អាជ្ញាធរខេត្ត​ជំរុញឱ្យមាន​ការចូលរួម​ដាំ​និង​ថែរក្សា​អភិរក្ស​ព្រៃឈើ​

198
ចែករម្លែក

ដោយ​: អូរ​ស្មាច់ / ឧ​ត្ត​រ​មានជ័យ​: អាជ្ញាធរខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ជំរុញឱ្យមាន​ការចូលរួម​ដាំ និង​ថែរក្សា​ព្រៃឈើ​ធនធានធម្មជាតិ​ដទៃទៀត​ឱ្យបាន​គង់វង្ស ក្នុង​ពិធី​ដាំ​កូនឈើ​ប្រណិត មាន​កូនឈើ​បេង កូនឈើ​គ្រញូង​ចំនួន​៦,០០០​ដើម ដាំ​ក្នុង​តំបន់​ការពារ​ស្ថិតនៅ​ក្នុងព្រៃ​សង្ឃ​សហគមន៍​រុក្ខ​វ័ន កាលពី​ថ្ងៃទី​១៦​ខែសីហា​ឆ្នាំ​២០១៩​។​

​លោក វ៉ាត ប៉ា​រ៉ានី អភិបាលរង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​គាំទ្រ​នូវ​ស្នាដៃ​នានា ជាពិសេស​ការ​ពលិកម្ម និង​ការបូជា​កម្លាំងកាយ​ចិត្ត ក្នុង​ការតស៊ូ​ថែរក្សា​ការពារ​ព្រៃឈើ​របស់​ព្រះ​មេគណ​ខេត្ត ដូចជា​ប្រធាន​សហគមន៍​ព្រៃឈើ​គ្រប់​ជំនាន់ រហូតដល់​ទទួលបាន​ការទទួលស្គាល់​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ការដាក់បញ្ចូល​ព្រៃឈើ​នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ជា​តំបន់​ដែនជម្រកសត្វព្រៃ និង​ការការពារ​ធនធានធម្មជាតិ លើ​ផ្ទៃដី​ប្រមាណ​ជាង ៣​ម៉ឺន​ហិកតា​។​

​លោក​អភិបាលរង​ខេត្ត ក៏បាន​ធ្វើការ​សង្កត់ធ្ងន់​ឱ្យមាន​ការចូលរួម​យ៉ាង​សកម្ម និង​ផុលផុស​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ មន្ទីរ​វិស័យ​នានា ប្រជាពលរដ្ឋ សហគមន៍​មូលដ្ឋាន ជាពិសេស​យុវជន ក្នុង​ការបន្ត​ការដាំដុះ​ស្ដារឡើងវិញ និង​ការការពារ​ធនធាន​តែមាន​ស្រាប់​ឱ្យខាងតែបាន​។​

​អ្នកស្រី ម៉ុម ថា​នី រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន សរសើរ​ចំពោះ​ការចូលរួម​យ៉ាងសកម្ម​ពី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ជាមួយ​ក្រសួងបរិស្ថាន ក្នុងការ​អនុវត្ត​ស្របតាម​គោលនយោបាយ និង​ទិសដៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ការការពារ​បរិស្ថាន​និង​ធនធានធម្មជាតិ មិន​ត្រឹមតែ​ជា​គោលដៅ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ជា​គោលដៅ​រួម​របស់​បណ្ដា​ប្រទេស​នានា​លើ​សកលលោក​ក្នុង​ការរក្សា​ស្ថេរភាព​ក្នុង​ភពផែនដី​។​

​បញ្ជាក់ថា ដាំ​ដើមឈើ​ប្រណិត​ជា​និមិត្តរូប នៃ​ការដាំ​ដើមឈើ​សរុប​ប្រមាណ​៦,០០០​ដើម របស់​មន្ត្រី​ឧទ្យាន​នុ​រក្ស​មន្ទីរ​បរិស្ថាន នៅ​ស្នាក់ការ​តំបន់ការពារធម្មជាតិ ថ្នាល​បណ្តុះ​កូនឈើ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងព្រៃ​សង្ឃ​សហគមន៍​រុក្ខ​វ័ន​៕ ល​

#