់​នៅ​តំបន់ភ្នំ​ធំ ស្ថិត​ក្នុងភូមិ​ក្រដាស​(​ក​) ឃុំ​តាំងក្រសាំង ស្រុក​បាធាយ​។​

គួរ​កត់សម្គាល់ថា បញ្ហា​បណ្តាល​ឲ្យ​អាជ្ញាធរ​ខេត្តកំពង់ចាម​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​នេះ គឺ​នៅក្រោយពី​មាន​សកម្មភាព​ប្តឹងតវ៉ា​ពី​ប្រជាពលរដ្ឋ​ប្រមាណ​ពី ៥០ ទៅ ៦០ គ្រួសារ នៅ​ភូមិ​ក្រដាស​(​ក​) និង​ភូមិ​ក្រដាស​(​ខ​) ឃុំ​តាំងក្រសាំង ស្រុក​បាធាយ ទៅលើ​ក្រុមហ៊ុន​ឧកញ៉ា សុខ សុខា ធ្វើ​អាជីវកម្ម​យក​ថ្ម​សំណង់ ប៉ះពាល់​ដល់​បរិស្ថាន នៃ​ការរស់នៅ​ដោយ​ខាង​ប្រជាពលរដ្ឋ​ចង់​រក្សា​ការពារ​ភ្នំ​ទុក្ខ​ជាទី​ទួល​សុវត្ថិភាព​នៅមាន​គ្រោះទឹកជំនន់​នោះ​៕​B/