អាជ្ញាធរខេត្ត​កំពង់ឆ្នាំង មមាញឹក​រៀបចំ​តុបតែង​ដំឡើង​ខ្លោង​របារ​កាត់​ទទឹងផ្លូវ​ជាតិ​លេខ​៥ ដើម្បី​ត្រៀម​បុណ្យ​ទន្លេ​ឆ្នាំ​២០១៩

705
ចែករម្លែក
  • 633
    Shares

ដោយ​: សន សក្តា / កំពង់ឆ្នាំង​: រដ្ឋបាលខេត្ត​កំពង់ឆ្នាំង កំពុង​ខិតខំ​រៀបចំ​របៀបរៀបរយ សណ្តាប់ធ្នាប់ លើកកម្ពស់​សោ​ភណ្ឌ​ភាព ពិសេស​ក្នុង​ក្រុង​កំពង់ឆ្នាំង តាម​ដង​ទន្លេ ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​ពិធីបុណ្យ​ទន្លេ នៅ​ឆ្នាំ​២០១៩​។

​ជាក់ស្តែង​នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ ក្រុមការងារ​ខេត្តកំពង់ឆ្នាំង កំពុងតែ​មមាញឹក​រៀប​ចំ​តុបតែង ដំឡើង​ខ្លោង​របារ​កាត់​ទទឹងផ្លូវ​ជាតិ​លេខ​៥ លម្អ​សោភ័ណភាព​តាមផ្លូវ​ក្នុង​ខេត្ត ដើម្បី​ត្រៀម​បុណ្យ​ទន្លេ ដែល​នឹង​មកដល់​នៅ​ពាក់កណ្តាល​ខែ​មិនា ខាងមុខ​។​

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ធ្លាប់បាន​បញ្ជាក់ថា ពិធីបុណ្យ​ទន្លេ​លើក​ទី​៥ នៅ​ខេត្តកំពង់ឆ្នាំង ខាងមុខនេះ គឺជា​ឱកាស​ដ៏​ធំ​មួយ​ក្នុង​ការរៀបចំ​តាំងពិព័រណ៍​ផលិតផល​ក្នុងស្រុក ពិសេស​ផលិតផល​កសិកម្ម សិប្បកម្ម និង​ទេសចរណ៍​។ ក្រោម​ការខិតខំ​របស់​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង ការងារ​មួយចំនួន​ត្រូវបាន​បញ្ចប់ ខណៈ​ការងារ​ដែល​នៅ​សេសសល់​ទាំង​ប៉ុន្មាន ក្រុមការងារ​អន្តរក្រសួង​កំពុង​បន្ត​អនុវត្ត​ជា​រៀងរាល់ថ្ងៃ សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ខេត្តកំពង់ឆ្នាំង មាន​សោភ័ណភាព​ប្រកបដោយ​ភាព​ទាក់ទាញ មាន​សន្តិសុខ សណ្ដាប់​ធ្លាប់​ល្អ និង​ផ្ដល់​ភាពសប្បាយ​រីករាយ​ដល់​ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរ​។​

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​លើក​ទី​៥ នឹង​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី​១៥-១៦-១៧ ខែមីនា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ «​ទន្លេ ផ្សារភ្ជាប់​សន្តិភាព ប្រជាជន និង ទេសចរណ៍​»​។ ដោយឡែក ​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង ក៏បាន​ខិតខំ​រៀបចំ​កន្លែង​កម្សាន្ត​នានា នៅក្នុង​ក្រុង​កំពង់ឆ្នាំង ហើយ​បាននិងកំពុង​រៀបចំរ​មណី​យ​ដ្ឋា​ន​ទេសចរណ៍​នានា​នៅ​ជុំវិញ​ខេត្ត ដើម្បី​ត្រៀម​ទទួល​វត្តមាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ នៅ​អំឡុងពេល​ពិធីបុណ្យ​ទន្លេ​នោះ​ផងដែរ​៕