អាជ្ញាធរខេត្ត​ព្រះវិហារ​ដកហូត​ដីព្រៃ​សម្បត្តិ​របស់​រដ្ឋ​៣៣៥​ហិកតា​ប្រគល់ជូន​ពលរដ្ឋ​អាស្រ័យ​ផល​

1379
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​គណៈកម្មាធិកា​រដោះ​ស្រាយ​ទំនាស់​ដីធ្លី​ខេត្តព្រះវិហារ​បាន​ដកហូត​ដីព្រៃ​ចំនួន​៣៣៥​ហិកតា​ដែលជា​សម្បត្តិ​រដ្ឋ និង​ប្រគល់ជូន​ពលរដ្ឋ​អាស្រ័យ​ផល​។​តាម​ដីកា​លេខ​១១៤ ដ​.​ក ចុះ​ថ្ងៃទី​១៨​ខែមីនា​ឆ្នាំ​១៩៩៦​របស់​រដ្ឋបាល​ខេត្តព្រះវិហា​រ​ស្ដីពី​ការដកហូត​ដី​កាប់ឆ្ការ​រុករាន​ខុសច្បាប់​ដោយ​បុគ្គល​ម្នាក់​។

​តាម​ដីកា​លេខ​៣០​ដ​.​ក​ចុះ​ថ្ងៃទី​២៣​ខែឧសភា​ឆ្នាំ​២០០៦​របស់​សាលាខេត្ត​ព្រះវិហារ​ស្តីពី​ការប្រកាស​បដិសេធ និង​ដកហូត​ដី​ព្រៃឈើ​គ្រប់​ប្រភេទ ដែល​ត្រូវបាន​រំលោភបំពាន​ច្បាប់​ក្នុងស្រុក​ត្បែងមានជ័យ មក​ទុកជា​សម្បត្តិ​រដ្ឋ​។​យោងតាម​កិច្ចប្រជុំ​នៅ​សាលាខេត្ត​ព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៩​កន្លងទៅ​រវាង​គណៈកម្មាធិកា​រ​គ្រប់គ្រង​ដី​រដ្ឋ​ក្នុង​ខេត្តព្រះវិហារ​ជាមួយ​តំណាង​ក្រសួង​រៀបចំ​ដែនដី និង​សំណង់​។​

​ផ្អែក​តាម​ស្មារតី​នៃ​ដីកា​និង​កិច្ចប្រជុំ​ដូច​បាន​ចុះ​ខាងលើ​រដ្ឋបាល​ខេត្តព្រះវិហា​រ​និង​ធ្វើការ​ដកហូត​ដី​ទំហំ​៣៣៥​ហិកតា ស្ថិតនៅក្នុង​តំបន់​កូនភ្នំ ក្នុងភូមិ​សាស្ត្រ​ភូមិ​ភារកិច្ច សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ​មក​ទុកជា​សម្បត្តិ​រដ្ឋ​។​ចំពោះ​លិខិត​កាន់កាប់​ប្រើប្រាស់​ដីធ្លី​ឬ​លិខិតបញ្ជាក់​ការផ្ទេរកម្មសិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​ដែល​ចេញ​ដោយ​មេភូមិ​ភារកិច្ច​និង​ចៅសង្កាត់​ប៉ា​លហាល​កន្លងមក​ក្នុង​តំបន់​នេះ ត្រូវ​ចាត់ទុកជា​មោ​ឃៈ​។​

​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​និង​ជា​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត បាន​មានប្រសាសន៍ថា​ក្នុង​រយៈពេល​មួយខែ​ក្រោយ​បន្ទាប់ពី​លិខិត​ខាងលើ​ត្រូវបាន​បិទ​ផ្សាយ​នេះ លោក​និង​ចាត់​មន្ត្រី​ជំនាញ​ឲ្យ​ចុះ​រៀបចំ​ចុះបញ្ជី​ដីធ្លី​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​កាន់កាប់​អាស្រ័យ​ផល​ជាក់ស្តែង​នៅក្នុង​តំបន់​នោះ​។​លោក​ក៏បាន​ផ្តាំផ្ញើ​ថា​សូម​កុំឱ្យ​ប្រជាពលរដ្ឋ​នាំគ្នា​កាប់​ទន្ទ្រាន​កន្លែង​ថ្មី​រឺ ពង្រីក​បន្ថែម ពីព្រោះ​ថ្នាក់​ខេត្ត​មាន​ទិន្នន័យ​រួច​អស់ហើយ​។​

​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​កំពុងកាន់​កាប់​និង​អាស្រ័យ​ផល​នៅ​លើដី​នោះបាន​សម្តែង​សេចក្តីត្រេកអរ​យ៉ាងខ្លាំង​និង​បាន​ថ្លែងអំណរគុណ​ដល់​លោក​អភិបាលខេត្ត​ដែល​តែងតែ​គិតគូរ​ចុះជួយ​ដោះស្រាយ​នូវ​រាល់​បញ្ហា និង​ទុក្ខលំបាក​របស់​ពួកគាត់​បាន​ទាន់ពេលវេលា​៕S/​