អាជ្ញាធរខេត្ត​ស្ទឹងត្រែង​រៀបចំ​ការប្រឡង​ជ្រើសរើស​បញ្ចូល​ក្របខណ្ឌ​អនុរក្ស​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​

906
ចែករម្លែក

​ដោយ​:​សុខុម / ស្ទឹងត្រែង​: នៅ​វិទ្យាល័យ​ព្រះរាជ​បូ​ជ្ជ​នី​យ​កិច្ច ខេត្តស្ទឹងត្រែង ព្រឹក​ថ្ងៃទី​១៨​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នេះ​មានការ​ប្រឡង ជ្រើសរើស​បញ្ចូល​ក្របខ័ណ្ឌ​អនុរក្ស​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ ដើម្បី​បម្រើការ​នៅ​ពន្ធនាគា​ខេត្តស្ទឹងត្រែង​។​

​ការប្រឡង​នេះ​បាន​ប្រព្រឹត្តទៅ​ដោយមាន​ការត្រួតពិនិត្យ​យ៉ាង​តឹងរឹង​ពី​អនុរក្ស និង​បើក​វិញ្ញាសារ​ដោយ លោក ញ៉ែម សារី ប្រធាន​មណ្ឌល​ប្រឡង និង​ជា​អភិបាលរង​នៃ គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង​។ លោក ប៉ែន ចិន​យុ​ទ្ធា នាយក​ទីចាត់ការ​ធនធានមនុស្ស នៃ​រដ្ឋា​បាល​សាលាខេត្ត​ស្ទឹងត្រែង ។​លោក​ឈី​ម ធី​ដា ប្រធាន​ពន្ធ​ធានា​គា​ខេត្ត គណៈមេប្រយោគ​ព្រមទាំង គណៈកម្មការ​ប្រឡង ជាច្រើនរូប​ចូលរួម​ផងដែរ ។​

​តាម​ការ​បញ្ចាក់​របស់​លោក ប៉ែន ចិន​យុ​ទ្ធា នាយក​ទីចាត់ការ​ធនធានមនុស្ស នៃ​រដ្ឋបាល​សាលាខេត្ត​ស្ទឹង​ត្រែ​បាន​ឲ្យ​ដឹងថា ការដាក់​ពាក្យ​ប្រឡង​បញ្ចូល​ក្របខណ្ឌ​អនុរក្ស​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ នៅ​ខេត្តស្ទឹងត្រែង មាន​ចំនួន​សរុប ៦៦​នាក់ ជាក់ស្តែង​វត្តមាន​បេក្ខជន​បាន​ចូលមក​ប្រឡង​មាន​ចំនួន ៦១ នាក់ អវត្តមាន​ចំនួន​០៥​នាក់ ហើយ​តាម​ការកំណត់​របស់​ក្រសួងមហាផ្ទៃ ជ្រើសរើស​អនុរក្ស​ពន្ធនាគារ ចំនួន ១៥​នាក់ ប៉ុណ្ណោះ​។ លោក​ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា បេក្ខជន​ដាក់​ពាក្យសុំ​ធ្វើការ​ប្រឡង ជា​សិស្ស និស្សិត​ក្នុង​ខេត្តស្ទឹងត្រែង និង​មាន​បន្ទប់​ប្រឡង​សរុប​ចំនួន​៣​បន្ទប់ ក្នុង​១​បន្ទប់​មាន​បេក្ខជន​២២​នាក់ ហើយ​វិញ្ញាសារ ប្រឡង ផ្តោតលើ​ប្រធានបទ ចំណេះដឹង​ទូទៅ គណិតវិទ្យា ការសរសេរ​អត្ថបទ ឬ​លិខិត​រដ្ឋបាល​។​

​លោក ញ៉ែម សារី អភិបាលរង​ខេត្ត ក៏បាន​ផ្តាំផ្ញើ​ដល់​ប្អូនៗ​ក្មួយៗ ដែលជា​បេក្ខជន​ទាំងអស់ ត្រូវខិតខំ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់ នៅក្នុងពេល​ប្រឡង ហើយ​ត្រូវ​បញ្ចេញ​ឲ្យ​អស់​នូវ​សមត្ថភាព​ពិត​របស់ខ្លួន យកចំណេះ​ដឹង​ដែល​បាន​សិក្សា​កន្លងមក​របស់​ប្អូនៗ ក្មួយៗ ព្រមទាំង​ត្រូវគោរព​ឲ្យ​បានល្អ​នូវ​បទបញ្ជា អង្គការ​វិន័យ​ក្នុងពេល​ប្រឡង និង ស្តាប់​នូវ​ការណែនាំ​របស់​គណៈមេប្រយោគ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។

​ការប្រឡង​ជ្រើសរើស​មន្ត្រី​ក្របខណ្ឌ​អនុរក្ស​ពន្ធនាគារ នៃ ក្រសួងមហាផ្ទៃ​នាពេលនេះ គឺជា​ការបំពេញ​នូវ​ក្របខ័ណ្ឌ​មន្ត្រី​អនុរក្ស​ពន្ធនាគារ របស់​ក្រសួងមហាផ្ទៃ ហើយក៏​ជា​ឱកាស​ដ៏​ប្រសើរ​សម្រាប់​ក្មួយៗ​។ បេក្ខជន​ទាំងអស់ ក្នុង​ការវាស់ស្ទង់​នូវ​គំនិត​យល់ដឹង ចំណេះដឹង ពី​សមត្ថភាព​របស់​ក្មួយៗ ដើម្បី​យកទៅ​បម្រើ​ការងារ នៅក្នុង​ក្របខ័ណ្ឌ​មន្ត្រី​អនុរក្ស​ពន្ធនាគារ នៃ​ក្រសួងមហាផ្ទៃ សម្រាប់​ទៅ​ថ្ងៃ​អនាគត​។ ចំពោះ​មន្ត្រី​អនុរក្ស​ទាំងអស់​ត្រូវធ្វើ​ការតាមដាន​រាល់​ការប្រឡង និង​មិនត្រូវ​បង្ហើប​ចម្លើយ​ដល់​បេក្ខជន​ណា​ម្នាក់​ឡើយ ដើម្បី​ឲ្យ​ការប្រឡង​ប្រកបដោយ​ប្រសិទ្ធិភាព និង​ជោគជ័យ​។​

​គួរ​បញ្ជាក់ថា តាម​ការកំណត់​របស់​ក្រសួងមហាផ្ទៃ បានធ្វើការ​ជ្រើសរើស​ម​ន្ត្រី​អនុរក្ស​ពន្ធនាគារ សម្រាប់​បម្រើការ​នៅ​ពន្ធនាគា​ខេត្តស្ទឹងត្រែង​ចំនួន​១៥​នាក់ ក្នុងនោះ​ក៏មាន​ក្របខណ្ឌ​ពេទ្យ​ផងដែរ ដោយឡែក​សម្រាប់​ក្របខណ្ឌ​ពេទ្យ​និង​ធ្វើការ​ប្រឡង​នៅ​មណ្ឌល​ប្រឡង ខេត្តក្រចេះ ក្នុងនោះ​មាន​បេក្ខជន​ពី​ខេត្តស្ទឹងត្រែង​ចំនួន​០៥​នាក់​ទៅ​ចូលរួម​ប្រឡង ដើម្បី​មក​បម្រើការ​នៅ​ពន្ធនាគា​ខេត្តស្ទឹងត្រែង​វិញ​៕ ល​