អាជ្ញាធរខេត្ត​ព្រះវិហារ​បាន​ជូនដំណឹង​អ្នកធ្វើ​ចរចរ​លើផ្លូវ​ជាតិ​លេខ​៩៥​ត្រូវ​ផ្អាក​បណ្តោះអាសន្ន​

457
ចែករម្លែក
  • 96
    Shares

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​)៖​អាជ្ញាធរខេត្ត​ព្រះវិហារ​បាន​ជូនដំណឹង​ដល់​អ្នកធ្វើដំណើរ​លើផ្លូវ​ជាតិ​លេខ​៩៥​ត្រូវ​ផ្អាក​បណ្តោះអាសន្ន​នៅ​ថ្ងៃស្អែក​(​ថ្ងៃទី​១​ខែមេសា​)​ដោយសារ​ការរុះរើ​ស្ពានដែក​បា​ឡេ​មួយកន្លែង​ដែល​ចាស់​ទ្រុឌទ្រោម​។​

​តាម​សេចក្តីជូនដំណឹង​បាន​បញ្ជាក់ថា​ផ្លូវជាតិ​លេខ​៩៥​នឹងត្រូវ​ផ្អាក​ចរាចរណ៍​បណ្តោះអាសន្ន​រយៈពេល​មួយថ្ងៃ​គឺ​ថ្ងៃទី​១​ខែមេសា​ឆ្នាំ​២០១៩​ដោយសារ​មន្ត្រី​ជំនាញ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​ធ្វើការ​រុះរើ​ស្ពានដែក​បា​ឡេ​ចាស់​ទ្រុឌទ្រោម​មួយកន្លែង​នៅ​ចំណុច​គីឡូម៉ែត្រ​0-២៥០​ក្នុង​ទីរួមស្រុក​ឆែប​ខេត្តព្រះវិហារ​។​

​លោក​សំលាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បាន​កាលពី​នៅ​រសៀល​ថ្ងៃទី​៣១​ខែមីនា​ឆ្នាំ​២០១៩​ថា​នៅ​ថ្ងៃស្អែក​នេះ​ផ្លូវជាតិ​លេខ​៩៥​នឹងត្រូវ​ផ្អាក​ការធ្វើ​ចរាចរណ៍​ពេញ​មួយថ្ងៃ ។​ដោយសារ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ធ្វើ​ការរុះរើ​ស្ពានដែក​បា​ឡេ​មួយកន្លែង​នៅ​ចំណុច​គីឡូម៉ែត្រ​០+២៥០ ស្ថិតក្នុង​ស្រុក​ឆែប​។​

​លោក​សំលាង​ទ្រី​បាន​បន្តថា​”​ស្ពានដែក​បា​ឡេ​ដែល​យើង​រុះរើ​នេះ​មាន​បណ្តោយ​ប្រវែង​៤០​ម៉ែត្រ​និង​ទទឹង​៤​ម៉ែត្រ​គឺជា​ស្ពាន​ដែលមាន​សភាព​ចាស់​ទ្រុឌទ្រោម​ណាស់​ទៅហើយ​មិនអាច​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​បាន​ទៀត​ទេ​ព្រោះ​អាច​កើតមាន​គ្រោះថ្នាក់​ជាយថាហេតុ​”​។​

ជាមួយគ្នានេះដែរ លោក សំ លាង​ទ្រី​ក៏បាន​បញ្ជាក់​រថា​”​បន្ទាប់ពី​ស្ពានដែក​នេះ​រុះ​រើចេញ​ហើយ​យើង​នឹង​សាងសង់​ស្ពាន​ថ្មី​ធ្វើ​អំពី​បេតុង​ដែលមាន​ប្រវែង​៤០​ម៉ែត្រ និង​ទទឹង​រហូត​១០​ម៉ែត្រ​”​។​

​លោក​លាង​ទ្រី​បន្តថា​នៅពេលនេះ​ក្រុមការងារ​បច្ចេកទេស​កំ​ពុង​ញាប់ដៃ​ញាប់ជើង​ធ្វើ​ផ្លូវ​វាង​បណ្តោះអាសន្ន​ជូន​បង​ប្អូ​ប្រជាពលរដ្ឋ​ធ្វើដំណើរ ដែល​សង្ឃឹមថា នៅ​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៩ ខាងមុខនេះ ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​បាន​ធម្មតា​។​ករណីនេះ​លោក​ក៏​សុំ​ការយោគយល់​អធ្យាស្រ័យ​ពី​សំណាក់​ប្រជាពលរដ្ឋ​ពិសេស​ពលរដ្ឋ​ដែល​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​នេះ​នៅ​ថ្ងៃស្អែក​៕S/​