អាជ្ញាធរខេត្ត​កំពង់ចាម​គ្រោង​ប្រែក្លាយ​ល្អាង​ភ្នំ​នៅ​ស្រុក​ស្ទឹងត្រង់​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​

1458
ចែករម្លែក

ដោយ​ : គង់​ហេង​/កំពង់ចាម​ ៖ លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ទៅកាន់ ល្អាង​ភ្នំ​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ព្រែក​សង្កែ​លិច ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ នៅ​ដើម​សប្តាហ៍​កន្លងទៅនេះ​។ ដើម្បី​ប្រែក្លាយ​ទីតាំង​ដី​ជាង​មួយ​ហិកតា ដ៏​មាន​សត្តា​នុព​ល​នោះ ទៅជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​នាពេល​អនាគត​។​

លោក ស៊ាន សុគន្ធ ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្តកំពង់ចាម​ដែល​បាន​ចូលរួម​ពិនិត្យ​ទីតាំង​ល្អាង​ខាងលើ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ២២ តុលា​ថា ធាតុពិត​ល្អាង​ភ្នំ​ខាងលើ គឺ​ស្ថិតក្នុង​បរិវេណ​រមណីយដ្ឋាន វត្ត​គុហា​គង្គា ហៅ​ព្រះអង្គ​គុ​ហ៍​។ ជាទី​តាំង​សម្រាប់​ភ្ញៀវទេសចរ មកលេង​កម្សាន្ត​នា​រដូវ​បុណ្យទាន​ផ្សេងៗ ជាទីគោរព​បូជា របស់​ប្រជាពលរដ្ឋ​គោរព​ព្រះពុទ្ធសាសនា និង​ជា​កន្លែង​បន់ស្រន់​សក្តិ​សិទ្ធិ​ខាង​អ​បិ​ជំនឿ​ផងដែរ​។​

លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​ទៀតថា ពិសេស ល្អាង​វត្ត​ព្រះអង្គ​គុ​ហ៍ គឺ​ស្ថិតក្នុង​កញ្ចប់​ទេសចរ​ណ៍​របស់​ខេត្ត តាម​បណ្តោយ​ដង​ទន្លេមេគង្គ​មាន​: រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ភ្នំ​ហាន់ជ័យ , រមណីយដ្ឋាន​ទើបបាន​បង្កើត​ថ្មី គឺ​រមណីយដ្ឋាន​ឬ​ស្សី​ភ្នំ​ហាន់ជ័យ ( HANCHEY BAMBOO RESORT) , រមណីយដ្ឋាន​វត្ត​បឹង​ដែង និង​រមណី​ដ្ឋា​ន​នាគ​ខ្មៅ ស្ថិត​ក្នុងស្រុក​ស្ទឹងត្រង់​ទាំងអស់​។​

លោក សុគន្ធ បាន​បន្តថា ការដែល​កន្លងមក​«​រមណីយដ្ឋាន​វត្ត​ព្រះអង្គ​គុ​ហ៍​» មិនសូវមាន​ការទាក់ទាញ ភ្ញៀវ​ឲ្យ​មកលេង​កម្សាន្ត​នោះ គឺ​ដោយសារ​ប្រព័ន្ធ​ផ្លូវថ្នល់​មកកាន់​តំបន់​នេះ មានការ​លំបាក ហើយ ម្យ៉ាង​មិនសូវ​មាន​ការផ្សព្វផ្សាយ ពី​សក្តានុពល​តំបន់​ល្អាង នៃ​រមណីយដ្ឋាន​នោះ​ប៉ុន្មាន​ផង​។

​លោក​បាន​បន្ថែមថា ប៉ុន្តែ​បច្ចុប្បន្ន​ក្រោម​ការផ្តួចផ្តើម​គំនិត​ពី​ឯកឧត្តម ហ៊ុន ណេង អតីត​អភិបាលខេត្ត​កំពង់ចាម និង​សព្វ​ថ្ងៃជា​សមាជិក​រដ្ឋសភា គឺ​បាន​កៀរគរ សប្បុរសជន​មក​ចូលរួម​កសាង​អភិវឌ្ឍ​តំបន់​ខាងលើ បាន​ស្ទើរ​គ្រប់ផ្នែក ពិសេស​ប្រព័ន្ធ​ផ្លូវថ្នល់ អាច​បើកបរ​រថយន្ត​ចេញចូល​ដល់ បរិវេណ​វត្ត​គុហា​គង្គា ខាងមុខ​ល្អាង​មួយ​នេះ បាន​ដោយ​សុវត្ថិភាព​។​

