​ក្រសួង​ធនធានទឹកៈ ​ព្យុះ​ទី​១១​មិនមាន​ឥទ្ធិពល​ខ្លាំង​ដល់​កម្ពុជា​

233
ចែករម្លែក

ដោយ:​ប​.​ខុន​/ភ្នំពេញ ៖ ​ព្រម​ពេល​ជាមួយនឹង​ប្រព័ន្ធ​សម្ពាធ​ទាប​កើតមានឡើង នៅ​តំបន់ អាង​ទន្លេមេគង្គ​លើ​ដែល​គេ​រំពឹងថា​នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​ទីនោះ នឹងនាំឱ្យ ទឹក ទន្លេ​ដែល​កំពុង​ស្ថិតនៅ​ដល់​បាត​ហក់​ឡើង​បន្តិច ស្រាប់តែ​មានកូន​ព្យុះ​ទី ១១ ឈ្មោះ​បៃ​លូ កបាន​កើតឡើង តែ​គ្មាន​ឥទ្ធិពល​ខ្លាំងដល់កម្ពុជា​ទេ។ ទោះជា​យ៉ាងណា អាជ្ញាធរខេត្ត​ព្រះសីហនុ ដែល​ធ្លាប់​រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ​ពីជំនន់​ទឹកភ្លៀងកាលពី​ដើមខែ​នេះ បានធ្វើការ​ប្រកាស​ភ្លាមៗ​ដល់​គ្រប់​អង្គភាព​ពាក់ព័ន្ធ​នៅ ក្នុងខេត្ត​ឲ្យ​យកចិត្ត​ទុក​ដាក់ ដោយ​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​ទូលំទូលាយ និងតាមដាន​ចំពោះ​បញ្ហា​អាកាសធាតុ​នេះ​។​

ក្រសួង​ធនធានទឹក​និង​ឧតុនិយម​នៅ​ថ្ងៃទី​២២​ ខែសីហា ​ឆ្នាំ​២០១៩​បាន ជូនដំណឹង​តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​ថា ស្ថានភាព​អាកាសធាតុ​នៅក្នុង ពេលនេះ មាន​ប្រព័ន្ធ​សម្ពាធ​ទាប​មួយ​បាន​នឹង​កំពុង​អូស​កាត់​លើ​ប្រទេស​ថៃ ឡាវ រហូតដល់​ប្រទេស​វៀតណាម​។ ព្រម​ពេល​ជាមួយគ្នានេះ​នៅ ក្នុង​មហាសមុទ្រ ខាង កើត​ប្រទេស​ហ្វីលីពីន មានកូន​ព្យុះ​ទី​១១​បាន​កើតឡើង​ឈ្មោះ បៃ​លូ (BAILU ) តែមិនមាន​ឥទ្ធិពល​ខ្លាំង (​ផ្ទាល់​)​មកលើ​ប្រទេស​កម្ពុជា​យើង​ទេ​។ ព្យុះ​នេះ​មានដំណើរឆ្ពោះទៅរក​កោះ​តៃវ៉ាន់​ មុននឹង​បន្តទៅ​ដល់​ដីគោក​ភាគ​អ​គ្នេ​យ៍​នៃ​ប្រទេស​ចិន​។​

សេចក្តីជូនដំណឹង​បាន​សរសេរ​ទៀតថា​ ស្ថានភាព​អាកាសធាតុ​ដូចខាងលើ​នេះ​ធ្វើ​ឱ្យនៅ​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី២២ ​ដល់​ថ្ងៃទី​២៤​ ខែសីហា មាន​ភ្លៀង​ធ្លាក់រាយប៉ាយ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​នៅ ស្ទើរ​ទូទាំងប្រទេស​។​

ចាប់ពី​ថ្ងៃទី​២៥​ ដល់​ថ្ងៃទី​២៨ ​ខែសីហា បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ ដូចជា​ខេត្តកោះកុង​ និង​ខេត្ត​ព្រះសីហនុ អាច​នឹងមាន ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​បង្គួរទៅច្រើន​។ នៅលើ​ផ្ទៃសមុទ្រ​មាន​ខ្យល់​បក់បោក​ខ្លាំង​ និង​រលក​សមុទ្រ​ខ្ពស់ៗ​។​

បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​ចាប់ពី​ភាគ​កណ្តាល​(​កំពង់ធំ​)​ឡើងទៅ​ខាងជើង​នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន។ ឯ​បណ្តា​ខេត្ត​ភាគខាងត្បូង នឹង​អាចមាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​បង្គួរ​។​

