អាជ្ញាធរខេត្ត​ជំរុញ​កសិករ​ឲ្យ​យកចិត្តទុកដាក់​ដាំ​ដំណាំ​រួមផ្សំ​និង​ចិញ្ចឹមសត្វ​

1347
ចែករម្លែក

(​កំពង់ឆ្នាំង​)​អភិបាលខេត្ត​កំពង់ឆ្នាំង​លោក​ឈួ​រ​ច័ន្ទ​ឌឿ​ន​បាន​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​អោយ​បង្កើន​ការយកចិត្តទុកដាក់​ក្នុង​ការងារ​បង្ករ​បង្កើន​ផល​ស្រូវ​រដូវវស្សា និង ដាំ​ដំណាំ​រួមផ្សំ​អោយបាន​ច្រើន ខណៈដែល​ពេលនេះ​ភ្លៀង​បាន​ធ្លាក់​ស្ទើ​គ្រប់​ទីកន្លែង​នៅក្នុង​ភូមិសាស្ត្រ​នានា នៃ​ខេត្តកំពង់ឆ្នាំង ។​

​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង​មានប្រសាសន៍​ជម្រុញ​បែបនេះ នៅក្នុង​ឧិ​កាស​ដែល​លោក​នាំយក​ស្រូវពូជ​ទៅ​ចែកជូន​ដល់​កសិករ នៅក្នុង​ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៧ ។​

​លោក​ឈួ​រ ច័ន្ទ​ឌឿ​ន​មានប្រសាសន៍​ដោយ​គូស​បញ្ជាក់ទៀតថា រដូវវស្សា​បានចាប់ផ្តើម​ហើយ​។ ចំណែកឯ​ទឹកភ្លៀង​ក៏បាន​ធ្លាក់​រាយប៉ាយ​នៅ​គ្រប់​ទីកន្លែង​ដែរ ។​ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវតែ​រូតរះ​ធ្វើការ​ភ្ជួ​រាស់ សាបព្រោះ និង ដក​ស្ទូង​អោយបាន​ពី​ដើមដៃ ដើម្បី​ទទួលបាន​ទិន្នផល​ខ្ពស់​នៅពេល​ប្រមូល​ផល ។​

ក្រៅពីនេះ​ប្រជាពលរដ្ឋ​ត្រូវ​បង្កើន​ការដាំ​ដំណាំ​រួមផ្សំ​និង​ចិញ្ចឹមសត្វ​អោយបាន​ច្រើន​បន្ថែមទៀត ដើម្បី​លើកកម្ពស់​ជីវភាព​ក្នុង​គ្រួសារ​។​

លោក​ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង បានអោយដឹងថា ស្រូវពូជ​ដែល​បាន​នាំយកមក​ចែកជូន​ដល់​ប្រជាកសិករ​នាពេលនេះ មាន​ចំនួន​ជាង​១០​តោន ជា​ពូជស្រូវ​ផ្ការំដួល សម្រាប់​អោយ​កសិករ​យកទៅ​ធ្វើ​ពូជ​ដាំ​ដុះ នៅក្នុង​រដូវ​បង្ករ​បង្កើន​ផល​ឆ្នាំនេះ ។​

លោក​ប្រធាន​មន្ទីរ​បាន​អោយដឹងទៀតថា នៅក្នុង​រដូវវស្សា​ឆ្នាំនេះ​ខេត្តកំពង់ឆ្នាំង មាន​ផែន​ការធ្វើ​ស្រូវវស្សា​លើ​ផ្ទៃដី​ចំនួន​១២១.៨០០​ហិកតា គិត​មកដល់នឹង​ចុងខែ​មិថុនា​នេះ នៅ​ទូទាំង​ខេត្ត ប្រជាកសិករ​សម្រេច​ដាំ​ដុះ​បាន​ចំនួន​៤៦ ៣៧០​ហិកតា ស្មើនឹង​៣៨​ភាគរយ នៃ​ផែនការ​ហើយ​៕

​អាជ្ញាធរខេត្ត​ជំរុញ​កសិករ​ឲ្យ​យកចិត្តទុកដាក់​ដាំ​ដំណាំ​រួមផ្សំ​និង​ចិញ្ចឹមសត្វ​(​រូប​៖​សន​សក្តា​)
អាជ្ញាធរខេត្ត​ជំរុញ​កសិករ​ឲ្យ​យកចិត្តទុកដាក់​ដាំ​ដំណាំ​រួមផ្សំ​និង​ចិញ្ចឹមសត្វ​