លោក ជួន សុផាត ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្ប​:​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា ការដែល​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ដឹកនាំ​មន្ត្រី ចុះ​ពិនិត្យ​ទីតាំង​ល្អាង​វត្ត​ព្រះអង្គ​គុ​ហ៍ គឺ​រៀបចំ​សាងសង់​ពង្រីក​ទីធ្លា​គោរពបូជា​ខាងមុខ «​ព្រះអង្គ​គុ​ហ៍​»​កំពុង​ផ្ទំ​ខាងក្នុង​ល្អាង​នោះ​។​

​លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​ទៀតថា តាម​ការនិយាយ​ដំណាល​ត​គ្នា របស់​ប្រវត្តិ​« ព្រះអង្គ​គុ​ហ៍​» គឺ​កាលពី ៧៩ ឆ្នាំមុន ជា​ព្រះ​ពុទ្ធរូប​ផ្ទំ​សង់​អំពី​ឈើ បាន​អណ្តែត​ក្នុង​ទឹកទន្លេ​មេគង្គ ហើយក៏​ត្រូវបាន​អ្នកនេសាទ​ស្រង់​ពី​ទឹក មក​ប្រគេន​ចៅអធិការ​វត្ត​នេះ ដែល​ដើមឡើយ​ឈ្មោះ វត្ត​ដើម​ជ្រៃ​។ ប៉ុន្តែ​ច្រើន​ឆ្នាំក្រោយ​រូប​ព្រះអង្គ​នេះ​បាន​ពុកផុយ គឺ​ចៅអធិការ​វត្ត ក៏​សម្រេច​ក​សាងព្រះពុទ្ធរូប ដដែល​នេះ​ជា​ថ្ម​ឡើងវិញ​។ ដោយបាន​តម្កល់​ខាងក្នុង​ល្អាង​មកទល់​សព្វថ្ងៃ និង​ដាក់ឈ្មោះ «​វត្ត​គុហា​គង្គា ហៅ​វត្ត​ព្រះអង្គ​គុ​ហ៍​»​នេះ​។​

​លោក ហេង ចាន់​ណាត ស្មៀនឃុំ​ពាម​កោះ​ស្នា បាន​និយាយថា រមណីយដ្ឋាន​វត្ត​ព្រះអង្គ​គុ​ហ៍​ឆ្នាំកន្លងមក​ភាគច្រើន សម្បូរ​តែ​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ទីនោះ ដែល​បាន​ស្គាល់ និង​ដឹង​ពី​ប្រវត្តិ​តៗ​គ្នា​។ ដោយ​ពុំ​សូវ​មាន​ភ្ញៀវ​ជា​អ្នក​ចម្ងាយ​ទៅលេង​កម្សាន្ត គឺ​សម្បូរ ក្នុង​ឳ​កាស​បុណ្យទាន​ម្តងៗ​។ ចំណែក​អ្នក​ទៅ​ជាប់​មិន​ដាច់ រាល់​ថ្ងៃនោះ ជា​អ្នកមាន​ជំនឿ ជឿ​លើ​ការ​បន់ស្រន់ នៅក្នុង​ល្អាង​ព្រះអង្គ​គុ​ហ៍ គឺ​សក្តិ​សិទ្ធ​។​

​លោក ចាន់​ណាត បាន​បន្តថា ល្អាង​ខាងលើនេះ លោក​នៅ​មិនទាន់​ដឹង​ពី ទំហំ និង​ជម្រៅ នៅឡើយ​ទេ គឺ​គ្រាន់តែ​ដឹងថា មាន​ចម្ងាយ​ប្រហែល ៥៥ គីឡូម៉ែត្រ ពី​ក្រុង​កំពង់ចាម​។ ដោយមាន​ផ្លូវ​សម្រាប់​ចេញចូល​បាន​ស្រួល គឺ​មិនមាន​ជង្ហុក ក្រហេងក្រហូង ដុំថ្មរ​ដេក​រដុប​លំបាក ដូច​កាលពី​ប៉ុន្មាន​ឆ្នាំមុន​នោះទេ​៕​B