លោក ​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ក្រោយពី​ទទួលបាន​សេចក្តី​ជូន ដំណឹង​ខាងលើ​នៅ​ព្រឹក​ថ្ងៃទី​២២​ខែសីហា​ឆ្នាំ​២០១៩ បានធ្វើ​ការណែនាំ​ដល់​អង្គភាព​ពាក់​ដែល​ទទួលខុសត្រូវ​នៅតាម​ឆ្នេរ ជាពិសេស​កងកម្លាំង សូម​បង្កើន​ការយក​ចិត​ទុកដាក់​ខ្ពស់​ចំពោះ​បញ្ហា​អាកាសធាតុ​នេះ ដោយ​ធ្វើការ​ផ្សព្វផ្សាយ​ជូនដំណឹ​ង​ឱ្យបានទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ ជាពិសេស​ប្រជា​នេសាទ​សមុទ្រ និងអ្នកដំណើរតាម​សមុទ្រឲ្យ​មានការ​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់ ដែល​កើតមានឡើង​ជាយថាហេតុ​។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​កាលពី​ថ្ងៃទី​២១ ​ខែសីហាបានជូនដំណឹង​ថា កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​២០ ​ខែសីហា ​ឆ្នាំ២០១៩ មាន​ប្រព័ន្ធសម្ពាធ​ទាប​(ITCZ)​មួយ​បាន​កើតឡើង​និង​កំពុង​អូស​កាត់​លើ​អាងទន្លេមេគង្គចាប់ពី​ប្រទេស​វៀតណាម​ដល់​ប្រទេស​មី​យ៉ាន់​ម៉ា។

ប្រព័ន្ធ​សម្ពាធ​ទាបនេះ ក៏មាន​ឥទ្ធិពល​ផងដែរ​ទៅលើ​ប្រទេស​ឡាវ ថៃ​ និង​ប្រទេស​កម្ពុជា ពិសេស​តំបន់ខ្ពង់រាបភាគឦសាន តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​នៃ​ទន្លេសេកុងសេ​សាន​និង​ទន្លេ​ស្រែពក ដោយបង្កឲ្យ​មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង​ចាប់ពី​ថ្ងៃទី២១ ​ខែសីហា ឆ្នាំ២០១៩​នេះ​តទៅ​។​

​សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា ដោយ​លោក​លឹម គានហោ រដ្ឋមន្ត្រី ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បានសរសេរថា ការធ្លាក់​ភ្លៀង​ខាងលើ​នឹង ធ្វើ ឱ្យ ទឹកទន្លេ​មេគង្គ​កើន​ឡើងជា​បន្តបន្ទាប់ ដែល​ក្នុងនេះ​មាន​ស្ថានីយ​ជល​សាស្ត្រ​ស្ទឹង ត្រែង​ទឹក​អាច​ឡើងដល់​កម្ពស់​៨.៥០​ម៉ែត្រ តែ​នៅ​ទាប​ជាងកម្រិត​កម្ពស់​ត្រូវប្រុងប្រយ័ត្ន (​កម្ពស់​ប្រុងប្រយ័ត្ន ១០,៧០ ម៉ែត្រ​)។​

​នៅ​ស្ថានីយ​ជល​សាស្ត្រ​ក្រចេះ ទឹក​អាច​ឡើងដល់​កម្ពស់​១៨.៥០​ម៉ែត្រ នៅទាប​ជាង​កម្រិត​កម្ពស់​ប្រុងប្រយ័ត្ន (​កម្ពស់​ប្រុងប្រយ័ត្ន​២២.០០ ម៉ែត្រ​)​។​

នៅ​ស្ថានីយ​ជល​សាស្ត្រ​កំពង់ចាម ទឹក​អាច​ឡើងដល់​កម្ពស់​១០.០០​ម៉ែត្រ នៅ​ទាប​ជាង​កម្រិត​កម្ពស់​ប្រុងប្រយ័ត្ន (​កម្ពស់​ប្រុងប្រយ័ត្ន​១៥.២០​ម៉ែត្រ​)។ នៅទន្លេមេគង្គ​ក្រោម ទន្លេសាប​និង​ទន្លេបាសាក់​ទឹក​បន្ត​ឡើងជា​បន្តបន្ទាប់​។​

ក្នុង​សេចក្តីជូនដំណឹងបាន​បញ្ជាក់ថា ស្ថានភាព​ទឹកទន្លេ​ឡើង​ក្នុង​ពេលនេះ អាច​ចាត់ជា​ការ​ហក់​ឡើងដល់​កម្រិត​អតិបរមា​លើក​ទី​១​។ ជាទូទៅ​ទឹកទន្លេ​មេគង្គ តែងតែហក់​ឡើង​២​ដង​ក្នុង​មួយឆ្នាំៗ​ដែល​ហៅថា អតិបរមា​លើក​ទី​១​និង​អតិ​បរ​មាលើកទី​២​។​

សេចក្តីជូនដំណឹង​បាន​ក្រើនរំលឹក​ដល់​ក្រសួង​-​ស្ថាប័ន អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ ពិសេស​​បងប្អូន​ប្រជាកសិករ ដែល​ប្រកប​របរ​កសិកម្ម នៅ​អម​សងខាងទន្លេ ទាំងអស់ រួសរាន់​ក្នុងការ​ប្រមូល​កសិផល ​និង​សូម​បង្កើន​ការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន​ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ ដែល​អាច​នឹង​កើតមានឡើង​ជាយ​ថាហេតុ​៕​B/សរន