អាជ្ញាធរខេត្ត​ជម្រុញ​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​តួនាទី​ភារកិច្ច​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​

643
ចែករម្លែក

​វ៉ៃ​គោ​/​ស្វាយរៀងៈ​លោក​ម៉ែន​វិបុល​អភិបាល​ខេត្តស្វាយរៀង​កាលពី​ព្រឹក​ថ្ងៃទី​២៦​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នេះ​បាន​ជម្រុញ​ដល់​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​តួនាទី​ភារកិច្ច​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។​

​ទី​១.​ត្រូវ​បន្ត​យកចិត្តទុកដាក់​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​និង​សុវត្ថិភាព​នៅក្នុង​ខេត្ត​ឲ្យ​បានល្អ​ប្រសើរ​។​២.​អាជ្ញាធរ​ក្រុង​ស្រុក​ត្រូវ​អប់រំ​ផ្សព្វផ្សាយ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះមហន្តរាយធម្មជាតិ​ខ្យល់​កន្ត្រាក់​និង​រន្ទះ​ជាដើម​និង​ចុះ​អន្តរាគមន៍​ជួយសង្គ្រោះ​ឲ្យ​បាន​ទាន់ពេលវេលា​។

​៣.​មន្ទីរ​-​អង្គភាព​កងកម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​និង​អាជ្ញាធរ​ក្រុង​ស្រុក​ត្រូវ​សហការ​ពង្រឹង​ការគ្រប់គ្រង និង​ការប្រមូល​ពន្ធដារ ពន្ធគយ និង​ពន្ធ​ផ្សេងៗ​ឲ្យ​បាន​ត្រឹមត្រូវ និង​គ្រប់​តាម​ផែនការ ជាពិសេស​ចូលរួម​ផ្សព្វផ្សាយ​និង​ជំរុញ​ប្រជាពលរដ្ឋ​ឲ្យ​អញ្ជើញ​ទៅ​បង់ពន្ធ​លើ​មធ្យោបាយ​ធ្វើដំណើរ​ឲ្យ​បាន​ទាន់ពេល​កំណត់ ។​

៤.​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​និង​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ត្រូវ​បន្ត​សហការ​តាមដាន​ការប្រមូល​ផល​ស្រូវ​រដូវវស្សា​និង​ការ​បង្កបង្កើនផល​ស្រូវ​រដូវប្រាំង​និង​ត្រូវ​ត្រៀម​អន្តរាគមន៍​នៅពេល​មាន​បញ្ហា​ណាមួយ​កើតឡើង​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផលដំណាំ​របស់​ប្រជាពលរដ្ឋ ។​

៥.​មន្ទីរ​-​អង្គភាព​កម្លាំង​មាន​សមត្ថកិច្ច​និង​រដ្ឋបាល​ក្រុង​ស្រុក​ត្រូវ​បន្ត​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​តឹងរ៉ឹង​បំផុត​។​៦.​រដ្ឋបាល​ក្រុង​-​ស្រុក​ទាំងអស់​ត្រូវ​បន្ត​ខិតខំ​ដោះស្រាយ​បញ្ហា​ដែល​កើតមានឡើង​នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ឲ្យ​អស់​លទ្ធភាព និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ។​

​លោក​អភិបាលខេត្ត​ស្វាយរៀង​បាន​មានប្រសាសន៍​ដូច្នេះ​នៅក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំខែ​វិច្ឆិកា និង​លើក​ទិសដៅ​ការងារ​ខែធ្នូ ឆ្នាំ​២០១៨​។

លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​ក៏បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ក្រុមការងារ​យុវជន​និង​កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្តស្វាយរៀង​ទាំងអស់​ដែល​នៅក្នុង​ខែវិច្ឆិកា​កន្លងមក​។​

​ការអនុវត្ត​តួនាទី​ភារកិច្ច​របស់ខ្លួន​រួមចំណែក​ធ្វើ​ឲ្យ​ខេត្ត​រក្សាបាន​នូវ​ស្ថិរភាព​នយោបាយ​សន្ដិសុខ​សុវត្ថិភាព​សណ្ដាប់ធ្នាប់​សាធារណៈ​និង​ការផ្ដល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​បានល្អ​ប្រសើរ​ជាពិសេស​នៅក្នុង​ការពារ​សន្តិសុខ​សុវត្ថិភាព​យ៉ាង​ល្អប្រសើរ​ជូន​ប្រជាពលរដ្ឋ​។​

លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​ដោយ​សង្កត់ធ្ងន់ថាៈ​គ្រប់​អង្គភាព​-​ពាក់ព័ន្ធ​ក្រុង​ស្រុក​និង​ឃុំ​សង្កាត់​ត្រូវ​បន្ត​អប់រំ​ណែនាំ​និង​ផ្សព្វផ្សាយ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ជួល​ដី​នៅតាម​បណ្តោយ​ព្រំដែន​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​នៃ​ប្រទេសជិតខាង​និង​ចូលរួម​ថែរក្សា​កា​ពារ​បង្គោល​ព្រំដែន​ដែល​បាន​បោះ​រួច​ឲ្យ​បាន​គង់វង្ស​ល្អប្រសើរ ៕S/​

​អាជ្ញាធរខេត្ត​ជម្រុញ​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​តួនាទី​ភារកិច្ច​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​