អាជ្ញាធរខេត្ត​គៀន​យ៉ាង​សំណូមពរ​រដ្ឋបាលខេត្ត​កំពត​បន្ត​កិច្ចសហការ​រុករក​អដ្ឋិធាតុ​កងទ័ព​វៀតណាម​

321
ចែករម្លែក

ដោយ : បូកគោ/កំពត​ ៖ ប្រធាន​ក្រុមប្រឹក្សា​ប្រជាជន​ខេត្ត​គៀន​យ៉ាង​បាន​សំណូមពរ​ដល់​រដ្ឋបាល​ខេត្តកំពត ​បន្ត​កិច្ចសហការ​សម្រាប់​បេសកកម្ម​រុករក​អដ្ឋិធាតុ​កងទ័ព​វៀតណាម​ដែល​បាន​បាត់​បង់ជីវិត​នាពេល​កន្លងមក​។

ក្នុងឱកាស​ដឹកនាំ​ប្រតិភូ​ចូលជួប​សម្តែង​ការគួរសម និង​ជូនពរជ័យ​ដល់​ថ្នាក់ដឹកនាំ​ខេត្តកំពត នា​ព្រឹក​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​សាលាខេត្ត លោកស្រី ដាំង ទ្វៀ​ត​អែម អនុ​លេខា​គណៈកម្មាធិការ​បក្ស និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ប្រជាជន​ខេត្ត​គៀន​យ៉ាង​បាន​មានប្រសាសន៍ថា ស្មារតី​សម​គ្គី រវាង​វៀតណាម និង​កម្ពុជា​កើតមាន​ជា​យូរលង់​មកហើយ​។ ដោយឡែក​សម្រាប់​ប្រជាជន​ខេត្ត​គៀន​យ៉ាង និង ខេត្តកំពត ក៏​រក្សាបាន​ខ្ជាប់ខ្ជួន​នូវ​ប្រពៃណី​នៃ​ទំនាក់ទំនង​ល្អ​ក្នុងនាម​បងប្អូន​ជាប់​ព្រំដែន​រវាង​គ្នា​។

ជាក់ស្តែង រៀងរាល់​ពិធីបុណ្យ​ជាតិ​សំខាន់ៗ ថ្នាក់ដឹកនាំ​នៃ​ខេត្ត​ទាំងពីរ​តែង​បាន​ចូលជួប​សម្តែង​ការគួរសម និង​ជូនពរជ័យ​ដល់​គ្នា​ទៅវិញទៅមក​។ លោកស្រី​ប្រធាន​បាន​បន្តថា​ឆ្លៀតឱកាស​ដ៏​វិសេសវិសាល​នេះ ក្នុងនាម​ថ្នាក់ដឹកនាំ​ខេត្ត​គៀន​យ៉ាង លោកស្រី​សំណូមពរ​ចំពោះ​រដ្ឋបាល​ខេត្តកំពត​មេត្តា​ចូលរួម​គាំទ្រ និង​បន្ត​កិច្ចសហការ​សម្រាប់​បេសកកម្ម​រុករក​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ដែល​បាន​បាត់បង់​ជីវិត​លើទឹក​ដី​នៃ​ខេត្តកំពត​នាពេល​កន្លងមក​។ ជាមួយគ្នានេះ​ផងដែរ ក៏​សូមឱ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ជួយ​សម្រួល​ដល់​ការប្រកប​របរ​ចិញ្ចឹមជីវិត​របស់​បងប្អូន​ជនជាតិ​វៀតណាម​ដែល​បានមក​រស់នៅ​ក្នុងភូមិ​សាស្ត្រ​នៃ​ខេត្តកំពត​នេះ​។​

សម្តែង​ន័យ​ស្វាគមន៍​ចំពោះ​ប្រតិភូ​ខេត្ត​គៀន​យ៉ាង លោក​ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​មានប្រសាសន៍ថា​ក្នុងនាម​ថ្នាក់ដឹកនាំ ក៏ដូចជា​ប្រជាជន​ទូទាំង​ខេត្តកំពត លោក​សូម​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរខេត្ត​គៀន​យ៉ាង​ដែល​បាន និង​កំពុង​បន្ត​ជួយ​រដ្ឋបាល​ខេត្តកំពត​ឱ្យ​រីកចម្រើន ពិសេស​វិស័យ​អប់រំ សុខាភិបាល ទេសចរណ៍ កសិកម្ម​ជាដើម​។ លោក​អភិបាលខេត្ត​បា​បញ្ជាក់ថា​ជា​តម្រូវ​ការបន្ត រដ្ឋបាល​ខេត្តកំពត​សូមឱ្យ​អាជ្ញាធរ​ខេត្ត​គៀន​យ៉ាង​បង្កើន​កិច្ចសហការ​ដើម្បី​សន្តិសុខ សុវត្ថិភាព​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​នៅតាម​ខ្សែបន្ទាត់​ព្រំដែន ​តាមរយៈ​ទប់ស្កាត់​ការឆ្លងកាត់​ទំនិញ​ខុសច្បាប់ និង​ការ​ចរាចរ​គ្រឿងញៀន​ជាដើម​៕​B/