អាជ្ញាធរខេត្ត​ព្រះវិហារ​សុំឱ្យ​ពលរដ្ឋ​កុំ​យក​ចំណីផ្លូវ​ធ្វើ​អាជីវកម្ម​

786

(​ព្រះវិហារ​)៖​កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែមីនា​ឆ្នាំ​២០១៨​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​បា​ន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចុះ​ត្រួតពិនិត្យ​ស្ថានភាព​លក់ដូរ របស់​បងប្អូន​អាជីវករ នៅ​ផ្សារ​កំពង់​ប្រណាក ព្រមទាំង​បាន​បន្ត​ចុះ​ពិនិត្យ​ការសាងសង់ ផ្លូវ​មួយ​ខ្សែ​ជូន​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​ឡឥដ្ឋ សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ​។​

​លោក អ៊ុន ចាន់​ដា បាន​ថ្លែងថា ការចុះ​ពិនិត្យមើល​ការលក់ដូរ និង​សំណេះសំណាល ជាមួយ​បងប្អូន​អាជីវករ ក្នុង​ផ្សារ​កំពង់​ប្រណាក ក្នុង​គោលបំណង​ពិនិត្យមើល ការសាងសង់​តូប ដែល​ឆេះ កាលពី​លើក​មុន និង​ស្ថានភាព​ការរៀបចំ​សណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ នៅក្នុង​ផ្សារ ដើម្បី​ឆ្លើយតប​នៅ​ការ ចង់បាន​របស់​បងប្អូន​អាជីវករ​។​

ជាមួយគ្នានេះ​ផងដែរ លោក​អភិបាលខេត្ត ក៏បាន​ណែនាំ​ដល់​គណៈកម្មាការ ផ្សារ​ត្រូវ​រៀបចំ ជួសជុល​ដំបូល​ផ្សារ ដែល​ធ្លុះធ្លាយ​ឲ្យ​បាន​ជិត​ឡើងវិញ ដើម្បី​កុំ​ឲ្យ​ខូចខាត​ទំនិញ បងប្អូន​អាជីវ​រក ព្រោះ​រដូវវស្សារ​ជិត​ចូលមក​ដល់​ហើយ​។​

លោក​បាន​បន្ដទៀតថា ដូច្នេះ​បងប្អូន​អាជីវករ ត្រូវ​ចូលរួម​សហការ ជាមួយ​គណៈកម្មាការ​ផ្សារ ដើម្បី​ថែរក្សា​ទ្រព្យ​របស់​យើង ពិសេស​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ មុន​និង​បិទតូប​ឈប់​លក់ដូរ ត្រូវ​បិទ​ប៉ា​រ៉ែត​ភ្លើង ឲ្យ​បាន​ត្រឹមត្រូវ ជៀសវាង​កុំ​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ កើតឡើង​ម្តងទៀត​។​

ទន្ទឹមនឹងនេះ​ផងដែរ លោក អ៊ុន ចាន់​ដា បានធ្វើ​ការណែនាំ​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ក្រុង​ព្រះវិហារ ត្រូវ​ចុះ​អប់រំ​ណែនាំ បងប្អូន​ប្រជាពលរដ្ឋ ដែល​លក់ដូរ​តាម​ផ្ទះ ធ្វើយ៉ាងណា​ឲ្យ​ពួកគាត់ ដាក់តាំង​លក់ទំនិញ​ផ្សេងៗ ឲ្យ​មាន​សណ្តាប់ធ្នាប់ ជៀសវាង​កុំ​យក​ចំណីផ្លូវ ធ្វើ​អាជីវកម្ម​ឲ្យ​សោះ ដែលជា​ហេតុ​នាំ​ឲ្យ​បាត់បង់​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​ជួសជុល​ផ្លូវ​មួយ​ខ្សែ​ឡើងវិញ នៅក្នុង​ក្រុង​ព្រះវិហារ​នេះ លោក អ៊ុន ចាន់​ដា បាន​ឲ្យ​ដឹងថា ផ្លូវ​នេះ គឺជា​ផ្លូវ​ចាស់ ដែល​គេ​បាន​បោះបង់ចោល​ជា​យូរ​មកហើយ​ដោយសារតែ​នៅ​រដូវវស្សា​ប្រជាពលរដ្ឋ​ពិបាកធ្វើ​ដំណើរ​ពេក​ទើប​ពួកគាត់​ស្នើសុំ​ឲ្យ​លោក​ធ្វើការ​ជួសជុល​ឡើងវិញ​។​

ដោយ​ពិនិត្យឃើញ​ស្ថានភាព​លំបាក​ក្នុងការ​ធ្វើដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​លោក​ក៏​សម្រេចចិត្ត​កសាង​ផ្លូវ​នេះ​ឡើងវិញ​ដែលមាន​ទទឹង​១៥​ម៉ែត្រ​និង​បណ្តោយ​៥០០​ម៉ែត្រ​ហើយក៏​មាន​គំរោង​និង​ជួសជុល​ផ្លូវ​ក្នុង​ក្រុង​ព្រះវិហារ​ជាច្រើន​ខ្សែ​ទៀតផង​ដែរ​៕S/​ដោយ​៖​សៅ​វ៉ាន់ឌី​

​អាជ្ញាធរខេត្ត​ព្រះវិហារ​សុំឱ្យ​ពលរដ្ឋ​កុំ​យក​ចំណីផ្លូវ​ធ្វើ​អាជីវកម្ម​